ក្រុម​អ្នកកាសែត​កម្ពុជា​បង្កើត​ក្លឹប​អ្នកសារព័ត៌មាន​ថ្មី​

ក្រុមអ្នកសារព័ត៌មាន២០នាក់មកពីប្រព័ន្ធផ្សព្វផ្សាយចម្រុះនៅក្នុងប្រទេសកម្ពុជានៅថ្ងៃសៅរ៍នេះ បានបង្កើតក្លឹបអ្នកកាសែតថ្មីដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

នៅក្នុងឯកសាររចនាសម្ព័ន្ធដែលវីអូឌី (VOD) ទទួលបាននៅថ្ងៃសៅរ៍បានឲ្យដឹងថា ក្លឹបអ្នកកាសែតទើបបង្កើតឡើងថ្មីនេះមានឈ្មោះថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហើយសមាជិកស្ថាបនិកភាគច្រើនគឺជាអ្នកសារព័ត៌មានបម្រើការមកពីស្ថានីយ៍ទូរទស្សន៍នានានៅក្នុងប្រទេសកម្ពុជា។

លោក អាត់ បូនី អគ្គលេខាធិការនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងប្រាប់ VOD តាមទូរសព្ទថា សហព័ន្ធអ្នកកាសែតកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃនេះ ដោយមានការចូលរួមពីក្រុមអ្នកកាសែតកម្ពុជាចំនួន២០រូប ដែលសុទ្ធតែជាថ្នាក់ដឹកនាំស្ថាប័នព័ត៌មានធំៗ ក្នុងនោះមានស្ថានីយទូរទស្សន៍ វិទ្យុ កាសែត និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ។

លោក អាត់ បូនី បានបញ្ជាក់ថាការបង្កើតក្លឹបអ្នកកាសែតថ្មីនេះ មិនមែនធ្វើឡើងដើម្បីប្រជែងជាមួយក្លឹបអ្នកកាសែតជាច្រើនដទៃ ដែលត្រូវបានបង្កើតឡើងរួចមកហើយនោះឡើយ ប៉ុន្តែលោកថាដើម្បីបំពេញបន្ថែមទៅលើអ្វីដែលមកហើយ។

លោក អាត់ បូនី ថ្លែងថា៖ «ជាទូទៅស្រុកយើងមានសមាគមមានសហព័ន្ធច្រើនមកហើយ អ្វីដែលយើងធ្វើមិនមែនដើម្បីប្រជែងនោះឡើយ គឺដើម្បីបំពេញបន្ថែមទៅលើអ្វីដែលមានមកហើយ។ ស្រុកយើងជាស្រុកប្រជាធិបតេយ្យ យើងមិនអាចហាមឃាត់ការបង្កើតថ្មីឬគំនិតថ្មីនោះឡើយ។ នេះជាសិទ្ធិសេរីភាព»។

លោក អាត់ បូនី បញ្ជាក់ថាក្លឹបថ្មីរបស់លោកមានបេសកម្មចំនួន១៥ចំណុច ប៉ុន្តែលោកថាគោលការណ៍សំខាន់ ៣ចំណុច គឺដើម្បីពង្រឹងវិជ្ជាជីវៈ បណ្ដុះបណ្ដាល និងការពារអ្នកកាសែតកម្ពុជា។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជានិងជានិពន្ធនាយកព័ត៌មាននៃទូរទស្សន៍ PNN បានសាទរចំពោះការបង្កើតសហព័ន្ធអ្នកសារព័ត៌មានថ្មីនេះ ដោយលោករំពឹងថានឹងជួយពង្រឹងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជាបន្ថែមទៀត បើទោះបីជាមានក្លឹបអ្នកកាសែតជាច្រើនត្រូវបានបង្កើតឡើងក៏ដោយ។

យោងតាមតួលេខរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា មានក្លឹបអ្នកកាសែតឬសមាគមអ្នកសារព័ត៌មានចំនួន៣៤ បានចុះបញ្ជីនៅឯក្រសួងព័ត៌មាននៅឆ្នាំ២០១២កន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ