សុខ ជំនោរ ​ភ្ជាប់ពាក្យភ្លែត​ ​​ប្រកាសរៀបការភ្លាម

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:01 AM | កំសាន្ដ | 0 | 2356 លោក សុខ ជំនោរ និងគូដណ្ដឹងរបស់លោកមានឈ្មោះ ​ស្រី សុរង្សី (FB: លោក សុខ ជំនោរ)

​​​ខុសពី​​​​​​​អ្នកភ្ជាប់ពាក្យមួយចំនួនដែល​​ភ្ជាប់ពាក្យ​ទុកហើយមិន​ច្បាស់​ថារហូត​ដល់​ខែណា​ទើប​អាច​រៀបការ សម្រាប់លោក​​​​ សុខ​ ជំនោរ ដែល​​​​ជាអតីត​​​គូស្នេហ៍​ក្រោម​ដំបូលតែមួយរបស់តារា​​ចម្រៀង​​​ សុគន្ធ
និសា បានអះអាងថា​ លោកមិនទុកយូរ​ទេ គឺ​នឹងរៀបការ​ភ្លាមមិនអោយហួសពី​​​៣ខែឡើង ក្រោយពីលោក
និងគូដណ្ដឹង​​សម្រេច​ចិត្ត​ភ្ជាប់ពាក្យជា​មួយគ្នា ​​កាលពីថ្ងៃ​ ​​៦ សីហា ឆ្នាំ​​២០១៧​មុន​នេះ​។

​លោកថា​​មិន​ទុកយូរ​ទេ ដោយសារតែលោកក៏មានវ័យច្រើន ហើយ​​​​គូដណ្ដឹងក៏​ចង់ការឆាប់​​​​​​ ​ក្នុងពេលដែល​ លោក និងគូស្នេហ៍​ ព្រម​​ទាំង​​​​​គ្រួសារទាំង​សង​ខាងក៏បានជជែកគ្នាច្បាស់​​​​​​ជុំវិញ​រឿងនេះ​តាំងពីមុន​ភ្ជាប់ពាក្យ។ ​លោក សុខ ជំនោរ និយាយថា​​​​ផ្អែកតាមការព្រមព្រៀង គឺ​​​លោកនិងគូដណ្ដឹងនឹងសម្រេចចិត្ត​​​រៀបការ​​​ក្នុងទ្រង់ទ្រាយធំ​​នៅ​​អំឡុុងខែ​​១១ក្នុងឆ្នាំ​​២០១៧ខាងមុខនេះ​ហើយ ដោយគ្រាន់តែមិនទាន់ច្បាស់​ថ្ងៃ ព្រោះតែត្រូវរង់ចាំអោយលោកអាចារ្យ​លោក​​ដេញវេលា​អោយ​បានប្រាកដ​​​ប៉ុណ្ណោះ។

លោក​​​សម្ដែងអារម្មណ៍រីករាយ​ដែលបានកូនក្រមុំ​ស្រស់ស្អាតមកធ្វើជាគូស្នេហ៍ ក្នុងពេលដែល​​នាងក៏ត្រូវបានទម្លាយ​ថាគឺ​ជាកូនអ្នកមាន​​​​​គួរសមនិងមានការងារកាលីប​ផងនៅក្នុងវិស័យឯកជន។ លោកថាឪពុករបស់គូដណ្ដឹង​​លោកគឺ​ជា​វិស្វករ ​ហើយម្ដាយរបស់នាង​គឺជាសាស្រ្តាចារ្យ​​មួយរូប ដោយ​គ្រួសាររបស់​នាងជាអ្នកភ្នំពេញ​ដែលមានជីវភាពល្អ​ប្រសើ​រ ក្នុងពេល​​មិន​ទាន់រាប់បញ្ចូលលើ​​សមត្ថភាពផ្ទាល់ខ្លួនរបស់នាងនោះផង។

លោក​​ថាបានស្គាល់ទាក់ទងជាមួយ​​នាង​ប្រមាណជា​​២ឆ្នាំមក​ហើយ ​​តាមរយៈ​ការ​ទំនាក់ទំនង​​រឿង​ការងារ​​អោយនាង​រៀបចំ​ឯកសារ​ពន្ធដានិង​​ឯកសារផ្សេង​ៗ​​នៅក្នុងធនាគារ ​​ក្នុងពេលដែលលោក​​​សម្រេចបើក​ផលិតកម្ម​​​​​ផ្ទាល់ខ្លួនគឺផលិតកម្ម BigK ​​​ក្រោយបញ្ចប់ការងារនៅហង្សមាស។

លោកថា​គូដណ្ដឹងរបស់លោកគឺ​បុគ្គ​​លិករបស់ធានាគារ​​ខាងផ្នែក​រៀបចំឯកសា​​រទាំងអស់នោះ ទើប​ធ្វើអោយលោកនិង​នាងកាន់តែស្គាល់គ្នា​ច្រើនឡើង​​។ ​យ៉ាងណាមិញ លោកថា​នៅក្នុងដំណាក់កាលដំបូងៗការទំនាក់ទំនងជាមួយគ្នាគឺគ្រាន់តែពាក់ព័ន្ធនឹងឯកសារ​ស្នាមប៉ុណ្ណោះ គឺរហូតដល់ពេល​​បន្ត​​បន្ទាប់ដែលលោក
និងនាងកាន់តែមាន​ជិត​ស្និទ្ធិគ្នាទើប​​​អ្វី​​ៗមាន​ការប្រែប្រួល។

​​​​​គាប់ជួនជានាងក៏​នារី​ដែលនៅទំនេរបេះដូងនិង​ចូលចិត្ត​​​លោក​​ដោយ​មិនប្រកាន់ជុំវិញ​​អតីតកាលរបស់លោកនោះ​​ផង ទើប​​​ទំនាក់ទំនងការងារបានក្លាយជាស្នេហា​​ហើយ​ឈានដល់​ភ្ជាប់ពាក្យតែម្ដង កាលពីថ្ងៃទី​​៦ ​ខែសីហា ដោយ​មាន​ចាស់ទុំ​​យល់ព្រមទាំងសងខាង។

លោកថា​សប្បាយចិត្តដែល​​​បាន​គូដណ្ដឹងជាអ្នកជំនាញ​ខាងផ្នែក​ឯកសារ​​ដោយក្នុងពេលអនាគតលោកបានប្រកាសថាពិតជា​ត្រូវពាក់ព័ន្ធគ្នា​ច្រើន​ដោយសារតែលោក​មានការ​​​​ងារច្រើន​ត្រូវ​​​​​​ពាក់ព័ន្ធនឹង​​​​​​​រឿងឯកសារបែបនេះ។ ​លោក សុខ ជំនោរ ប្រកាស​​ថា​​គូដណ្ដឹងរបស់លោកមានឈ្មោះ ​ស្រី សុរង្សី មានវ័យ​​​២៦ឆ្នាំ ​ដោយនាងដ្បិតថា​ជាកូនស្រី​​ស្ថិតក្នុងត្រកូលធូរធារ តែក៏ចេះម្ចាស់ការខ្លួនឯង​​តាំងពីបានរៀនចប់​និងមានសម្ដីសម្ដៅគួរអោយស្រឡាញ់ ទើប​​លោកសម្រេចចិត្ត​ស៊ើបចិត្តរហូត​បានក្លាយជាគូស្នេហ៍។ នាងនិងលោកដ្បិតថា​​បានចំណាយ​ពេល​​​​​​​សិក្សា​គ្នា​​​​ត្រឹមតែ​​​១ឆ្នាំចុងក្រោយ​មែន ប៉ុន្តែលោក​​​ថាក្នុងពេល​ស្គាល់​គ្នា​ជារបៀបការងារគឺយល់ពីគ្នា​បានច្រើនហើយ​ក៏ស្គាល់​​គ្នាច្បាស់​ផងដែរ ​​​​​​ទើប​​ក្រោយការ​​​ភ្ជាប់ពាក្យ​​​​​​លោកបានប្រកាសថាអ្វីៗគឺ​​មិនមែនជារឿងចៃដន្យរវាងគ្នា​​នឹង​គ្នា។

លោក​​សម្រេចចិត្ត​​រៀបការនៅ​អំឡុងខែ​​​១១ ​ដោយមិនមានគម្រោងអូសបន្លាយពេលពេលវេលា​​ណាមួយទៀតទេ បើទោះជា​​​ក្នុង​រយៈពេល​​៣​ខែ​​ខាងមុខ​នេះ គឺអាចធ្វើអោយ​លោកនិង​នាង​​​​​ពិបាកក្នុងការ​​ចាត់ចែង​ពិធី​​​មង្គលការតាមការ​គ្រោងទុក​​អោយបានរលូន។ លោកថា​មង្គលការក្នុងខែ១១ គឺពិត​ជាមិន​​សល់ពេលច្រើននោះទេ ប៉ុន្តែលោក​និងនាងនឹងចាត់ចែងអោយបាន​ល្អ ដោយ​​សម្រេចធ្វើនៅអាគារ​​កោះពេជ្រ ហើយ​នឹងធ្វើអោយមាន​​លក្ខណៈធំដុំ ដ្បិតថា​មិនទាន់ច្បាស់រឿង​​ធ្វើប៉ុន្មាន​តុ​។ លោកថារវាងលោកនិងគូដណ្ដឹងសុទ្ធតែមាន​ឆន្ទៈស្របគ្នា​គឺរៀបមង្គលការអោយធំ ដោយសារតែខាងស្រីជាកូន​ស្រីតែម្នាក់របស់​អ្នកមាន​មុខមាត់ក្នុងសង្គម ​ហើយ​លោក​ឯណេះវិញក៏​មិនដែលមានពិធីនិងចង់ធ្វើ​​​អោយធំដើម្បីអញ្ជើញ​​តារាសិល្បៈ​និងភ្ញៀវកិត្តិយស​​ដែលលោក​​បានស្គាល់ចូល​រួមអោយបានច្រើន។

មានការ​​ប៉ាន់ស្មានថា​​​​មង្គលការរបស់លោក ​​សុខ ជំនោរ និង​គូដណ្ដឹងពិត​ជា​ផ្អើលកោះពេជ្រ បើទោះជាលោកមិនមែនជាតារាសម្ដែងឬ​ជាតារាចម្រៀង​​​​​​​​​​​យ៉ាងណាក៏ដោយ។ ដូចគ្នាដែរលោកបាន​​ប្រកាសថានឹងធ្វើអោយ​​ធំ​​សម្រាប់មង្គលការរបស់ខ្លួននៅ​អំឡុងខែ​​១១ខាងមុខ ​​​ថ្វីដ្បិតតែការរៀបចំគឺត្រូវដំណើរ​​ការតាំងពីពេល​​នេះ​
និងមាន​រយៈពេល​​មិន​សល់​​​ច្រើន​ប៉ុន្មានក្នុងការរៀបចំ។

លោកមិនមានគម្រោង​​​បន្ថយ​ដៃក្នុងការ​ផលិតភាពយន្ត​ក្រោយពេល​ភ្ជាប់ពាក្យ​​នោះទេ ​តែនឹងបន្ថែម​​ការងារ​​រៀបចំ​មង្គលការមួយ​​បន្ថែមទៀត ដើម្បី​ជួយសម្រួលការងារ​ខាងស្រី​​អោយ​​​​​មង្គលការ​​ខែ​​​១១ខាងមុខ​មានភាពរលូន។ ក្រោយពេលរៀបការ លោកបាន​ប្រកាសថា​​​រវាងលោកនិង​ គូដណ្ដឹង​នឹងបន្តការងាររៀងខ្លួនដោយសារតែគូដណ្ដឹង​មិនចូលចិត្ត​ការងារពាក់ព័ន្ធនឹងសិល្បៈឬ​គ្រប់គ្រង​​ផលិតកម្មដែលលោក​​​បាន​បើក​​។

ប៉ុន្តែបើថ្ងៃអនាគត​​នាងមានចំណូលចិត្ត​លើការងារនេះ នោះលោក​​ក៏នឹង​​​ប្រគល់​អោយ​នាង​​ជួយចាត់ចែង
ឬ​​​​បើកអាជីវកម្មណាផ្សេង​អោយ​​នាង​​​ផងដែរដើម្បី​ពន្លឿន​​​​​​​ជីវភាព​គ្រួសារ​អោយ​​កាន់តែលឿន​ក្នុងការរកចំណូល​​​​
​។ ​លោក​សម្ដែងអារម្មណ៍ជឿជាក់​​១០០ភាគរយថា​​​នារីដែល​លោកទើប​​​​ភ្ជាប់ពាក្យជាមួយ​នឹង​ក្លាយ​ជាគូស្នេហ៍​​​​ដល់ចាស់របស់ខ្លួន​​​​ដោយ​អះអាងថានាង​ជានារីតែម្នាក់ដែលលោក​​​​ទទួលស្គាល់ពីតម្លៃ​ចាប់តាំង​​ពីលោក និង​អតីតគូស្នេហ៍ចាស់ប្រេះឆាជាមួយ​គ្នា៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required