សាលារាជធានីភ្នំពេញពន្លឿនអភិវឌ្ឍន៍តំបន់បឹងកក់ ខណៈជម្លោះដីធ្លីបន្តអូសបន្លាយ

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ក្នុងវេទិការសាធារណៈ

សាលារាជធានីភ្នំពេញបានប្រកាសឲ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍន៍តំបន់បឹងកក់ ខណៈពលរដ្ឋមួយចំនួនដែលមានជម្លោះដីធ្លីប្រមាណជិត១០ឆ្នាំ នៅមិនទាន់ទទួលបានដំណោះស្រាយ។

ថ្លែងក្នុងវេទិការសាធារណៈនៅព្រឹកថ្ងៃទី៧ កញ្ញា នេះ អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា សាលារាជធានីគ្រោងនឹងអភិវឌ្ឍតំបន់បឹងកក់បន្ថែមទៀត ដោយធ្វើការកែរលម្អរហេដ្ឋារចនាសម្ពន្ធក្នុងតំបន់នោះឡើងវិញ។

លោកថា គម្រោងអភិវឌ្ឍន៍នឹងធ្វើឲ្យប៉ះពាល់ផ្ទះ ឬដីពលរដ្ឋមួយចំនួននៅតំបន់បឹងកក់ ដោយ សាលារាជធានីភ្នំពេញនឹងពង្រីកប្រពន្ធលូ និងផ្លូវតាមភូមិនីមួយៗមន្ថែមទៀត ក្នុងនោះក៏ត្រូវសង់ផ្លូវថ្មីមួយកាត់វិហារអ៊ីស្លាមអាល់សាកាល់។ ទោះជាយ៉ាងណា លោកស្នើឲ្យពលរដ្ឋមានការយោគយល់ និងសម្បទានចំពោះផលប៉ះពាល់។

លោកបន្ថែមថា៖“ព្រោះអភិវឌ្ឍតំបន់នេះ [តំបន់បឹងកក់] មិនអាចនិយាយថាជាផល ប្រយោជន៍របស់ក្រុមនេះ ក្រុមនោះ តែពីរ ឬបីនាក់បានទេ គឺ [តំបន់បឹងកក់] ជាតំបន់តែមួយដែលត្រូវអភិវឌ្ឍរួមគ្នា! អញ្ចឹងយើង [ជាពលរដ្ឋ] ត្រូវមានការយោគយល់ដើម្បីឲ្យតំបន់របស់យើងល្អប្រសើរ”។

ពលរដ្ឋម្នាក់ ដែលមានវត្តមានក្នុងវេទិការសាធារណៈ អ្នកស្រី ឌី សត្យា បានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដោយអ្នកស្រីចង់បានផ្លូវ និងប្រព័ន្ធលូល្អ។

អ្នកបន្ថែមថា៖“គឺខ្ញុំសូមចូលរួមឯកភាព ព្រោះស្ថានភាពក្នុងការរស់នៅក្នុងតំបន់បឹងកក់ វាមាន បញ្ហាច្រើន ត្រូវទឹកលិចគ្រប់កន្លែង”។

ទោះយ៉ាងណាក៏ដោយ នៅក្នុងវេទិកាសាធារណៈ ដែលរៀបចំដោយសាលារាជធានីភ្នំពេញកាលពីព្រឹកមិញ មិនឃើញមានសកម្មជនដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ ហើយដែលមិនត្រូវបានដោះស្រាយសំណងជូនអស់ពេលជាង១០ឆ្នាំនោះទេ។

លោក ឌួង ឆើត ជាពលរដ្ឋម្នាក់ ដែលអះអាងថាមិនទាន់ទទួលបានសំណង។ លោកថា លោកមិនបានដឹងអំពីព័ត៌មានរៀបចំវេទិការសាធារណៈរបស់សាលារាជធានីភ្នំពេញនោះទេ។

លោក ឌួង ឆើត បន្តថា លោកមិនគាំទ្រគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដោយលោកស្នើឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយសំណងជូនពួកគាត់ជាមុនសិន។ លោកថា ពលរដ្ឋបឹងកក់ចំនួន៧គ្រួសារទៀត នៅមិនទទួលបានសំណងនៅឡើយ។

លោកបន្ថែមថា៖“សំណូមពរឲ្យសាលារាជធានីភ្នំពេញហ្នឹង ហៅយើង (ពលរដ្ឋចំនួន៧គ្រួសារ) ដើម្បីទៅដោះស្រាយបញ្ចប់ (និង) ដើម្បីអភិវឌ្ឍន៍ទាំងអស់គ្នា ជៀសវៀងអភិវឌ្ឍតែបក្សពួកទុកឲ្យយើងនៅតែវេទនាតទៅទៀត” ។

នៅក្នុងវេទិការសាធារណៈកាលពីព្រឹកថ្ងៃទី៧ កញ្ញា នេះ ក៏បានយកបញ្ហាការសាងសង់ផ្លូវកាត់អ៊ីស្លាមអាល់សាកាល់មកជជែកពិភាក្សាផងដែរ។ ទោះជាយ៉ាង សេចក្តីសម្រេចណាមួយ នៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។ នេះបើតាមការឲ្យដឹងរបស់លោកអភិបាលសាលារាជធានីភ្នំពេញ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា ដែលធ្លាប់ដឹកនាំពលរដ្ឋខ្មែរអ៊ីស្លាមតវ៉ាប្រឆាំងការរុះរើរបងវិហារអ៊ីស្លាមអាល់សាកាល់ នាពេលកន្លងមក ប្រាប់អ្នកសាព័ត៌មានថា ពាក់ព័ន្ធគម្រោងសង់ផ្លូវកាត់វិហារនេះ ភាគីខ្មែរអ៊ីស្លាមមិនទាន់សម្រេចថាយ៉ាងណានោះទេ ដោយលោកថា រងចាំពលរដ្ឋជ្រើសរើតំណាំងដើម្បីធ្វើការចរចារ។

លោកបន្ថែមថា៖ “ពលរដ្ឋខ្មែរអ៊ីស្លាមដែលមកថ្វាយបង្គំព្រះនៅវិហារអាល់សាកាល់ គេសំណូមពរថាអភិវឌ្ឍចុះ ធ្វើផ្លូវចុះ គ្រាន់តែគាត់ថាសុំធ្វើវៀងតាមរបងហើយ ការធ្វើវៀងនេះខ្ញុំជឿថាធ្វើកើតមិនមែនធ្វើ អត់កើតទេ លើកលែងតែយើងអត់ចង់ធ្វើ”។

គម្រោងអភិវឌ្ឍតំបន់បឹងកក់របស់សាលាធានីភ្នំពេញនេះ ត្រូវបានពលរដ្ឋខ្មែរអ៊ីស្លាមមួយចំនួនជំទាស់ដោយសារការសង់ផ្លូវកាត់វិហារ ដែលពួកគេយល់ថានឹងធ្វើឲ្យប៉ះពាល់ឬរំខានដល់ការថ្វាយបង្គំព្រះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ