ភរិយាលោក​ កែម ឡី ស្រក់​ទឹក​ភ្នែក​នឹក​ប្តី​ពេល​ឃើញ​គេដោះ​លែង​មន្ត្រី​អាដហុក

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

ភរិយា​លោក ​កែម ឡី បានស្រក់​ទឹក​ភ្នែក​នឹក​ឃើញ​ដល់​ប្តី​និង​ភាព​កក់​ក្តៅ​ក្នុង​គ្រួសារ​ ពេល​ឃើញ​គេ​ដោះ​លែង​​មន្ត្រី​សិទ្ធិមនុស្ស​អាដហុកនិង​អគ្គលេខា​ធិការ​រង គ.ជ.ប កាលពីសប្តាហ៍មុន។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA អ្នក​ស្រី ​ប៊ូ រចនា បាន​សម្រក់​ទឹក​ភ្នែក​របស់ខ្លួន ពេ​ល​ដែល​អ្នក​សារព័ត៌មាន​ សួរ​សំណួរ​ពី​អារម្មណ៍​របស់​អ្នក​ស្រី ពេល​ដែល​ឃើញ​តុលាការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុកទាំង៥រូប។

អ្នក​ស្រី​ថា ការ​ដោះ​លែង​អ្នក​ទាំង​ប្រាំនាក់​នោះ គឺ​ជា​អ្វី​ដែល​ប្តី​អ្នក​ស្រី​និង​ក្រុម​គ្រួសារ​តស៊ូនិង​ចង់​ឃើញ​។ នៅក្នុងកិច្ចសម្ភាសន៍ដដែល អ្នក​ស្រី​បន្ត​ ដោយ​អួល​ដើម​ក​​ថា ក្រុមគ្រួសារ​អ្នក​ទាំង​ប្រាំបាន​បែក​គ្នា​តែ​អាច​ជួបជុំគ្នា​វិញ ​ចំណែក​អ្នកស្រី​ត្រូវ​ព្រាត់​ប្តីនិង​ស្រុកកំណើត​រហូត។

អ្នក​ស្រីថា៖ «ពី​មុន​យើង​ត្រូ​វ​ការ​ពួកគាត់​មាន​ការដោះ​លែង អញ្ចឹង​ខ្ញុំ​ពេល​ឃើញប្តីប្រពន្ធ​គាត់ជួប​ជុំ​គ្នា នឹក​ឃើញ​គាត់​ថា​ប្តីប្រពន្ធ​គាត់​បាន​ជួប​ជុំ​គ្នា​ទាំង​៥គ្រួសារ​អី​អញ្ចឹង​ណា ចំណែកខ្ញុំ ព្រាត់ប្តី ព្រាត់អីទាំងអស់ អត់បានជួបជុំប្តីប្រពន្ធ។ ការ​ដែល​គាត់​ជាប់​ឃុំ​ ខ្ញុំ​គិត​ថា​គាត់​ពិបាកហើយ​អត់​ពីប្តី​ហើយ​ តែ​ដល់​ពេល​ខ្លួន​ឯង​ដល់​ពេល​គាត់​មាន​សិទ្ធិ​សេរីភាព​អី​អញ្ចឹង​ទៅ ខ្ញុំ​ជួយ​ត្រេក​អរ​ពួកគាត់​ គាត់​បាន​ជួប​ប្តី តែ​ប្តី​ខ្ញុំ​គាត់​ទៅ​រហូត​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ចិត្ត​មែន​ទែន ហើយ​ក្រឡេក​ឃើញ​កូន​ទៀត ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ដោយ​ការ​ដែល​បាន​បាត់​បង់​ប្តី​ដោយ​គ្មាន​ថ្ងៃត្រឡប់​មក​វិញ»។

ខណៈថ្ងៃ​ទី​១០ខែ​កក្កដានេះ​ ជា​ខួប​១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី អ្នក​ស្រី ​ប៊ូ រចនា ​ថា គាត់​សោកស្តាយ​ជា​ខ្លាំង​ ដែល​មិន​បាន​ទៅ​ចូល​រួម​បុណ្យ​សព​គម្រប់​១ឆ្នាំ​របស់​ប្តី​ខ្លួន​ ដែល​ធ្វើ​ឡើង​នៅ​ទី​កន្លែង​បញ្ចុះ​សព​របស់​លោក។

គួរ​រំលឹក​ផង​ដែរ​ថា លោក កែម ឡី ក៏​ជា​អ្នក​សកម្ម​ផង​ដែរ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ព័ណ៌​​ខ្មៅ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែងមន្ត្រីសិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខា​ធិការ​រង​គ.ជ.ប។ លោក​ត្រូវបាន​គេបាញ់​សម្លាប់​កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ នៅកណ្តាលរាជធានីភ្នំពេញ។

ឃាតកម្មនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ក្រោយពីលោក កែម ឡី បានធ្វើ​ការបក​ស្រាយ​លើ​របាយការណ៍​ស៊ើប​អង្កេតមួយរបស់អង្គការអន្តរជាតិ Global Witness ដែលបានបរិយាយ​ពីការធ្វើជំនួញរបស់ក្រុមគ្រួសារត្រកូលហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ