ជប៉ុន​តវ៉ា​ទៅ​ចិន​ជា​ថ្មី​ទៀត​ជុំវិញ​ការដំឡើង​រ៉ា​ដា​នៅ​ជិត​ដែនទឹក​មាន​ជម្លោះ​

ដែនកោះ​មានជម្លោះ​(រូបភាពពីបណ្តាញសារព័ត៌មាន​Channel News Asia)

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បាននិយាយថា ជប៉ុនបានដាក់លិខិតតវ៉ាទៅក្រុងប៉េកាំង បន្ទាប់ពីរកឃើញថា ចិនបានដំឡើងឧបករណ៍រ៉ាដា មានទម្រង់ជាឧបករណ៍ស្វែងរកឧស្ម័នមួយ នៅជិតដែនទឹកមានជម្លោះ នៅសមុទ្រចិនខាងកើត។

ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលបាននិយាយថា ជប៉ុនព្រួយបារម្ភថា រ៉ាដា ដែលជាទូទៅត្រូវគេបំពាក់នៅលើនាវាល្បាត ហើយមិនមែនជាឧបករណ៍ចាំបាច់សម្រាប់ការរុករកឧស្ម័ននោះ អាចជាសញ្ញាមួយបង្ហាញថា ចិនមានបំណងប្រើប្រាស់តួម៉មរុករកឧស្ម័ននៅក្នុងដែនទឹកមានជម្លោះ ធ្វើជាស្ថានីយ៍យោធា។

អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ត្រូវបាន Reuters ដកស្រង់សម្ដីដែលបាននិយាយថា ជប៉ុនបានរកឃើញរ៉ាដានោះកាលពីចុងខែមិថុនា ហើយបានចេញលិខិតតវ៉ាកាលពីថ្ងៃសុក្រកន្លងមក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងប៉េកាំង ដោយជំរុញឲ្យចិនពន្យល់ពីគោលបំណង។

ជប៉ុនបានអំពាវនាវទៅចិន ឲ្យបញ្ឈប់ការសាងសង់ម៉មរុករកប្រេង និងឧស្ម័ន នៅសមុទ្រចិនខាងកើត ដោយបានចោទប្រកាន់ចិនថា បានអភិវឌ្ឍវាជាឯកតោភាគី បើទោះបីកាលពីឆ្នាំ២០០៨ បានព្រមព្រៀង រក្សាកិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍធនធាននៅតំបន់នោះក៏ដោយ ខណៈដែលប្រទេសទាំងពីរមិនទាន់មានព្រំដែនទឹកផ្លូវការ។

កាលពីថ្ងៃសៅរ៍ម្សិលមិញ ជប៉ុនក៏បានចេញលិខិតតវ៉ាមួយទៀតទៅក្រុងប៉េកាំងផងដែរ បន្ទាប់ពីទូកនេសាទ ២៣០គ្រឿង និងនាវាល្បាតចិន បានបើកទៅជិតដែនទឹកដែលជប៉ុនចាត់ទុកជាដែនទឹករបស់ខ្លួន ស្ថិតនៅជុំវិញប្រជុំកោះមានជម្លោះនៅសមុទ្រចិនខាងកើត។

ការតវ៉ាថ្មីៗទាំងនេះ បានដុតបញ្ឆេះភាពតានតឹងទ្វេភាគីរវាងមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំងពីរនោះ ជុំវិញជម្លោះដែនទឹក និងបានកើតឡើងមិនដល់មួយខែក្រោយពីតុលាការអន្តរជាតិមួយនៅទីក្រុងឡាអេ បានសម្រេចឲ្យចិនចាញ់ក្ដីជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ