រដ្ឋសភាបញ្ជាក់ជាថ្មីថា​មិនអាច​ការពារ​អភ័យឯកសិទ្ធិតំណាងរាស្រ្ត​បក្ស​ប្រឆាំង

កិច្ច​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​កាល​ពីកន្លងទៅ

រដ្ឋសភាបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ឡើងវិញថាខ្លួនមិនអាចការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដោយថាពួកគេបានប្រព្រឹត្តបទល្មើសជាក់ស្តែង។

គណបក្សសង្រ្គោះជាតិបានដាក់ញត្តិរបស់តំណាងរាស្រ្តទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីចុងខែឧសភា ដោយស្នើសុំឲ្យចាត់វិធានការបន្ទាន់ការពារអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី លោក អ៊ុំ សំអាន លោក កឹម សុខា និងលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី។ នៅក្នុងញត្តិនោះ តំណាងរាស្រ្តបានលើកឡើងថាស្ថាប័នជាតិមួយចំនួនកំពុងធ្វើសកម្មភាពរំលោភលើអភ័យឯកសិទ្ធិរបស់សមាជិកសភានិងព្រឹទ្ធសភា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារនេះ រដ្ឋសភាបានបញ្ជាក់ជាការឆ្លើយតបថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានបដិសេធទាំងស្រុងនូវការលើកឡើងនេះ ដោយថាករណីទំាំងអស់នេះគឺជាការប្រព្រឹត្តរបស់បុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌជាក់ស្តែងដែលតុលាការបាននិងកំពុងដោះស្រាយស្រាយសំណុំរឿងនីមួយៗទៅតាមនីតិវិធីនិងច្បាប់ជាធរមាន។

រដ្ឋសភាបញ្ជាក់ថាករណី លោក សម រង្ស៊ី ជារឿងបុគ្គលដែលបានប្រព្រឹត្តបទបរិហារកេរ្តិ៍។ ករណីលោក អ៊ុំ សំអាន ជាការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង គឺបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម រឿងអត្ថាធិប្បាយថារដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។ ចំណែកករណី លោក កឹម សុខា រដ្ឋសភាថាជាការប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារលោកមិនបានចូលបំភ្លឺតាមការកោះហៅរបស់តុលាការក្នុងនាមជាសាក្សី។

រដ្ឋសភាបានបញ្ជាក់ថា៖ “សមាជិករដ្ឋសភាបានយល់ឃើញថាឯកឧត្តមទាំងពីររូប(លោក អ៊ុំ សំអាននិងលោក កឹម សុខា)សុទ្ធតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែងពិតមែន ដូច្នេះរដ្ឋសភាត្រូវតែអនុម័តឲ្យតុលាការបន្តនីតិវិធីជាបន្តទៀត”។ គណៈកម្មាធិការអចិន្រ្តៃយ៍បញ្ជាក់បន្ថែមថាជាង៤នីតិកាលកន្លងមកនេះ រដ្ឋសភាអនុវត្តការងាររបស់ខ្លួនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានិងច្បាប់ជាធរមាន។

ពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តនេះ គណបក្សសង្រ្គោះជាតិបានប្រមូលញត្តិប្រជាពលរដ្ឋជាង១៧ម៉ឺននាក់ដាក់ថ្វាយព្រះមហាក្សត្រដើម្បីសុំព្រះរាជអន្តរាគមន៍។ បក្សប្រឆាំងបានចាត់ទុករដ្ឋសភាបច្ចុប្បន្នជាសភារបស់បក្ស។

គួរបញ្ជាក់ថាមាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងមតិយោបលឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះណាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មមទណ្ឌជាក់ស្តែង។

ក្នុងករណីខាងក្រោមនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ មាត្រនោះចែងទៀតថាសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ