រដ្ឋាភិបាលអន្ដរាគមន៍ករណីពលករខ្មែរខុសច្បាប់នៅថៃ ខណៈបក្សប្រឆាំងថាមកពីមេដឹកនាំអសមត្ថភាព

ពលករ​ខ្មែរ​ធ្វើការនៅថៃ

រដ្ឋាភិបាលកម្ពុជា បានអន្ដរាគមន៍និងចេញវិធានការដោះស្រាយបញ្ហាពលករខ្មែរធ្វើការខុសច្បាប់នៅប្រទេសថៃ ខណៈគណបក្សប្រឆាំងរិះគន់ថា បញ្ហានេះ​មកពីរដ្ឋាភិបាលអសមត្ថភាព។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៦កក្កដាឆ្នាំ២០១៧ ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថារដ្ឋាពិបាលបានដាក់ចេញវិធានការមួយចំនួន ដើម្បីធានាដោះស្រាយបញ្ហាពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលពួកគេមិនមានលិខិតស្នាមត្រឹមត្រូវ ដើម្បីឲ្យបានស្នាក់នៅនិងធ្វើការបន្ដនៅទីនោះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជាថា ខ្លួនបានចាត់ឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយ និងពិភាក្សាបញ្ហានេះ ហើយថា ភាគីថៃក៏បានឆ្លើយតប ដោយពន្យារការអនុវត្តរាជ្យក្រិត្យប្រតិបត្តិរបស់ខ្លួន ក្នុងរយៈពេល១៨០ថ្ងៃ ឬស្មើនឹង៦ខែទៀត។ បន្ថែមលើសនេះ ក្រសួងការបរទេស ក៏បានណែនាំដល់អគ្គរាជទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក និងស្ថានអង្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ដើម្បីបង្កើនការសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់បណ្ដាខេត្តកម្ពុជា ដែលជាប់ព្រំដែនជាមួយថៃ។

អនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មួរ សុខហួរ ពន្យល់ថា មូលហេតុនាំឲ្យមានបញ្ហាពលករខ្មែរទៅធ្វើការខុសច្បាប់នៅថៃច្រើនដូចនេះ គឺដោយសាររដ្ឋាភិបាលសព្វថ្ងៃអសមត្ថភាព មិនអាចបង្កើតឱកាសការងារក្នុងស្រុកគ្រប់គ្រាន់ និងមិនបានបណ្ដុះបណ្ដាលសមត្ថភាពរបស់ពលករ ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។

លោកស្រីបន្ដថា ដើម្បីដោះស្រាយបញ្ហាពលករនេះ រដ្ឋាភិបាល គួរផ្ដល់កញ្ចប់ថវិកាដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ដើម្បីបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់ពលករខ្មែរទាំងនោះ​ ពិសេសគឺបង្កើតកម្មវិធីបណ្ដុះបណ្ដាលដល់ពលករដែលជាស្ដ្រី។

លោកស្រីថា៖ «ថៃ បានបញ្ជូនពលករចំណាកស្រុកយើង កាលហ្នឹងឡើងផ្អើល ហើយឥឡូវ២០១៧ហើយហ្នឹង ៣ឆ្នាំកន្លងមកទៀត ឃើញពលករយើងគាត់ចេញគាត់ចូល គាត់ចេះតែទៅថៃវិញ ដោយសារនៅក្នុងភូមិកំណើតរបស់គាត់ នៅក្នុងស្រុករបស់យើង នៅក្នុងប្រទេសរបស់យើង  លោករកការងារសមរម្យ ប្រាក់ឈ្នួលសមរម្យ ឬការរកការទទួលគ្នាអត់បាន។ ខ្ញុំមិនចង់ប្រើពាក្យហ្នឹងទេ ប៉ុន្ដែត្រូវប្រើហើយ គឺបង្ហាញអំពីអសមត្ថភាពនៃអ្នកដឹកនាំ»។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចម្សិលមិញ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង អះអាងថា រដ្ឋាភិបាលថៃមិនមានបំណងបណ្ដេញពលករកម្ពុជាចេញនោះទេ។ លោកមានប្រសាសន៍ថា អាជ្ញាធរថៃបានផ្ដល់រយៈពេលបន្ថែម ដើម្បីឲ្យពលករខ្មែរ អាចរៀបចំឯកសារលិខិតឆ្លងដែន និងលិខិតស្នាមផ្សេងៗ ឲ្យបានត្រឹមត្រូវ ដើម្បីអាចបន្ដស្នាក់នៅនិងធ្វើការនៅថៃ។

លោកមានប្រសាសន៍ថា៖ «ក្រសួងការងារថៃ ក៏បានបញ្ជាក់ប្រាប់ខ្ញុំដែរថា រដ្ឋាភិបាលថៃ អាជ្ញាធរថៃ គ្មានបំណងណាមួយ នឹងបណ្ដេញពលករយើង ចេញពីព្រះរាជាណាចក្រកម្ពុជា ទោះបីថា ពលករខ្មែរ ដែលកំពុងធ្វើការដោយស្របច្បាប់ ឬមួយក៏មិនទាន់ស្របច្បាប់។ ហើយសេចក្ដីជូនដំណឹងរបស់ក្រសួងការងារថៃក៏បានជម្រាបជូនអ្នកទាំងអស់ គឺកុំឲ្យបណ្ដេញពលករកម្ពុជាចេញ»។

បើតាមលោក អ៊ិត សំហេង រដ្ឋាភិបាល នឹងបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីធ្វើលិខិតឆ្លងដែន ដល់ពលករខ្មែរប្រមាណ១៦ម៉ឺននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ។

កាលពីចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ ពលករខ្មែររាប់ពាន់នាក់ត្រូវបានតម្រួតថៃ ចាប់បញ្ជូន​ត្រឡប់​មក​វិញ តាម​ច្រក​ព្រំ​ដែន​អន្តរជាតិ​ប៉ោយប៉ែត ខណៈ​ដែល​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​មិន​ក្រោម ៦០០​នាក់​នោះ​ឡើយ​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញនៅ​តាម​ច្រក​ព្រំដែន​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ