ប្រជាពលរដ្ឋសម្ដែងការសាទរចំពោះការអនុវត្តមិនយកថ្លៃសេវារដ្ឋបាលសាធារណៈរបស់សាលាឃុំអញ្ចាញរូងនិងស្នើសុំឲ្យអាជ្ញាធរឃុំអនុវត្តដូចនេះជារៀងរហូត

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 2:30 PM | របាយការណ៍​ពលរដ្ឋអ្នកសារព័ត៌មាន | 0 | 56

ក្រុមប្រជាពលរដ្ឋនៅឃុំអញ្ចាញរូង បានសម្តែងការសាទរចំពោះការអនុវត្តមិនយកកម្រៃសេវ៉ារដ្ឋបាលសាធារណៈរបស់សាលាឃុំ ដែលពួកគាត់បញ្ជាក់ថា វារឿងថ្មី ដែលទើបតែអនុវត្តក្នុងពេលចុងក្រោយនេះ ពិសេសក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយថា វាពិតជាជួយច្រើនដល់ការកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ។

ប្រជាកសិករមួយរូប រស់នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង លោក ញឹម​ ថា អាយុ ៤៥ឆ្នាំ អះអាងថា លោកទើបតែបានទៅធ្វើលិខិតលក់ដីនៅសាលាឃុំ នៅពេលថ្មីៗនេះ ហើយលោកមានការភ្ញាក់និងរំភើបចិត្តជាខ្លាំងនៅពេលដែល ខាងឃុំឈប់យកថ្លៃសេវារដ្ឋបាលលើការប្រថាប់ត្រាដូចកាលពីលើកមុនទៀតដូច្នេះ។ លោកបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «ការបញ្ជាក់លិខិតលក់ដីរបស់ខ្ញុំ ឃុំមិន  យកលុយទេ ពីមុនទៅធ្វើប៉ុណ្ណឹង គឺត្រូវចំណាយពី ម្ភៃទៅម្ភៃប្រាំម៉ឺនរៀល»

លោកបន្តថា អាជ្ញាធរឃុំមិនយកថ្លៃសេវារដ្ឋបាលសាធារណៈពីការបញ្ជាក់លើការលក់ដីពីសំណាក់ប្រជាពលរដ្ឋបែបនេះ គឺជាការល្អ ព្រោះប្រជាពលរដ្ឋភាគច្រើនកំពុងខ្វះខាត ជួបបញ្ហាប្រឈម ពុំមានលទ្ធភាពដោះស្រាយជីវភាព ទើបសម្រេចចិត្តលក់ដី ហើយលោកក៏សុំឲ្យការអនុវត្តមិនយកថ្លៃសេវារដ្ឋបាលសាធារណៈនេះ បន្តមានជារៀងរហូតដោយបញ្ជាក់ថា ការអនុវត្តបែបនេះ គឺបានជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ។ បន្ថែមពីនេះ លោក​ ញឹម ថា បានសុំឲ្យឃុំមានអ្នកកាន់ត្រានៅប្រចាំការពេញលេញក្នុងម៉ោងធ្វើការ ព្រោះកន្លងមក មេឃុំជួបនៅកណ្ដាលផ្លូវក៏ចុះហត្ថលេខាឲ្យដែរ តែមានការពិបាកក្នុងការទៅបោះត្រានៅផ្ទះស្មៀន ដែលនៅឆ្ងាយដល់ពន្លៃឯណោះ។

ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី សឿង សុណាង អាយុ​ ២៥ឆ្នាំ ជាប្រជាកសិករនៅភូមិដំរីកូន ឃុំអញ្ចាញរូង បានរៀបរាប់ថា កាលពីចុងខែមីនា ឆ្នាំ២០១៧ កន្លងមកនេះ  អ្នកស្រីបានទៅធ្វើសំបុត្របញ្ជាក់កំណើតឲ្យកូន និងចុះសំបុត្រអាពាហ៍ពិពាហ៍ដែលអ្នកស្រីបានរៀបការជាមួយស្វាមីអស់រយៈកាលជាង ១ឆ្នាំកន្លងមក ហើយទើបមកសុំចុះសំបុត្រអាពាហ៍ពិពាហ៍ តែអាជ្ញាធរឃុំអញ្ចាញរូងពុំបានយកថ្លៃសេវារដ្ឋបាលអ្វីឡើយ ។ អ្នកស្រីបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «ខ្ញុំសប្បាយចិត្តណាស់ពេលដែលឃុំមិនយកថ្លៃសេវារដ្ឋបាលពីនាងខ្ញុំ ការធ្វើបែបនេះ គឺឃុំបានជួយ សម្រាលដល់ការចំណាយសម្រាប់គ្រួសារខ្ញុំបានមួយផ្នែកដែរ ខ្ញុំសូមឲ្យឃុំ អនុវត្តមិនយកថ្លៃសេវារដ្ឋបាលពីប្រជាជនជារៀងរហូត»

បញ្ជាក់ប្រាប់បន្ថែមជុំវិញបញ្ហានេះ  មេឃុំអញ្ចាញរូង គឺលោក ប្លុង វ៉ាត មានប្រសាសន៍ទទួលស្គាល់ថា ចាប់ផ្ដើមពីខែ៣ ឆ្នាំ២០១៧មក  លោកពិតជាមិនយកថ្លៃរដ្ឋបាលសាធារណៈពីប្រជាពលរដ្ឋពិតប្រាកដមែន ហើយសេវារដ្ឋបាលសាធារណៈដែលលោកមិនយកថ្លៃពីប្រជាពលរដ្ឋមានដូចជា សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព ​ច្បាប់បុណ្យ ច្បាប់ការជាដើម រីឯសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណក៏លោកបានប្រជុំជាមួយសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអញ្ចាញរូងដោយឯកភាពគ្នាមិនយកកម្រៃពីប្រជាពលរដ្ឋផងដែរ។ លោកបន្តទៀតថា ក្រៅពីតម្លៃសេវារដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលបានកំណត់មិនយកថ្លៃខាងលើ ក៏នៅមានតម្លៃសេវារដ្ឋបាលសាធារណៈ ខ្លះទៀតក៏លោកមិនយកកម្រៃពីប្រជាពលរដ្ឋដែរ ដែលមានដូចជា ការបញ្ជាក់ពីការលក់ដីក្រោម១ហិកតា  ការដោះស្រាយទំនាស់ ការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណ និងធ្វើលិខិតបញ្ជាក់កិរិយាមារយាទជាដើម ដោយលោកលើកហេតុផលថា ចង់ជួយសម្រាលដល់បន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែ លោកក៏បញ្ចាក់ បន្ថែមថាលោកមិនទាន់ប្រាកដថា ទៅថ្ងៃមុខ អាចមិនយកថ្លៃសេវារដ្ឋបាលឬយ៉ាងណានោះទេដោយលោក ស្នើឲ្យក្រសួងពន្លឿនការចេញតារាងតម្លៃសេវា ឬបើអាច គួរឈប់យកកម្រៃសេវារដ្ឋបាលសាធារណៈពីប្រជាពលរដ្ឋតែម្ដង។

ទោះជាយ៉ាងណា លោកប្លុង វ៉ាត បដិសេធន៍ថា ការអនុវត្តមិនយកថ្លៃសេវារដ្ឋបាលសាធារណៈ ពុំមែននៅក្នុងគោលបំណងទាក់ទាញទឹកចិត្តប្រជាពលរដ្ឋដើម្បីសន្លឹកឆ្នោតអ្វីនោះទេ គឺដើម្បីជួយសម្រាលការចំណាយរបស់ប្រជាជនប៉ុណ្ណោះ។ លោក មេឃុំបន្តថា លោកចង់ឲ្យការអនុវត្តបែបនេះ បន្តអនុវត្តទៅមុខរហូតផងដែរ៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំ លោក គឹម សេង

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required