​អ្នក​មាន​ជម្លោះ​ដីធ្លី​លុប​គម្រោងដើរ​ហែ​ក្បួន​ប្រឆាំង​ការឃុំ​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​ដោយ​ថា​មានការ​គំរាម

អ្នកមានជម្លោះដីធ្លីដែលអះអាងថា មានគ្នាប្រមាណ២ពាន់នាក់នោះ បានលុបចោលគម្រោងដើរហែងក្បួនប្រឆាំងនឹងការចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ខណៈសាលារាជធានីភ្នំពេញ ព្រមានចាត់វិធានការ។

តំណាងអ្នកតវ៉ាអ្នកស្រី គឹម សារ៉ាន់ ឲ្យវីអូឌី(VOD)ដឹងថា នៅថ្ងៃទី៧ ខែឧសាភានេះ ពួកគេប្រមាណ២០០០នាក់គ្រោងជួបជុំគ្នាដើរហែក្បួនយកញត្តិទៅដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញអង្គភាពនេះឈប់គំរាមកំហែងមន្ត្រីសង្គមស៊ីវិល និងឈប់អនុវត្តតួនាទីមានស្តង់ដារពីរ និងស្វែងរកការដោះលែងអ្នកទាំង៥នាក់ដែលកំពុងឃុំខ្លួន។

ប៉ុន្តែស្រី្តរូបនោះថា គម្រោងនោះ បានលុបចោលវិញ ដោយសារតែសាលារាជធានីភ្នំពេញ បានព្រមានចាត់វិធានការ បើពួកគេនៅតែបន្តដើរហែក្បូនដូចការគ្រោងទុក។

ម្យ៉ាងវិញទៀតស្ត្រីរូបនោះថា ការលុបចោលគម្រោងនេះ ដោយខ្លាចមានការប៉ះទង្គិតគ្នាដោយហិង្សា ជាមួយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណជា៥ពាន់នាក់ ដែលប្រកាសជួបជុំនៅទីលានធិតេយ្យ ដើម្បីហែក្បួនទៅអង្គភាពប្រឆាំងអំពើពុករលួយ គាំទ្រចំណាត់ការរបស់ស្ថាប័ននេះ ដែលចាត់វិធានការលើអតីតមន្ត្រីសង្គមស៊ីវិល។

អ្នកស្រី គឹម សារ៉ាន់ បញ្ជាក់ថា ៖”ពួកយើងលុបគម្រោងជួបជុំគ្នានៅថ្ងៃនេះ ពីព្រោះខ្ញុំគិតថាខ្លាចមានការល្អក់កករនៅតាមផ្លូវនរោត្តម ព្រោះអីយើងហែក្បួននៅលើផ្លូវតែមួយ ជាមួយគ្នា ក្នុងថ្ងៃជាមួយគ្នាទៀតអញ្ចឹងខ្លាចមានរឿងអីកើតឡើងដែលយើងមើលមិនឃើញ”។

កន្លងទៅអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួន មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី និងមន្ត្រី គ.ជ.ប មួយរូបគឺលោក នី ចរិយា ក្រោយមកតុលាការបានចោទប្រកាន់អ្នកទាំង៥នាក់នោះពីបទសូកប៉ាន់សាក្សី និងសម គំនិត ឲ្យខុម ចាន់តារ៉ាទី ផ្តល់ចម្លើយមិនពិត ប្រាប់តុលាការពីទំនាក់ទំនងនាង និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

ប៉ុន្តែការឃាត់ខ្លួន និងការចោទប្រកាន់នេះ ត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ថា ជាចេតនានយោបាយ ជំរុញឲ្យស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ស្ថិតក្នុងចំនុចគ្រោះថ្នាក់ និងអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនោះឲ្យមានសេរីភាពវិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ