របាយការណ៍ទម្លាយ​ពី​ជំនួញរកស៊ី​របស់ក្រុមគ្រួសារត្រកូលហ៊ុន

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 1:27 PM | វិនិយោគអំពើពុករលួយ | 0 | 50325 រូបភាពដកស្រង់ចេញពីរបាយការណ៍Hostile Takeover

របាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Witness)បង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុន របស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅ ដល់២០០លានដុល្លារអាមេរិក។

នៅថ្ងៃព្រហស្បតិ៍នេះ អង្គការ Global Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានចេញផ្សាយរបាយការណ៍មួយដែលមានឈ្មោះថា Hostile Takeover ដែលរបាយការណ៍នេះត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។ របាយការណ៍ដែលចំណាយពេលស្រាវជ្រាវប្រមាណ១ឆ្នាំ បញ្ជាក់ថា៖ “ដោយប្រើទិន្នន័យកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាននោះ អង្គការ Global Witness បានបង្ហាញថាតើសមាជិកគ្រួសារត្រកូល ហ៊ុន សែន កាន់កាប់ពេញលេញឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក”។ របាយការណ៍បន្ថែមថាក្រុមហ៊ុនទាំងនេះត្រួតត្រាវិស័យសំខាន់ភាគច្រើននៃសេដ្ឋកិច្ចដោយមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនម៉ាកល្បីៗលំដាប់អន្តរជាតិដូចជា Apple, Nokia, Visa, Unilever, Procter & Gamble, Nestle, Durex, និង Honda ជាដើម។

បើតាមរបាយការណ៍ ក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាងតិចចំនួន១១៤ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែ និងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។

របាយការណ៍បញ្ជាក់ថា៖ “នេះគ្រាន់តែជាផ្នែកមួយនៃចំនួនទឹកប្រាក់ពិតប្រាកដនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគេត្រូវបានគេជឿជាក់ថាទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីអ្នកដែលឈរឈ្មោះជំនួសពួកគេនិងនៅក្នុងក្រុមហ៊ុនដែលមានតែឈ្មោះ។ គ្រួសារត្រកូលហ៊ុនក៏រាប់បញ្ចូលទាំងសមាជិកដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក បាញ់បោះ បុកស្លាប់ហើយរត់ និងសកម្មភាពទន្រ្ទានយកដីដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅដ្ឋាននិងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា”។

លោក Patrick Alley សហស្ថាបនិកនៃអង្គការ Global Witness បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖ “គំហើញទាំងនេះបានបង្ហាញពីផលវិបាកនៃការប្រតិបត្តិគំរូនៃការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន។ គ្រួសាររបស់គាត់ត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហេតុដូចនេះពលរដ្ឋក្រុងភ្នំពេញហាក់ដូចជាមិនអាចជៀសផុតពីការរួចំណែករកលុយចូលហោប៉ាវរបស់អ្នកជិះជាន់ គាបសង្កត់របស់ពួកគេជាច្រើនដងក្នុងមួយថ្ងៃឡើយ។ ចំណែកឯវិនិយោគិនបរទេសអាចនិងពុំគួរចូលរួមគាំទ្ររបបដែលសម្លាប់ បំភិតបំភ័យ ឬឃុំខ្លួនអ្នករិះគន់របបនេះទេ”។

បើតាមរបាយការណ៍នេះ អង្គការ Global Witness មិនអាចរកឃើញករណីដែលមានសមាជិកក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន ណាមួយត្រូវបានកាត់ទោសឬទទួលពិន័យដោយសារតែបានប្រព្រឹត្តអំពើខុសច្បាប់របស់ពួកគេឡើយ។ អង្គការបានស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងតម្លាភាពចំពោះការចោទប្រកាន់ទាំងនេះ និងស្នើសម្តេច ហ៊ុន សែន និងសមាជិកគ្រួសារ ហ៊ុន សែន ប្រកាសទ្រព្យសម្បត្តិជាសាធារណៈឲ្យបានពេញលេញ ដោយរួមបញ្ចូលទាំងទំនាក់ទំនងនៅក្នុងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស មិនថាទំនាក់ទំនងនោះជាផ្លូវការឬក្រៅផ្លូវការនោះទេ។

បើតាមរបាយការណ៍នោះ អង្គការ Global Witness បានសរសេរលិខិតផ្ញើជូនសម្តេច ហ៊ុន សែន សមាជិកក្រុមគ្រួសារ២៦រូបនិង៤២រូបក្រុមហ៊ុនក្នុងចំណោមក្រុមហ៊ុនដែលពួកគេត្រូវមានទំនាក់ទំនងជាមួយ ដើម្បីផ្តល់ឱកាសសម្រាប់ការឆ្លើយតបនឹងការចោទប្រកាន់។ ទោះជាយ៉ាងណា ក្រុមហ៊ុនចំនួន៦បានឆ្លើយតបក៏ដូចជាលោក សុខ ពុទ្ធីវុធ ដែលជាកូនប្រសាររបស់លោក ហ៊ុន សែន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូឌីតាមទូរស័ព្ទកាលពីថ្ងៃពុធថាក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន មានសិទ្ធិប្រកបអាជីវកម្មដូចប្រជាពលរដ្ឋទូទៅដែរ និងលោកថាសមាជិកគ្រួសាររបស់សម្តេចហ៊ុន សែន ដែលធ្វើអាជីវកម្មក៏មិនបានជាប់ពាក់ព័ន្ធនឹងការងាររាជការដែរ។ លោកបានច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិមួយនេះនិងលោកថារបាយការណ៍នេះមានលក្ខណៈ “គុំគួន”ចំពោះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន។

លោកមានប្រសាសន៍ថា៖ ចង់ប្រមាណក៏ដោយ មូលហេតុអ្វីគេរករឿងតែសម្តេចម្លេះ ថៅកែផ្សេងៗទៀតរាប់ពាន់លានដុល្លារម៉េចមិនថាផង គេរកស៊ីស្របច្បាប់ហ្នឹង មានច្បាប់ពីណាមកហ៊ាមមិនឲ្យគេរកស៊ីស្របច្បាប់ បង់ពន្ធជូនរដ្ឋតាមធម្មតា។ សួរអា Global Witness ហ្នឹងមើល ច្បាប់ពីណាហាមមិនឲ្យគេរកស៊ី…របាយការណ៍ហ្នឹងប្រកកបដោយគំនុំគំគួនដោយបុគ្គល មិនមែនធ្វើឡើងដោយផ្អែកលើសច្ចធម៌ ការពិតជាក់ស្តែងនោះទេបាទ

កាលពីឆ្នាំ២០១១ សម្តេចហ៊ុន សែន ធ្លាប់ប្រកាសថាប្រាក់បៀវត្សរ៍របស់លោកមានចំនួន១១៥០ដុល្លារក្នុងមួយខែហើយលោកថានេះជាប្រភពចំណូលតែមួយគត់។

គួរបញ្ជាក់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ៕ រាយការណ៍បន្ថែមដោយ លោក ទូច សុខា

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required