កម្ពុជា​ទទួលបានការលើកលែងពន្ធលើការ​នាំចេញ​កាបូបគ្រប់ប្រភេទទៅអាមេរិក​

សកម្មភាពកម្មករកំពុងផលិតសម្ភារៈ (រូបភាពពី Wah Sun Hand-Bag Factory)

កាបូបគ្រប់ប្រភេទដែលផលិតនៅក្នុងប្រទេសកម្ពុជាហើយ ត្រូវនាំចេញទៅសហរដ្ឋអាមរិកក្នុងអត្រាពន្ធ៤,៥% ទៅ២០%នាពេលកន្លងមក នឹងត្រូវទទួលបានការលើកលែងពន្ធទាំងស្រុងចាប់ពីថ្ងៃទី១ខែកក្កដានេះ។

កាលពីថ្ងៃទី៦ ខែកក្កដា ក្រសួងពាណិជ្ជកម្មនិងស្ថានទូតអាមរិកបានរៀបចំសន្និសីទសារព័ត៌មានស្តីពីការលើកលែងពន្ធចំពោះកាបូបដាក់សម្ភារៈធ្វើដំណើរដែលផលិតនៅកម្ពុជា បន្ទាប់ពីមានសេចក្តីសម្រេចលើកលែងពន្ធថ្មីរបស់រដ្ឋបាលលោកប្រធានាធិបតី អូបាម៉ា ដល់ប្រទេសកំពុងអភិវឌ្ឍន៍តិចតួច។

ក្នុងសន្និសីទកាសែត អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ថ្លែងថាការលើកលែងពន្ធនេះមានគោលដៅជួយកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសក្រីក្រ។ លោកបន្តថា កាបូបដាក់សម្ភារៈធ្វើដំណើរផលិតនៅកម្ពុជារួមមាន វាលី កាបូបយួរដៃ កាបូបស្ពាយក្រោយ កាបូបលុយ កាបូបដាក់ ទឹកអប់ និងកាបូបតូចៗផ្សេងៗទៀតនឹងទទួលបានការរួចពន្ធមកសូន្យភាគរយដែលការអន្តវត្តនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។

សន្និសីទសារព័ត៌មានស្តីពីការលើកលែងពន្ធចំពោះកាបូបដាក់សម្ភារៈធ្វើដំណើរដែលផលិតនៅកម្ពុជា
សន្និសីទសារព័ត៌មានស្តីពីការលើកលែងពន្ធចំពោះកាបូបដាក់សម្ភារៈធ្វើដំណើរដែលផលិតនៅកម្ពុជា

លោក William Heidt មានប្រសាសន៍ថា៖ «នេះជាការពង្រីកទីផ្សារធំបំផុតរបស់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអាមេរិកក្នុងរយៈពេល២០ឆ្នាំមកនេះ។ ដូច្នេះនេះជាការពង្រីកដែលមានសក្ដានុពលនិងបង្កើតការងារច្រើនបន្ថែមទៀតដល់ប្រជាជនកម្ពុជា»

លោក William Heidt បន្ថែមថាក្រោយទទួលការអនុគ្រោះពន្ធចូលទៅកាន់ទីផ្សារអាមេរិក កម្ពុជាគួរតែទទួល ខុសត្រូវក្នុងការរក្សាឲ្យបាននូវលក្ខខណ្ឌការងារ ការគោរពសិទ្ធិកម្មករ និងធានាពីហានិភ័យនិងការប៉ះពាល់ដល់កម្មករនិងរោងចក្រ។

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ក្នុងចំណោមប្រទេសដែលនាំចេញកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថ្មីដែលទើបចូលកាន់តំណែង លោក ប៉ាន សូរស័កិ្ត មានប្រសាសន៍ថា ការលើកលែងពន្ធនេះបានបង្កើតការងារដល់ប្រជាជនកម្ពុជានិងអាចទាក់ទាញវិនិយោគិនបានកាន់តែច្រើន ដោយប្រព័ន្ធអនុគ្រោះពន្ធនេះនឹងបន្តរហូតកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។

លោកមានប្រសាសន៍ថា៖ ឥលូវយើងបង់ពន្ធសូន្យ យើងអាចមានភាពប្រកួតប្រជែងខ្ពស់ទៅទៀត ហើយបើប្រៀបធៀបទៅអាចបម្រើពលករយើងបានជាង១សែននាក់ក្នុងឧស្សាហកម្មនេះ ពីឥលូវ បើមានឧស្សាហកម្មហើយ ហើយទៅ២ឆ្នាំទៀតអាចឡើងទៅដល់១សែននាក់ ហើយអាចចិញ្ចឹមមនុស្សបានជាងកន្លះលាននាក់

អាមេរិកជាគោលដៅនាំចេញធំបំផុតរបស់កម្ពុជាហើយទំនិញដែលកម្ពុជានាំចេញទៅអាមេរិកច្រើនជាងគេគឺផលិតផលសម្លៀកបំពាក់និងស្បែកជើងព្រមទាំងផលិតផលកសិកម្មជាដើម។ កម្ពុជាបាននាំចូលផលិតផលមួយចំនួនពីអាមេរិកដូចជារថយន្ត ម៉ាស៊ីន ថ្នាំពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រជាដើម។

យោងតាមទិន្នន័យពី សេនធ្លើ ដ្រេត អិលអិលស៊ី (Sandler Trade LLC) កាលពីឆ្នាំ២០១៥ កម្ពុជាឈរលើលេខរៀងទី១៤ ក្នុងចំណោម២៥ប្រទេសនៅលើពិភពលោកដែលបាននាំចេញកាបូបសម្រាប់ដាក់សម្ភារៈធ្វើដំណើរទៅកាន់អាមេរិកមានទឹកប្រាក់ចំនួនជិត៥០លានដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ