កូនប្រុសសម្តេច ហ៊ុន សែន ច្រានចោល​របាយការណ៍របស់អង្គការ​Global Witnessដែលទម្លាយ​ពីការរកស៊ីរបស់ត្រកូលហ៊ុន

ដោយ កញ្ញា សាយ ទ្បាលីស​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 11:30 AM | ពាណិជ្ជកម្មវិនិយោគអំពើពុករលួយ | 0 | 12913 កូនប្រុសរបស់សម្តេច ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត(កណ្តាល)(រូបថតពីហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ានិត)

កូនប្រុសរបស់សម្តេចនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ានិត បានច្រានចោលរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Witness)ដែលនិយាយពីការរកស៊ីជំនួញធំៗរបស់ត្រកូលហ៊ុន ដោយថារបាយការណ៍នេះ”ពោរពេញដោយកំហុសនិងព័ត៌មានមិនពិត”។

លោក ហ៊ុន ម៉ានិត ដែលបច្ចុប្បន្នមានមុខងារជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីរបាយការណ៍របស់អង្គការGlobal Witnessត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានថា៖ “នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំនិងកិច្ចសហការដ៏ល្អរវាង Global Witness, Cambodia DailyនិងPhnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។ ដូចសព្វដង ព័ត៌មាននេះពោរពេញទៅដោយកំហុសនិងព័ត៌មានមិនពិត ក្នុងគោលបំណងតែមួយគត់គឺបង្អាប់និងបង្ខូចកិត្តិយសគ្រួសារត្រកូលហ៊ុន…”។ លោក ហ៊ុន ម៉ានិត មិនបានបកស្រាយលើចំណុចនៃការរកឃើញរបស់របាយការណ៍នោះទេ។

របាយការណ៍របស់អង្គការGlobal Witnessដែលមានមូលដ្ឋាននៅទីក្រុងឡុងត៍នៃប្រទេសអង់គ្លេសនិងត្រូវបានស្រាវជ្រាវអស់រយៈពេលជិត១ឆ្នាំ បានបង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុនរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក។ របាយការណ៍បន្ថែមថាក្រុមហ៊ុនទាំងនេះត្រួតត្រាវិស័យសំខាន់ភាគច្រើននៃសេដ្ឋកិច្ចដោយមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុនម៉ាកល្បីៗលំដាប់អន្តរជាតិដូចជាApple, Nokia, Visa, Unilever, Procter &Gamble, Nestle, DurexនិងHondaជាដើម។

ចំពោះករណីទាក់ទងនឹងលោក ហ៊ុន ម៉ានិត របាយការណ៍ឲ្យដឹងថាប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣៤ ហើយក្នុងនោះយ៉ាងតិច១២ក្រុមហ៊ុនត្រូវបានគ្រប់គ្រងដោយអ្នកជំនួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយត្រកូលហ៊ុនឬគណបក្សប្រជាជនកម្ពុជា។ របាយការណ៍ទម្លាយថាភរិយារបស់លោក ហ៊ុន ម៉ានិត គឺអ្នកនាង ឌី ចិន្តាវី កូនស្រីរបស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ដែលស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រនិងម្តាយក្មេកឈ្មោះម៉ែន ភក្តី មានអាជ្ញាប័ណ្ណអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសD&Mនៅបាវិតខេត្តស្វាយរៀង តម្លៃប្រមាណ៥២លានដុល្លារអាមេរិក។

របាយការណ៍ឲ្យដឹងទៀតថាកូនប្រុសរបស់សម្តេចហ៊ុន សែន គឺលោក ហ៊ុន ម៉ានិតនិង អ្នកនាង ហ៊ុន ម៉ាណានិងអ្នកនាង ហ៊ុន ម៉ាលី មានចំណែកក្នុងការគ្រប់គ្រងក្រុមហ៊ុនCambodia Electricity Private ដើម្បីលក់អគ្គិសនីទៅឲ្យស្ថាប័នអគ្គិសនីកម្ពុជាដែលជាអ្នកផ្គត់ផ្គង់ភ្លើងរបស់រដ្ឋ។ របាយការណ៍បញ្ជាក់ថា៖ “ដោយសារជាសមាជិកនៃទាហាន ការដឹកនាំរបស់ហ៊ុន ម៉ានិតលើក្រុមហ៊ុននេះគឺខុសច្បាប់ បើតាមច្បាប់កម្ពុជា”។

បើតាមរបាយការណ៍ យ៉ាងតិចសមាជិកត្រកូលហ៊ុន៤នាក់ រួមមានលោក ហ៊ុន ម៉ានិត លោក យឹម លាង ដែលកូនប្រុសរបស់លោក យឹម ឆៃលីនិងជាបងថ្លៃរបស់លោក ហ៊ុន ម៉ានី, លោក ឌី វិជ្ជា កូនប្រសាររបស់សម្តេច ហ៊ុន សែននិងលោក ហ៊ុន ជា ក្មួយរបស់សម្តេចហ៊ុន សែន បានកាន់តំណែងក្នុងស្ថាប័នរដ្ឋនិងមានជំនួញផ្សេងៗ ដែលតាមច្បាប់ត្រូវតែប្រកាសទ្រព្យ។

សារដែលលោក ហ៊ុន ម៉ានិត បង្ហោះលើហ្វេសប៊ុករបស់លោក
សារដែលលោក ហ៊ុន ម៉ានិត បង្ហោះលើហ្វេសប៊ុករបស់លោក

បច្ចុប្បន្ននេះ លោក ហ៊ុន ម៉ានិត អាយុ៣៥ឆ្នាំ ក៏ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ដ្រី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងជាអនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្មនិងបាតុកម្មគ្រប់មុខសញ្ញាផងដែរ។ កូនប្រុសដទៃទៀតរបស់លោក ហ៊ុន សែន មានលោក ហ៊ុន ម៉ាណែតជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ានី គឺជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺនិងជាប្រធានសហព័ន្ធយុវជនកម្ពុជាផងដែរ។

របាយការណ៍របស់Global Witnessត្រូវបានស្រាវជ្រាវនិងចងក្រងតាមរយៈទិន្នន័យសិទ្ធិកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាន។ របាយការណ៍ដែលចំណាយពេលស្រាវជ្រាវប្រមាណ១ឆ្នាំ បញ្ជាក់ថា៖ “ដោយប្រើទិន្នន័យកាន់កាប់ក្រុមហ៊ុនដែលរដ្ឋាភិបាលតែងតែរឹតបន្តឹងមិនឲ្យគេយកបាននោះ អង្គការGlobal Witnessបានបង្ហាញថាតើសមាជិកគ្រួសារត្រកូលហ៊ុន សែន កាន់កាប់ពេញលេញឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក”។ បើតាមរបាយការណ៍ ក្រុមគ្រួសាររបស់សម្តេចហ៊ុន សែន មានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកយ៉ាងតិចចំនួន១១៤ក្នុងនោះមានក្រុមហ៊ុនថាមពល ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនរ៉ែនិងក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យធំៗនៅកម្ពុជា។

របាយការណ៍បញ្ជាក់ថា៖ “នេះគ្រាន់តែជាផ្នែកមួយនៃចំនួនទឹកប្រាក់ពិតប្រាកដនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគេត្រូវបានគេជឿជាក់ថាទទួលបានផលប្រយោជន៍ពាណិជ្ជកម្មពីអ្នកដែលឈរឈ្មោះជំនួសពួកគេនិងនៅក្នុងក្រុមហ៊ុនដែលមានតែឈ្មោះ។ គ្រួសារត្រកូលហ៊ុនក៏រាប់បញ្ចូលទាំងសមាជិកដែលធ្លាប់ជាប់ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធអាភៀនដែលមានតម្លៃ១ពាន់លានដុល្លារអាមេរិក បាញ់បោះ បុកស្លាប់ហើយរត់និងសកម្មភាពទន្រ្ទានយកដីដែលបណ្តាលឲ្យប្រជាជនជាច្រើនគ្រួសារត្រូវបាត់បង់លំនៅដ្ឋាននិងរស់នៅក្នុងភាពទាល់ក្រនៅតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា”

លោក Patrick Alley សហស្ថាបនិកនៃអង្គការGlobal Witness បានមានប្រសាសន៍នៅក្នុងរបាយការណ៍ថា៖ “គំហើញទាំងនេះបានបង្ហាញពីផលវិបាកនៃការប្រតិបត្តិគំរូនៃការដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន។ គ្រួសាររបស់គាត់ត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហេតុដូចនេះពលរដ្ឋក្រុងភ្នំពេញហាក់ដូចជាមិនអាចជៀសផុតពីការរួចំណែករកលុយចូលហោប៉ាវរបស់អ្នកជិះជាន់ គាបសង្កត់របស់ពួកគេជាច្រើនដងក្នុងមួយថ្ងៃឡើយ។ ចំណែកឯវិនិយោគិនបរទេសអាចនិងពុំគួរចូលរួមគាំទ្ររបបដែលសម្លាប់ បំភិតបំភ័យ ឬឃុំខ្លួនអ្នករិះគន់របបនេះទេ”

បើតាមរបាយការណ៍នេះ អង្គការGlobal Witnessមិនអាចរកឃើញករណីដែលមានសមាជិកក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន ណាមួយត្រូវបានកាត់ទោសឬទទួលពិន័យដោយសារតែបានប្រព្រឹត្តអំពើខុសច្បាប់របស់ពួកគេឡើយ។ អង្គការបានស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យនិងតម្លាភាពចំពោះការចោទប្រកាន់ទាំងនេះ និងស្នើសម្តេច ហ៊ុន សែន និងសមាជិកគ្រួសារហ៊ុន សែន ប្រកាសទ្រព្យសម្បត្តិជាសាធារណៈឲ្យបានពេញលេញ ដោយរួមបញ្ចូលទាំងទំនាក់ទំនងនៅក្នុងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស មិនថាទំនាក់ទំនងនោះជាផ្លូវការឬក្រៅផ្លូវការនោះទេ។

បើតាមរបាយការណ៍នោះ អង្គការGlobal Witnessបានសរសេរលិខិតផ្ញើជូនសម្តេច ហ៊ុន សែន សមាជិកក្រុមគ្រួសារ២៦រូបនិង៤២រូបក្រុមហ៊ុនក្នុងចំណោមក្រុមហ៊ុនដែលពួកគេត្រូវមានទំនាក់ទំនងជាមួយ ដើម្បីផ្តល់ឱកាសសម្រាប់ការឆ្លើយតបនឹងការចោទប្រកាន់។ ទោះជាយ៉ាងណា ក្រុមហ៊ុនចំនួន៦បានឆ្លើយតប ក៏ដូចជាលោក សុខ ពុទ្ធីវុធ ដែលជាកូនប្រសាររបស់លោក ហ៊ុន សែន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូឌីតាមទូរស័ព្ទកាលពីថ្ងៃពុធថាក្រុមគ្រួសាររបស់សម្តេច ហ៊ុន សែន មានសិទ្ធិប្រកបអាជីវកម្មដូចប្រជាពលរដ្ឋទូទៅដែរ និងលោកថាសមាជិកគ្រួសាររបស់សម្តេចហ៊ុន សែន ដែលធ្វើអាជីវកម្មក៏មិនបានជាប់ពាក់ព័ន្ធនឹងការងាររាជការដែរ។ លោកបានច្រានចោលការលើកឡើងរបស់អង្គការអន្តរជាតិមួយនេះនិងលោកថារបាយការណ៍នេះមានលក្ខណៈ “គុំគួន”ចំពោះប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន។

លោកមានប្រសាសន៍ថា៖ “ចង់ប្រមាណក៏ដោយ មូលហេតុអ្វីគេរករឿងតែសម្តេចម្លេះ ថៅកែផ្សេងៗទៀតរាប់ពាន់លានដុល្លារម៉េចមិនថាផង គេរកស៊ីស្របច្បាប់ហ្នឹង មានច្បាប់ពីណាមកហ៊ាមមិនឲ្យគេរកស៊ីស្របច្បាប់ បង់ពន្ធជូនរដ្ឋតាមធម្មតា។ សួរអា Global Witness ហ្នឹងមើល ច្បាប់ពីណាហាមមិនឲ្យគេរកស៊ី…របាយការណ៍ហ្នឹងប្រកកបដោយគំនុំគំគួនដោយបុគ្គល មិនមែនធ្វើឡើងដោយផ្អែកលើសច្ចធម៌ ការពិតជាក់ស្តែងនោះទេបាទ”

កាលពីឆ្នាំ២០១១ សម្តេចហ៊ុន សែន ធ្លាប់ប្រកាសថាប្រាក់បៀវត្សរ៍របស់លោកមានចំនួន១១៥០ដុល្លារក្នុងមួយខែហើយលោកថានេះជាប្រភពចំណូលតែមួយគត់។

គួរបញ្ជាក់ថាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់សម្តេច ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ៕ ដោយ សាយ ឡាលីស ស៊ុន ណារិននិងទូច សុខា

សរសេរមកកាន់ កញ្ញា សាយ ទ្បាលីស តាមរយៈ saylalis70@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required