​យុវជនស្រី ចំរើន​​​ ​បន្ត​តាម​រំខាន លោក កឹម សុខា ដល់​ខេត្ត​សៀមរាប​

យុវជនស្រី ចំរើន និងបក្សពួក​ដែលតាមរំខាន មេដឹកនាំបក្សប្រឆាំង​ដល់ខេត្តសៀមរាម(រូបថត៖ បូ សាវី)

យុវជនស្រី ចំរើន ដែលគេដឹងថា មាននិន្នាការគាំទ្របក្សកាន់អំណាច បានបន្តតាមរំខានមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដល់ខេត្តសៀមរាម ពេលមេបក្សប្រឆាំងរូបនោះ ចុះពង្រឹកសកម្មជន រហូតមានការប៉ះទង្គិចគ្នាដោយពាក្យសម្តីជាថ្មីទៀត ជាមួយយុវជនមួយក្រុមទៀតដែលគាំទ្រគណបក្សសង្គ្រោះជាតិ។

ក្រោយពីមានខ្សែអាត់សំឡេងចោទថា មេបក្សប្រឆាំងលោក កឹម សុខា មានស្រីកំណាន់ ប៉ុន្មានថ្ងៃក្រោមក យុវជនស្រីចំរើន បានដឹកនាំយុវជនមួយក្រុម ដាក់ពាក្យបណ្តឹងទៅរដ្ឋសភា និងប្តឹងលោក កឹម សុខា ទៅអង្គភាពប្រឆាំងអំពើពុករលួយ ទាមទារឲ្យមេបក្សប្រឆាំងរូបនោះ ចេញមុខបកស្រាយ។

មិនតែប៉ុណ្ណោះ ស្រី ចំរើន បានចំណាយពេលច្រើនក្នុងការស្កាត់ជួបលោក កឹម សុខា ស្ទើរគ្រប់កន្លែង ពេលមេបក្សប្រឆាំងរូបនោះចុះធ្វើវេទិការ ជួបសកម្មជននៅតាមខេត្តមួយចំនួន បើទោះបីជាមានការប្រឈមមុខពីយុវជនមួយក្រុមទៀតដែលគាំទ្របក្សប្រឆាំងក៏ដោយ។

នៅព្រឹកថ្ងៃសៅរ៍នេះ ក្រុមស្រី ចំរើន បានប៉ះទង្គិចដោយពាក្យសម្តីជាថ្មីទៀត ជាមួយក្រុមយុវជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ ខណៈក្រុមយុវជនស្រី ចំរើន បានស្រែកតាមឧបករណ៍បំពងសំឡេង មុខស្នាក់ការគណបក្សសង្គ្រោះជាតិនៅខេត្ត សៀមរាប រំខានដល់ការចុះពង្រឹកសកម្មជន របស់លោក កឹម សុខា។

តាមការអង្កេត មនុស្សមួយក្រុមប្រហែល១០នាក់ ដឹកនាំដោយឈ្មោះស្រី ចំរើន បានស្រែកតាមឧបករណ៍បំពងសំលេង ដោយចោទលោកកឹម សុខា ជា«មនុស្សកំសាក» និងទាមទារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនោះ បំភ្លឺខ្សែអាត់សំឡេង ដែលគេចោទថា មានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារាទី ហៅស្រី មុំ។

ក្រុមយុវជនទាំងនោះ រុញច្រានក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ខណៈដែលពួកគេចូលរាប់រយនាក់ ចូលរួមវេទិកាសាធារណៈរបស់គណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ដែលមានវត្តលោក កឹម សុខា នៅទីនោះ។

ទោះជាយ៉ាងការប៉ះទង្គិតនោះ មិនបណ្តាលឲ្យភាគីណាមួយរងរបួសទេ ដោយមានកិច្ចអន្តរាគមន៍ទាន់ពេលពីកម្លាំងសមត្ថកិច្ច។ ចំណែកការចុះជួបសកម្មជនរបស់លោក កឹម សុខា នៅខេត្តសៀមរាប នៅថ្ងៃនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក។

កន្លងទៅស្រី ចំរើន ធ្លាប់ចុះទៅរំខានវេទិការសាធរណៈដែលមានវត្តមានលោក កឹម សុខា នៅខេត្តពោធិ៍សាត់ ក្នុងរាជធានីភ្នំពេញ និងថ្ងៃទី៦ ខែឧសភាម្សិលមិញនៅខេត្ត កំពង់ធំ។ ការប៉ះទង្គិចគ្នានៅខេត្តកំពង់ធំបង្កឲ្យក្រុមអ្នកប្រឈមមុខដាក់គ្នារងរបួសស្រាល ពេលដែលយុវជនស្រី ចំរើន សម្រុកទៅរកលោក កឹម សុខា ពេលលោកចេញពីវាទិការ ដើរសំដៅរថយន្តពេលបិទបញ្ចប់កិច្ចសំណេះសំណាលជាមួយអ្នកគាំទ្រ ពេលនោះត្រូវបានកម្លាំងសមត្ថកិច្ចនិងក្រុមយុវជនគាំទ្របក្សប្រឆាំង ព្យាយាមរារាំង។

សម្រាប់អ្នកវិភាគគិតថា ការតាមប្រមញ្ញរបស់ស្រី ចំរើននេះ អាចនឹងទទួលបានជោគជ័យ ដូចការរៀបចំទុក បើយុវជនគណបក្សសង្គ្រោះខ្វះការអត់ធ្មត់ បង្កឲ្យមានហិង្សាធ្ងន់ធ្ងណាមួយ ដល់យុវជនដែលតាមរំខានលោក កឹម សុខា អ្នកវិភាគថា ពេលនោះសមត្ថកិច្ច អាចយកហេតុផលនេះ ចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ចោទថាមានបទល្មើសជាក់ស្តែង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ