លោក កឹម សុខា ចេញមុខថ្លែងសារ ក្រោយពីលោកសម្ងំលាក់ខ្លួន​នៅទីស្នាក់ការបក្ស​

លោក កឹម សុខា ប្រធានស្តីទីគណ​បក្ស​សង្រ្គោះជាតិ ថ្លែង​សារ​ទៅកាន់អ្នកគាំទ្រ​នៅព្រឹកថ្ងៃ​អង្គារនេះ នៅទីស្នាក់ការ​របស់គណបក្ស​ក្នុង​សង្កាត់ចាក់អង្រែលើ​(រូបថតពីហ្វេសប៊ុក​របស់​លោក កឹម សុខា​)

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះ បានចេញមុខថ្លែងអំណរគុណដោយផ្ទាល់ចំពោះអ្នកគាំទ្រនិងអ្នកគាំទ្រគណបក្សដែលលោកថាបានចេញមុខខិតខំតស៊ូការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។

នៅក្នុងពិធីរាប់បាត្រដែលបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងប្រឈមនឹងការចាប់ខ្លួន បានសម្តែងការអរគុណដល់អ្នកគាំទ្រ ក៏ដូចជាសមាជិកគណបក្សទាំងអស់ដែលបានចូលរួមតស៊ូការពារយុត្តិធម៌និងអភ័យឯកសិទ្ធិតំណាងរាស្រ្ត។ លោកបានថ្លែងថា៖ «យកឱកាលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ដែលអស់រយៈពេលជាច្រើនថ្ងៃមកហើយបានធ្វើការសម្តែងនូវការតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីទាមទារនូវសិទ្ធិសេរីភាព នូវយុត្តិធម៌និងការពារនូវឆន្ទៈប្រជាពលរដ្ឋ ជាពិសេសទាមទារការពារនូវអភ័យឯកសិទ្ធិរបស់សភាតំណាងរាស្ត្រ”។

លោក កឹម សុខា បន្តថាការដោះស្រាយបញ្ហានយោបាយបច្ចុប្បន្នគឺត្រូវធ្វើឡើងដោយគោរពគោលការណ៍អហិង្សា តែលោកថាមិនមែនបោះបង់ការតស៊ូនោះទេ។ លោកបញ្ជាក់ថាប្រសិនបើមានឧបសគ្គកាន់តែធំ ប្រជាពលរដ្ឋនឹងបង្ហាញការលះបង់កាន់តែធំថែមទៀត។

កាលពីថ្ងៃទី២៦ខែឧសភា អាជ្ញាធរបានប៉ុនប៉ងចាប់ខ្លួន លោក កឹម សុខា តែមិនបានសម្រេច។ លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើរហូតមកដល់ពេលនេះ។ លោកត្រូវបានបង្គាប់ឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ បន្ទាប់ពីលោក បានបដិសេធចូលបំភ្លឺក្នុងនាមជាសាក្សី២ដងរួចមកហើយ។ ទោះជាយ៉ាងណា បក្សប្រឆាំងបញ្ជាក់ថាខ្លួននៅតែរក្សាជំហរមិនចូលខ្លួនទៅបំភ្លឺនៅក្នុងតុលាការដដែល ដោយលោកអះអាងថាដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់ គោរពរដ្ឋធម្មនុញ្ញនិងមិនធ្វើតាមបុគ្គលណាម្នាក់ចង់បាននោះឡើយ។

គួររំឮកផងដែរ លោក ហ៊ុនសែនបានថ្លែងកាលពីថ្ងៃចន្ទថាអង្គការចាត់តាំងនយោបាយឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន មិនគួរទុកឲ្យបុគ្គលមួយនាក់ឬពីរនាក់បំផ្លាញបក្សនយោបាយរបស់ខ្លួន តាមរយៈការការពារអំពើខុសច្បាប់របស់បុគ្គលនោះ។  លោកមានប្រសាសន៍ថា៖ “អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការនោះ ក៏ការពារមនុស្សខូចនោះទៅទៀត ដើម្បីប្រឈមនឹងផ្លូវច្បាប់ ប្រហែលជារឿងនេះគឺត្រូវគិតគូឲ្យបានច្បាស់”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ