ក្រសួងព័ត៌មានហាមមិន​ឲ្យ​ចាក់បទ“ស៊ីបានចេះតែស៊ីទៅ”និង“ទាល់តែយូរទើបស៊ីអូនបាន”

កញ្ញា ម៉ាលីស ច្រៀងបទ“ទាល់តែយូរទើបអោយស៊ីបាន”នៅ​ប៉ុស្តិ៍ទូរទស្សន៍MyTV

ក្រសួងព័ត៌មានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់បញ្ឈប់ការចាក់ផ្សាយបទចម្រៀងចំនួនពីរបទគឺបទ“ស៊ីបានចេះតែស៊ីទៅ”និង“ទាល់តែយូរទើបស៊ីអូនបាន”ដែលកំពុងរងការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ ដោយក្រសួងបញ្ជាក់ថាអត្ថន័យបទទាំងពីរនេះ”ប្រាសចាកអំពីសីលធម៌ខ្មែរធ្ងន់ធ្ងរ”។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថាដើម្បីចៀសវាងការទទួលលទ្ធផលអវិជ្ជមានក្នុងសង្គមតាមរយៈការផ្សព្វផ្សាយបទចម្រៀងទាំងពីរនេះ ក្រសួងព័ត៌មានស្នើឲ្យម្ចាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ទាំងអស់បញ្ឈប់ការចាក់ផ្សាយបទចម្រៀងទាំងពីរបទនេះ ចាប់ពីថ្ងៃជូនដំណឹងតទៅ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា៖ “…បទចម្រៀងទាំងពីរនេះគឺពុំមានបង្កប់នូវអត្ថន័យល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់ការអប់រំសីលធម៌សង្គមនោះទេ ផ្ទុយទៅវិញ គឺមានអត្ថន័យប៉ះពាល់ទៅដល់កិត្តិយសនិងតម្លៃស្រ្តីខ្មែរថែមទៀតផង”។

បទចម្រៀង“ទាល់តែយូរទើបអោយស៊ីបាន”កំពុងរងការរិះគន់យ៉ាងចាស់ដៃក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមតិភាគច្រើនលើកឡើងថាអត្ថន័យវាមិនបង្ហាញពីចំណេះដឹងឬភាពថ្លៃថ្នូរនៃសង្គមខ្មែរ។ បទចម្រៀងនេះត្រូវបានអ្នកចម្រៀងផលិតកម្មU Production ឈ្មោះ ម៉ាលីស លើកមកច្រៀងនៅក្នុងកម្មវិធីកំសាន្តមួយរបស់ទូរទស្សន៍MyTVកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយបន្ទាប់មកត្រូវបានចែករំលែកជាបន្តបន្ទាប់នៅលើហ្វេសប៊ុក។ ចំណែកបទចម្រៀង“ស៊ីបានចេះតែស៊ីទៅ”ដែលច្រៀងដោយលោក កែវ វាសនា នៅផលិតកម្មថោន មានទំនុកភ្លេងដូចនឹងបទ“ទាល់តែយូរទើបស៊ីអូនបាន”។ បទចម្រៀងនេះត្រូវបានផ្សព្វផ្សាយមួយរយៈ មុនការរិះគន់លើបទចម្រៀង“ទាល់តែយូរទើបស៊ីអូនបាន”។

មួយផ្នែកនៃបទចម្រៀងទាល់តែយូរទើបស៊ីអូនបាន”មានអត្ថន័យថា៖ “…ភាគច្រើនទាល់តែយូរទើបស៊ីបានពៅ ទាល់តែយូរទើបស៊ីអូនបានជីវ៉ា ប្រុសស្មោះបានត្រឹមតែមួយក្តា ទៅរកឯផ្សារទៅណាបង ទាល់តែយូរប៊ីស៊ីណាពៅ ទាល់តែយូរប៊ីស៊ីណាព្រលឹង មើលចុះចរិកបងឡើងអញ្ចឹង ខំប្រឹងទៀតទៅ ក្រែងបានស្ពាយថ្នាំពេទ្យ”។

https://www.youtube.com/watch?v=TzigMlj3ZjI

អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា បានប្រាប់វីអូឌីកាលពីថ្ងៃពុធថាបន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌អំពីប្រធានបទចម្រូងចម្រាសនៃបទចម្រៀង“ទាល់តែយូរទើបស៊ីអូនបាន” នេះរួច ជាលទ្ធផលក្រសួងបានសម្រេចហៅផលិតករនៃបទចម្រៀងនេះមកធ្វើកិច្ចសន្យាហើយខាងផលិតករក៏សន្យាមិនឲ្យចម្រៀងនេះចេញជាផ្លូវការទេ។

លោកមានប្រសាសន៍ថា៖ “យើងបានហៅផលិតករតាមសេចក្តីរាយការណ៍របស់ប្រធាននាយកដ្ឋានភាពយន្តនិងសោតទស្សន៍ហ្នឹង គាត់បានហៅផលិតករហ្នឹងមកហើយធ្វើកិច្ចសន្យាមួយដែលគាត់បាននិយាយថា បើរឿងហ្នឹងវាអាចខុសឆ្គងដល់អញ្ជឹង ប៉ុន្តែឥឡូវគាត់បានសន្យាថានឹងមិនឲ្យចម្រៀងហ្នឹងចេញជាផ្លូវការតទៅ ប៉ុន្តែចម្រៀងហ្នឹងបានច្រៀងរួចហើយនៅក្នុងស្ថានីយ៍ទូរទស្សន៍MyTV ដោយសារសិល្បៈករនារីម្នាក់ អញ្ជឹងគាត់ពុំមានលទ្ធភាពទៅលុបវាចេញពីប្រព័ន្ធហេ្វសប៊ុក ឬក៏ប្រព័ន្ធយូធូបអីផ្សេងៗបានរបស់ទូរស័ព្ទដៃនានាបានទេ តែការចេញលក់ជាអាជីវកម្មរបស់គាត់ គឺគាត់សន្យាថាគាត់ផ្អាក”

គួរបញ្ជាក់ថាកន្លងទៅ ក្រសួងវប្បធម៌និងក្រសួងព័ត៌មានក៏ធ្លាប់បិទការផ្សព្វផ្សាយបទចម្រៀងមួយចំនួនផងដែរ ដូចជាបទអាម៉ុមប៉ុមពីតនិងបទដួលគងចំប៉ាន់និងបទស្អាតជានិច្ចជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ