មន្រ្តីបក្សប្រឆាំងពីរនាក់ទៀតត្រូវបានឃាត់ខ្លួន ខណៈប្រមូលស្នាមមេដៃសុំដោះលែងអ្នកជាប់ឃុំ

មន្រ្តីគណបក្សប្រឆាំងពីរនាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងផ្សេងគ្នា ខណៈពួកគេដើរប្រមូលស្នាមមេដៃសុំដោះលែងមន្រ្តីសិទ្ធិមនុស្សនិងអ្នកនយោបាយដែលត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួន។

សមាជិកក្រុមប្រឹក្សាម្នាក់មកពីគណបក្ស សម រង្ស៊ី អ្នកស្រី ហែម ហាង ដែលត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួននៅព្រឹកនេះប្រាប់វីអូឌីក្រោយពីការដោះលែងថា អាជ្ញាធរបានឲ្យអ្នកស្រីផ្តិតមេដៃបញ្ឈប់ធ្វើសកម្មភាពប្រមូលស្នាមមេដៃ។ អ្នកស្រីបញ្ជាក់ថាអ្នកស្រីបានផ្តិតមេដៃតាមការចង់បានរបស់សមត្ថកិច្ចទេ ដោយអ្នកស្រីថាគាត់នឹងនៅតែបន្តប្រមូលស្នាមដៃ។

អ្នកស្រីចាត់ទុកការឃាត់ខ្លួននេះជាការរំលោភសិទ្ធិប្រជាពលរដ្ឋដោយថាអ្នកស្រីគ្រាន់តែប្រមូលស្នាមមេដៃនៅហាងកាហ្វេមួយដែលជាផ្ទះរបស់សកម្មជនគណបក្សសង្រ្គោះជាតិក្នុងសង្កាត់វាលវង់។ អ្នកស្រីបញ្ជាក់ថាអ្នកផ្តិតមេដៃជាអ្នកស្ម័គ្រចិត្តដែលហៅអ្នកស្រីមកយកស្នាមដៃ។

ដោយឡែកកាលពីល្ងាចម្សិលមិញក៏មានការឃាត់ខ្លួនរយៈខ្លីទៅលើសកម្មជនគណបក្សប្រឆាំងដែលដើរប្រមូលស្នាមក្នុងខេត្តសៀមរាប ក្នុងគោលបំណងដូចគ្នាគឺស្នើសុំព្រះមហាក្សត្រអន្តរាគមន៍បញ្ហានយោបាយបច្ចុប្បន្ន។

សកម្មជនគណបក្សសង្រ្គោះជាតិ លោក វួន វ៉យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានឲ្យដឹងថា មន្រ្តីប៉ុស្ដិ៍រដ្ឋបាលឃុំចាន់ស បានដកហូតយកឯកសារស្នាមមេដៃពលរដ្ឋដែលប្រមូលបានប្រមាណ៣០នាក់យកទៅរក្សាទុក និងគម្រាមឲ្យបញ្ឈប់ការប្រមូលស្នាមមេដៃបន្ដទៀត។ ប៉ុន្តែលោកបន្ដថា ការប្រមូលស្នាមមេដៃពលរដ្ឋនេះមិនមែនជារឿងខុសច្បាប់នោះទេ។ លោកបន្ដថា៖ “យើងធ្វើនេះធ្វើត្រឹមត្រូវទេតែគេមិនចង់ឲ្យយើងធ្វើល្អ គេចេះតែរករឿងយើងមិនឲ្យធ្វើអីទាំងអស់

គណបក្សសង្រ្គោះជាតិបានឲ្យសមាជិករបស់ខ្លួននៅតាមខេត្តនិងរាជធានីប្រមូលស្នាមមេដៃឲ្យបានជាង២០ម៉ឺននាក់ដាក់ថ្វាយព្រះមហាក្សត្រសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា តំណាងរាស្ត្រ២រូបគឺលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ព្រមទាំងដោះលែង លោក មាជ សុវណ្ណរ៉ា និងសកម្មជនគណបក្សប្រឆាំងជាង១០រូបទៀត។

ប៉ុន្តែសមត្ថកិច្ចតែងតែឃាត់ខ្លួនអ្នកប្រមូលស្នាមមេដៃទាំងនោះជាបន្តបន្ទាប់រួមមាននៅខេត្តកំពតពីរករណី នៅខេត្តតាកែវមួយករណី នៅខេត្តកំពង់ធំមួយករណី នៅខេត្តសៀមរាបមួយករណី និងនៅភ្នំពេញជាករណីថ្មីចុងក្រោយនៅថ្ងៃនេះ៕ រាយការណ៍បន្ថែមដោយ លោក បូ សាវី

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ