កូនៗរបស់សម្តេច ហ៊ុន សែន ថា ​Global Witness ចង់បំផ្លាញឪពុក​របស់ពួកគេ

រូបថតជាមួយកូនៗ ដែល​​សម្តេច ហ៊ុន សែន បង្ហោះលើហ្វេសប៊ុកនៅរសៀលថ្ងៃ​ព្រហស្បតិ៍នេះ

បន្ទាប់ពីអង្គការការគ្លូបល វីតណេស(Global Witness)ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសបានចេញរបាយការណ៍ស្តីពីជំនួញធំៗរបស់ត្រកូលហ៊ុន សែន កូនរបស់សម្តេចនាយករដ្ឋមន្រ្តី៣នាក់បានចេញមុខឆ្លើយតបនឹងរបាយការណ៍នេះ។

សម្តេច ហ៊ុន សែន នៅរសៀលថ្ងៃព្រហស្បតិ៍នេះបានបង្ហោះរូបភាពថតជុំគ្នាជាមួយកូនរបស់លោកនិងសារដែលកូនពីរនាក់របស់លោក គឺលោកស្រី ហ៊ុន ម៉ាណានិងលោក ហ៊ុន ម៉ានិត បានបង្ហោះលើហ្វេសប៊ុក។ សម្តេចបានសរសេរថា៖ “ថ្ងៃនេះកូនប្រុសកូនស្រីរបស់ខ្ញុំបានបញ្ចេញសមត្ថភាពរបស់ពួកគេលើបញ្តាញសង្គមFacebookដែលខ្ញុំសូមយកខ្លឹមសារនេះផ្សាយបន្តតាមpageរបស់ខ្ញុំ”។

លោកស្រី ហ៊ុន ម៉ាណា ដែលត្រូវបានរបាយការណ៍ទម្លាយថាជាកូននាយករដ្ឋមន្រ្តីដែលមានជំនួញច្រើនជាងគេ បានសរសេរនៅលើហ្វេសប៊ុករបស់លោកស្រីនៅរសៀលនេះថា៖ “នាងខ្ញុំសូមអរគុណចំពោះGlobal Witness ដែលបានចំណាយពេលយ៉ាងច្រើនដើម្បីស្រាវជ្រាវពីក្រុមគ្រួសារត្រកូលហ៊ុន។ នាងខ្ញុំបានដឹងយ៉ាងច្បាស់ថាពួកអ្នកចង់បានអ្វីពីគ្រួសារយើងខ្ញុំ គឺឲ្យតែជិតដល់ពេលបោះឆ្នោតម្តងៗពួកអ្នកតែងតែធ្វើរឿងបែបនេះក្នុងគោលដៅបំផ្លាញឪពុករបស់នាងខ្ញុំ តែនាងខ្ញុំនិងគ្រួសារគួរតែអរគុណដល់អស់លោក លោកស្រីដែលបានជួយដល់ឪពុករបស់នាងខ្ញុំឲ្យឈ្នះឆ្នោតគ្រប់អាណត្តិ ព្រោះតែការភូតភរ ការប្រមាថរបស់លោកអ្នកធ្វើឲ្យអ្នកបោះឆ្នោតកាន់តែមានការទុកចិត្តនិងបោះឆ្នោតជូនឪពុកខ្ញុំថែមទៀត”។ លោកស្រីមិនបានបញ្ជាក់ថាតើការរកឃើញរបស់អង្គការGlobal Witnessត្រឹមត្រូវឬយ៉ាងណានោះទេ។

លោកស្រី ហ៊ុន ម៉ាណា ក៏បានប្រតិកម្មទៅនឹងកាសែតក្នុងស្រុកដែលបានចុះផ្សាយព័ត៌មានស្តីពីរបាយការណ៍នេះ។ លោកស្រីមានប្រសាសន៍ថា៖ “នាងខ្ញុំក៏សូមកោតសសើរផងដែរដល់ភ្នំពេញប៉ុស្តិ៍និងCambodia Daily ដែលបានចេញផ្សាយព័ត៌មាននេះក្នុងពេលនិងថ្ងៃតែមួយ ដែលបង្ហាញឲ្យឃើញថាមានកិច្ចសហការដ៏ល្អរវាងសារព័ត៌មានទាំងពីរជាមួយGlobal Witness ដើម្បីបំផ្លាញដល់កិត្តិយសគ្រួសារត្រកូលហ៊ុន សូមអស់លោក លោកស្រីបន្តកិច្ចការបែបនេះតទៅទៀតចុះប្រសិនគ្មានការងារធ្វើ”។

របាយការណ៍របស់Global Witnessឈ្មោះ”Hostile Takeover”ដែលបានចំណាយពេល១ឆ្នាំដើម្បីស្រាវជ្រាវ បានទម្លាយថាលោកស្រី ហ៊ុន ម៉ាណា មានផលប្រយោជន៍ពីក្រុមហ៊ុនចំនួន២២ជាមួយការបញ្ជីភាគហ៊ុនទុនទៅដល់ប្រមាណ៦៧លានដុល្លារអាមេរិក។ របាយការណ៍បន្ថែមថាទិន្នន័យនេះទំនងជាខ្ពស់ជាងនេះ ប្រសិនបើបូកទៅលើទុនរបស់ក្រុមហ៊ុន៥ទៀតដែលអង្គការថាមិនអាចស្វែងរកទិន្នន័យយកមកបញ្ជាក់បាន។

ក្រុមហ៊ុនមួយចំនួនដែលលោកស្រី ហ៊ុន ម៉ាណា គ្រប់គ្រង
ក្រុមហ៊ុនមួយចំនួនដែលលោកស្រី ហ៊ុន ម៉ាណា គ្រប់គ្រង(រូបថតពីរបាយការណ៍របស់អង្គការGlobal Witness)

របាយការណ៍ឲ្យដឹងទៀតថាក្នុងចំណោមក្រុមហ៊ុន២២ដែលលោកស្រី ហ៊ុន ម៉ាណា មានផលប្រយោជន៍ ក្រុមហ៊ុនចំនួន១៨ លោកស្រី ហ៊ុន ម៉ាណា ត្រូវបានចុះឈ្មោះជាប្រធានឬនាយក។ ជំនួញរបស់លោកស្រីមានទៅលើផ្នែកសំខាន់ៗរួមមានផ្នែកថាមពល សំណង់ ទេសចរណ៍ សេវាហិរញ្ញវត្ថុនិងល្បែងជាដើម។ បើតាមរបាយការណ៍ ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម លោកស្រីគ្រប់គ្រងMoon Media ផ្នែកទេសចរណ៍ សារមន្ទីរជាតិអង្គរ ផ្នែកអាកាសចរណ៍ មានក្រុមហ៊ុនHelistar, Star Aviation និងStar Airline។ ផ្នែកប្រព័ន្ធទូរស័ព្ទ លោកស្រីមានហ៊ុន៦ភាគរយទៅក្នុងក្រុមហ៊ុនViettel Cambodiaដែលគ្រប់គ្រងលើប្រព័ន្ធទូរស័ព្ទMetfone។ កាលពីឆ្នាំ២០១០ សម្តេចហ៊ុន សែន បានប្រកាសជាសាធារណៈឲ្យផ្នែកកងទ័ពប្រើប្រព័ន្ធទូរស័ព្ទMetfone។

លោកស្រី ហ៊ុន ម៉ាណា ក៏គ្រប់គ្រងលើក្រុមហ៊ុនJaya Holdingដែលជាក្រុមហ៊ុនផ្តោតលើសេវាថាមពល ផ្នែកសំណង់ លោកស្រីជាម្ចាស់បុរីអរគីដេវីឡា។ របាយការណ៍ក៏បានលើកឡើងពីជំនួញរបស់លោកស្រីលើប្រព័ន្ធផ្សព្វផ្សាយក្នុងនោះមានទូរទស្សន៍និងវិទ្យុបាយ័ន កាសែតកម្ពុជាថ្មីជាដើម។

ចំណែកកូនប្រុសរបស់សម្តេចនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បានច្រានចោលរបាយការណ៍របស់អង្គ ការGlobal Witness ដោយថារបាយការណ៍នេះ”ពោរពេញដោយកំហុសនិងព័ត៌មានមិនពិត”។

លោក ហ៊ុន ម៉ានិត ដែលបច្ចុប្បន្នមានមុខងារជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីរបាយការណ៍របស់អង្គការGlobal Witnessត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានថា៖ “នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំនិងកិច្ចសហការដ៏ល្អរវាង Global Witness, Cambodia DailyនិងPhnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដង ព័ត៌មាននេះពោរពេញទៅដោយកំហុសនិងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន…”។ លោក ហ៊ុន ម៉ានិត មិនបានបកស្រាយលើចំណុចនៃការរកឃើញរបស់របាយការណ៍នោះទេ។

ចំណែកលោក ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថានេះជាការវាយប្រហារដល់សម្តេចហ៊ុន សែន និងក្រុមគ្រួសាររបស់លោក មុនការបោះឆ្នោតមកដល់។ លោកបានសរសេរថា៖ “ខ្ញុំនៅចាំបានថាប៉ុន្មានអាណ្ណត្តិហើយ អោយតែពេលជិតបោះឆ្នោត គឺជាពេលវេលាដែលអង្គការមួយឈ្មោះ Global Witness បង្កើតរឿងប្លែកៗ ឬប្រធានបទដដែលៗ ដើម្បីចោទប្រកាន់និងវាយប្រហារមកលើរាជរដ្ឋាភិបាលជាពិសេសលើឪពុកខ្ញុំតែម្តង។ ហើយលើកនេះក៏មិនមានអ្វីថ្មីដែរ..គ្រាន់តែខុសត្រង់ថាតាមរយៈការផ្សាយរអត្ថបទតែមួយជួនគ្នា(បង្ហាញពីការសហការគ្នាដ៏ល្អក្នុងរឿងនេះ) រវាងPhnom Penh Post និង Cambodia Daily លើកនេះ គឺមិនត្រឹមវ៉ៃតែឪពុករបស់ខ្ញុំនោះទេ គឺគេបានបង្កើតរឿងវ៉ៃទាំងគ្រួសារតែម្តង ពោលគឺមិនអោយរួចខ្លួនម្នាក់ណាឡើយ ។ ចាំមើលចេញរឿងអ្វីទៀត”?

របាយការណ៍របស់អង្គការGlobal Witnessបានបង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុនរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។ របាយការណ៍បន្ថែមថាក្រុមហ៊ុនទាំងនេះត្រួតត្រាវិស័យសំខាន់ភាគច្រើននៃសេដ្ឋកិច្ចដោយមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនម៉ាកល្បីៗលំដាប់អន្តរជាតិដូចជាApple, Nokia, Visa, Unilever, Procter &Gamble, Nestle, DurexនិងHondaជាដើម។

ចំពោះករណីទាក់ទងនឹងលោក ហ៊ុន ម៉ានិត របាយការណ៍ឲ្យដឹងថាប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៤ ហើយក្នុងនោះយ៉ាងតិច១២ក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយអ្នកជំនួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយត្រកូលហ៊ុនឬគណបក្សប្រជាជនកម្ពុជា។ របាយការណ៍ទម្លាយថាភរិយារបស់លោក ហ៊ុន ម៉ានិត គឺអ្នកនាង ឌី ចិន្តាវី កូនស្រីរបស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ដែលស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រនិងម្តាយក្មេកឈ្មោះម៉ែន ភក្តី មានអាជ្ញាប័ណ្ណអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសD&Mនៅបាវិតខេត្តស្វាយរៀង តម្លៃប្រមាណ៥២លានដុល្លារអាមេរិក។

របាយការណ៍ឲ្យដឹងទៀតថាកូនប្រុសរបស់សម្តេចហ៊ុន សែន គឺលោក ហ៊ុន ម៉ានិតនិង អ្នកនាង ហ៊ុន ម៉ាណានិងអ្នកនាង ហ៊ុន ម៉ាលី មានចំណែកក្នុងការគ្រប់គ្រងក្រុមហ៊ុនCambodia Electricity Private ដើម្បីលក់អគ្គិសនីទៅឲ្យស្ថាប័នអគ្គិសនីកម្ពុជាដែលជាអ្នកផ្គត់ផ្គង់ភ្លើងរបស់រដ្ឋ។ របាយការណ៍បញ្ជាក់ថា៖ “ដោយសារជាសមាជិកនៃទាហាន ការដឹកនាំរបស់ហ៊ុន ម៉ានិតលើក្រុមហ៊ុននេះគឺខុសច្បាប់ បើតាមច្បាប់កម្ពុជា”។

របាយការណ៍របស់Global Witnessត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។ របាយការណ៍បញ្ជាក់ថា៖ “ដោយប្រើទិន្នន័យកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាននោះ អង្គការGlobal Witnessបានបង្ហាញថាតើសមាជិកគ្រួសារត្រកូលហ៊ុន សែន កាន់កាប់ពេញលេញឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក”។ បើតាមរបាយការណ៍ ក្រុមគ្រួសាររបស់សម្តេចហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាងតិចចំនួន១១៤ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។

របាយការណ៍បន្ថែមថា៖ “នេះគ្រាន់តែជាផ្នែកមួយនៃចំនួនទឹកប្រាក់ពិតប្រាកដនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគេត្រូវបានគេជឿជាក់ថាទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីអ្នកដែលឈរឈ្មោះជំនួសពួកគេនិងនៅក្នុងក្រុមហ៊ុនដែលមានតែឈ្មោះ។ គ្រួសារត្រកូលហ៊ុនក៏រាប់បញ្ចូលទាំងសមាជិកដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក បាញ់បោះ បុកស្លាប់ហើយរត់និងសកម្មភាពទន្រ្ទានយកដីដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅដ្ឋាននិងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា”

លោក Patrick Alley សហស្ថាបនិកនៃអង្គការGlobal Witness បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖ “គំហើញទាំងនេះបានបង្ហាញពីផលវិបាកនៃការប្រតិបត្តិគំរូនៃការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន។ គ្រួសាររបស់គាត់ត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហេតុដូចនេះពលរដ្ឋក្រុងភ្នំពេញហាក់ដូចជាមិនអាចជៀសផុតពីការរួចំណែករកលុយចូលហោប៉ាវរបស់អ្នកជិះជាន់ គាបសង្កត់របស់ពួកគេជាច្រើនដងក្នុងមួយថ្ងៃឡើយ។ ចំណែកឯវិនិយោគិនបរទេសអាចនិងពុំគួរចូលរួមគាំទ្ររបបដែលសម្លាប់ បំភិតបំភ័យ ឬឃុំខ្លួនអ្នករិះគន់របបនេះទេ”

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូឌីតាមទូរស័ព្ទកាលពីថ្ងៃពុធថាក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន មានសិទ្ធិប្រកបអាជីវកម្មដូចប្រជាពលរដ្ឋទូទៅដែរ និងលោកថាសមាជិកគ្រួសាររបស់សម្តេចហ៊ុន សែន ដែលធ្វើអាជីវកម្មក៏មិនបានជាប់ពាក់ព័ន្ធនឹងការងាររាជការដែរ។ លោកបានច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិមួយនេះនិងលោកថារបាយការណ៍នេះមានលក្ខណៈ “គុំគួន”ចំពោះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន។

លោកមានប្រសាសន៍ថា៖ “ចង់ប្រមាណក៏ដោយ មូលហេតុអ្វីគេរករឿងតែសម្តេចម្លេះ ថៅកែផ្សេងៗទៀតរាប់ពាន់លានដុល្លារម៉េចមិនថាផង គេរកស៊ីស្របច្បាប់ហ្នឹង មានច្បាប់ពីណាមកហ៊ាមមិនឲ្យគេរកស៊ីស្របច្បាប់ បង់ពន្ធជូនរដ្ឋតាមធម្មតា។ សួរអា Global Witness ហ្នឹងមើល ច្បាប់ពីណាហាមមិនឲ្យគេរកស៊ី…របាយការណ៍ហ្នឹងប្រកកបដោយគំនុំគំគួនដោយបុគ្គល មិនមែនធ្វើឡើងដោយផ្អែកលើសច្ចធម៌ ការពិតជាក់ស្តែងនោះទេបាទ”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ