សង្គមស៊ីវិលថាការដែលសភាធ្វើច្បាប់ផាត់ចោលសំឡេងភាគតិចផ្តល់គំរូមិនល្អដល់ឃុំសង្កាត់

អង្គការសង្គមស៊ីវិលនិងអ្នកតាមដានមួយចំនួនលើកឡើងថា បើតំ​ណា​​ង​​​រា​ស្ត្រ​នៅតែប្រកាន់បក្ខពួក ធ្វើ​ច្បា​​​ប់ផាត់ចោលសំឡេងភាគតិច ពួកគេថាទម្លាប់នេះ នឹង​ជះឥទ្ធិពលមិនល្អដល់យន្តកា​រពង្រឹងប្រ​ជា​​ធិ​ប​​​តេយ្យនៅក្រោមជាតិ។

កន្លងមកនេះ ច្បាប់មួយចំនួន ត្រូវបានតំណាងរាស្ត្រ គណបក្សប្រជាជន ដែលមានសំឡេង​ភាគច្រើនក្នុ​ង​​ស​​ភា ​អ​នុម័​តទាំងចម្រូងចម្រាស់ ដាក់ឲ្យប្រើប្រាស់ បើទោះបីតំណាងរាស្ត្រ គណបក្សឆាំង ជំ​​ទាស់ក៏​​ដោ​យ ដូ​​ចជា​ច្បាប់​ស​មាគមនិងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់សហជីព និងធ្វើវិសោធនកម្មច្បា​ប់ស្តីពីគ​ណ​​​​​បក្សន​​យោបា​យជា​ដើម។

ប្រធានគ្រប់គ្រងផ្នែកស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត ពន្យល់ថា ក្នុងរបបប្រជាធិបតេយ្យ តំណាង​រាស្ត្រទាំងអស់ ជាតំណាងរបស់ជាតិ មិនមែនតំណាងរបស់គណបក្សនយោបាយណាមួយទេ។ ប៉ុន្តែ​លោ​​កថា តំណាងរាស្ត្រ ដែលមានសំឡេងភាគច្រើន អាចអនុម័តច្បាប់បាន តែមិនត្រូវទាត់ចោលសំឡេ​ងភាគ​តិ​ចនោះទេ ដោយថាបើមតិភាគតិចនោះបានការពារប្រយោជន៍សាធារណៈ។

លោក អំ សំអាត លើកឡើងទៀតថា ការធ្វើច្បាប់ទៀតសោធន៍ ​ត្រូវបើកឱកាសឲ្យគ្រប់ភាគីពា​ក់​ព័ន្ធ​​​​បាន​ចូ​​លរួម​ពិភាក្សាដេញដោលបានគ្រប់ជ្រុងជ្រោយ មានអ្នកជំនាញផ្នែកច្បាប់ គណបក្ស​នយោបា​យ ​ដែ​​​​​​លមាន​អា​​​សនៈ​​ក្នុងសភា និងអង្គការសង្គមស៊ីវិលជាដៃគូជាដើម។

មន្ត្រីសង្គមស៊ីវិលរូបនេះ លើកឡើងទៀតថា បើច្បាប់មួយ ដាក់ឲ្យប្រើប្រាស់ មានវិវាទខ្លាំងក្នុងសភា ឬមា​ន​​កា​​រ​យល់ព្រមតែតំណាងរាស្ត្រមួយក្រុម ​មួយក្រុ​មទៀ​ត ជំទាស់ដាច់ខាន ហើយមតិភាគច្រើ​ននៅ​តែ​បង្ខំ​ចិ​​​ត្ត​​​​ដា​​ក់​ច្បាប់នោះឲ្យប្រើប្រាស់ លោកថាច្បាប់នោះ នឹងមិនបម្រើប្រយោជ​ន៍សាធារណទេ។ ​លោ​កថា ទ​ម្លា​ប់​នេះ​​​ នឹងជះឥទ្ធិពលមិនល្អ ដល់ការពង្រឹងយន្តការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកថា៖ «​ការអនុម័តទៅនាំឲ្យមានតំណាងរាស្ត្រគាត់មិនចូលរួមអនុម័ត ឬក៏គាត់ធ្វើពហិកាដោ​យមិនមាន​បើ​យើ​ង​និយាពីគោលការណ៍ប្រជាធិប​តេយ្យ វាត្រូ​វតែប៉ះពាល់ដោយ​សារតែមិនមានការជជែកដេញដោលមិន​មាន​ការការពារទៅលើច្បាប់ហ្នឹងឲ្យបានពេលលេញ។ ហើយអាហ្នឹង ក៏វាជះឥទ្ធិពលមកក្រោមដែរ ព្រោះឥឡូវក្រុមប្រឹក្សាសង្កាត់ហ្នឹងសុទ្ធតែចម្រុះទាំងអស់ បើទោះបីគណបក្សប្រជាជនលោកមាន សំ​ឡេងឈ្នះ​ច្រើនក៏ដោយ ក៏ក្នុងហ្នឹងមានក្រុមប្រឹក្សាច​ម្រុះ។ អញ្ចឹ​ងហើ​យ វាអា​ចថាជាគំរូទៅ​លើថ្នា​ក់ជា​តិ​​​ទៅការអនុម័តអីទៅ​​ វាស្រដៀងៗគ្នា»។

លោក អំ សំអាត លើកឡើងទៀតថា ដើម្បីធានាថាច្បាប់ទាំងអស់ ដែលរដ្ឋសភាបានអនុម័ត ធានាការ​ពារ​ប្រ​​យោជន៍សាធារណៈ លោកថា មានតែតំណាង​រាស្ត្រទាំងអស់ ដែល​មានអាសនៈក្នុងសភា បំពេ​ញតួ​នាទី​​ដោ​​​​​យ​​តម្ក​​ល់​ប្រយោជន៍ជាតិជាធំ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងដែរថា សំឡេ​ង​ភា​គតិច ឬបក្សប្រឆាំងជាអ្នកតាមដានអភិបាលកិច្ច។ លោកថា ការធ្វើច្បាប់ណាមួយ ផាត់ចោ​លសំឡេ​ង​ភា​គតិ​ច លោកថា រដ្ឋាភិ​បា​ល​​ ហា​ក់បា​នដោះស្រាយបញ្ហាជូនពលរដ្ឋ តែមួយជ្រុ​ងប៉ុណ្ណោះ។

លោកថា៖ «សារសំខាន់នៃការយកចិត្តទុកដាក់ ទៅលើសំឡេងភាគតិចនឹងវាមាន​ផលប្រយោ​ជន៍ធ្វើ​ឲ្យជា​តិ​ហ្នឹ​ង ​មានឯកភាពជាតិ មានការស្រុះស្រួលគ្នា មានសាមគ្គីក្នុងជាតិហ្នឹង វាមិនមែនជាសំឡេងមួយ ដែលប​ង្ហា​ញ​​​អំ​​ពីការមិនបែងចែកគ្នា មិនទុកគ្នាជាអមិត្តអីណាស់។ កាលណាគេស្វែងរ​កសំឡេងគាំ​ទ្រពីសំឡេ​ងភា​គតិ​​​ចវា​​បង្ហាញអ្វីទាំងអស់ហ្នឹង»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថា ការធ្វើច្បាប់​មួយដោយផ្អែ​កនៅលើតែ​ទ​​ស្ស​​នតំ​ណាងរាស្ត្រមួយក្រុម ហើយផាត់ចោលសំឡេងភាគតិច លោកវិភាគថា សញ្ញាណនេះ ហាក់​បាន​ប​ង្ហា​ញ​ពីភាពផុយស្រួយនៃការបែកបាក់ជាតិ និងថាបានបង្កប់វ​​​​ប្ប​ធម៌សងសឹ​​កទៅ​ថ្ងៃអនាគត។

លោកថា៖ «ការដែលផាត់មតិភាគតិចចោលហើយ មិនខ្វល់ពីមតិភាគតិចនេះ មានន័យថាគឺជាការធ្វើច្បាប់មួយផាត់ចោលប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រសំឡេងភាគតិចនោះ ហើយមួយទៀតច្បា​ប់នោះមានចរិតជា​ន​យោ​​​​​បាយ បែបសងសឹក ជាងច្បាប់ដែលបង្កើតឡើ​ងដើម្បីការពារប្រយោជន៍​ប្រជាពលរដ្ឋខ្មែ​រទូទៅ​នោះ​បាទ»។

លោក សូ ចន្ថា វិភាគថា បើទម្លាប់ធ្វើការរបស់តំណាងរាស្រ្តមិនកែទេ លោកថា កម្ពុជានឹងប្រ​ឈមនឹង​​​​​ជ​ម្លោះ​​ផ្ទៃក្នុង។

លោកថា៖ «ព្រោះកាលណាមានគំនិត ទស្សនថា ខ្លួនមកពីសមាជិកគណបក្សណាមួយ ពេលនោះហើ​យដែលកា​រធ្វើ​​ច្បាប់នោះហើយមិនឈរលើផលប្រយោជន៍រួម ផលប្រយោជន៍ជា​តិនោះទេ។ ចំនុ​ចទី៣​​ ខ្ញុំគិតថា សមាជិកសភាមួយរូបៗ គួបលុបបំបាត់វប្បធ​ម៌សងសឹកគ្នាវប្បធម៌អាញ់​និយម។ ព្រោះ​អាវ​​​ប្បធ​ម៌​សងសឹកគ្នាធ្វើឲ្យខ្មែរបែកបាក់តាំងពីថ្នាក់លើករហូតដល់ក្រោម រហូតដល់ប្រជាពលរដ្ឋទៀត ហើយ​​​វាជា​គ្រោះ​​ថ្នាក់ ទៅដល់ជាតិផង ហើយជាជម្ងឺ របស់ជាតិ ដែលយើងត្រូវព្យាបាល។ ពីព្រោះ​ បើមិនព្យា​បាលនៅ​ពេ​ល​នេះ​ទេ វានឹងបន្តនៅពេលខាងមុខទៀត»។

យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃ​ទី​​៣​ខែ​​ក​ក្ក​​ដា​ថា គណបក្សដែលមាន តំណាងរាស្ត្រច្រើនអាចធ្វើច្បាប់ ឬស្នើច្បាប់ដាក់មករដ្ឋសភា ដើម្បី​ពិ​ភា​​​​​​ក្សា​ និងអនុម័តបាន។ លោកថា សម្រាប់បក្សប្រឆាំងជំទាស់វិញ អាចសុំធ្វើវិសោធន​កម្មច្បាប់នេះ​ឡើ​ងវិ​ញ​​​​បាន​ នៅពេលខ្លួ​នឈ្នះ​​ឆ្នោត មានតំណាងរាស្ត្រនាំមុខ ដោយលោ​កថា នេះជា​យន្តកា​រប្រជា​ធិ​បតេ​យ្យ​។

ទោះ​ជាយ៉ាងណា សាស្ត្រាចារ្យវិទ្យានយោបាយលោក សូ ចន្ថា ចាត់ទុកការអះអាងរបស់លោក ឡេង ប៉េ​ងឡុង នេះថា ជាទស្សនគ្រោះ​ថ្នាក់មួយដល់​យន្ត​​ការពង្រឹងប្រជាធិបតេយ្យ ដោយថា ទៅថ្ងៃអនាគត ស​ភា​​​​នៅតែជា​របស់​​បក្ស មិនមែន​ជារ​បស់​​ជាតិដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ