កាតុ ​​​សម្ដែង​កុន​ស្រង់​​ដើម

​តារា​កំប្លែង ​​​​អ្នក​នាង ​សុខ ​​ច័ន្ទ​ធីតា ហៅ​កាតុ (ដោយ វង្ស សុម៉ាលីន)

ជាយូរមកហើយដែលតារាកំប្លែង អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ត្រូវបានគេឃើញថាបាត់មុខពីការសម្ដែងកុន ដោយសារក្រុមផលិតករយល់ថាអ្នកនាងលែងចង់សម្ដែងកុនផងនិងស្របគ្នាដែលអ្នកនាងក៏រវល់មិនសូវចង់ទទួលការងារនេះផង។ សូម្បីតែខែវស្សាកន្លងទៅ ក៏អ្នកនាងមិនសូវចង់សម្ដែងកុននោះដែរ ដោយងាកទៅសង្វាតចុះថតខារ៉ាអូខេនិងបទចម្រៀងឲ្យផលិតកម្មថោនច្រើនជាង។ យ៉ាងណាមិញ ក្រោយពីស្វាមីរបស់អ្នកនាងត្រូវគេឃើញបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាមញឹកញាប់ តារាស្រីរូបនេះបានងាកមកទទួលយកសម្ដែងកុនវិញ ដោយអ្នកនាងបញ្ជាក់ថានោះគឺជាជំហរដើម្បីស្រង់ដើម។

អ្នកនាង សុខ ច័ន្ទធីតា បានអះអាងថាជាយូរមកហើយដែលអ្នកនាងចេះតែឃ្វៀងៗ ហើយមិនបានសម្ដែងកុនទាល់តែសោះ រហូតបណ្ដាលឲ្យមានផលិតករយល់ថាអ្នកនាងឈប់លេងកុន។

អ្នកនាងបានសារភាពថា ហេតុផលបាត់មុខក្នុងកុនក៏ជាបញ្ហាដែលអ្នកនាងមិនសូវចង់សម្ដែងខ្លះៗនោះ ជាពិសេសក្នុងពេលផលិតករបានតេមកទាក់ទង ហើយក៏ចំតែពេលអ្នកនាងទំនេរមិនបានច្រើនថ្ងៃ។

អ្នកនាងបញ្ជាក់ថាការមិនទទួលសម្ដែងបានធ្វើឲ្យទីផ្សារថតរឿងធ្លាក់ចុះ ហើយក៏ទំនងជាបណ្ដាលអោយផលិតករផ្សេងៗមិនហ៊ានខលហៅ។

អ្នកនាងនិយាយថា៖ “មួយរយៈហ្នឹងប្រហែលជាចឹង(គេថាឈប់ថត)ទើបអត់មានអ្នកណាហៅថត ចឹងបានគ្រាន់តែខាងមហាហង្សគាត់អោយឱកាសក្នុងរឿង «Super Mom» ខ្ញុំទទួលភ្លាម ព្រោះខ្លាចស្រង់ដើមអត់រួច!”។

អ្នកនាងសម្រេចចិត្តទទួលថតរឿងជាថ្មី បន្ទាប់ពីមើលឃើញថាទីផ្សារសម្ដែងមានភាពស្ងាត់ខ្លាំង ស្របគ្នាដែលអ្នកនាងក៏ត្រូវការឱកាសការងារអោយច្រើនជាងមុន ដើម្បីប្រមូលប្រាក់ទុកគ្រាន់ព្យាបាលស្វាមីដែលមានជំងឺគៀបសរសៃបេះដូងធ្ងន់ធ្ងរ។

អ្នកនាងយល់ថា ការបង្ហាញមុខក្នុងរឿង «Super Mom» នឹងជួយបើកច្រកឲ្យមានការទាក់ទងអ្នកនាងឲ្យសម្ដែងដូចមុន ក្នុងពេលអ្នកនាងយល់ថាបើមិនប្រឹងទទួលសម្ដែងរឿងពីឥឡូវនោះទេ គឺពិតជាបាត់ទីផ្សារសម្ដែងរឿងកាន់តែខ្លាំង។

ពាក់ព័ន្ធនឹងការសម្ដែងក្នុងរឿង «Super Mom» អ្នកនាងប្រាប់ថា ផលិតករបានឲ្យអ្នកនាងសម្ដែងជាតួម្ដាយកំប្លុកកំប្លែង ពូកែឈ្នានីស និងមានរឿងកាច់កុងមិនចេះចប់មិនចេះហើយដើម្បីរំលេចសាច់រឿង។

អ្នកនាងថានោះមិនមែនជាចរិតខាងក្រៅរបស់ខ្លួននោះទេ បើទោះជាអ្នកនាងត្រូវគេមើលឃើញថាជាតារាមាត់ដល់មិនសូវសំចៃទាំងក្នុងនិងក្រៅឆាក។ អ្នកនាងនិយាយថាខ្លួនពេញចិត្តទទួលថតរឿង «Super Mom» ដោយសារតែក្រុមផលិតករដាក់ឲ្យអ្នកនាងសម្ដែងជាតួត្រូវចិត្ត ហើយរឿងនោះគឺជាស្នាដៃទី១បន្ទាប់ពីអ្នកនាងផ្អាកអស់មួយសន្លប់ធំ ព្រោះតែរវល់ និងមិនចង់ឆ្លៀតនោះដែរ។

អ្នកនាងយល់ថា រឿងដែលអ្នកនាងទទួលថតនឹងទទួលបានការចាប់អារម្មណ៍ក្នុងពេលដាក់បញ្ចាំងតាមរោង។

អ្នកនាងនិយាយថា៖ “បើតាមតែប្ដីខ្ញុំឈឺមិនទាន់ស្រួលទាំងស្រុង ហើយនៅមានគេការមួយរោងៗ ខ្ញុំអត់ទាន់ចង់ថតទេ ព្រោះថតកុនវាហត់ ហើយចំណាយពេលច្រើន ប៉ុន្តែមកពីទី១ពេញចិត្តរឿងហ្នឹងផង និងអោយបងប្អូនយើងដឹងថាខ្ញុំអត់ឈប់ថតកុនផង ទើបសុខចិត្តឆ្លៀត ដើម្បីស្រង់ដើមវិញខ្លះ!”។

អ្នកនាងបញ្ជាក់ថាចាប់ពីពាក់កណ្ដាលខែ៩តទៅ អ្នកនាងនឹងស្បើយការងារសិល្បៈ ហើយមានការទទួលសម្ដែងរឿងអោយក្រុមផលិតករបានឃើញប៉ុណ្ណោះ ដើម្បីទទួលបានទីផ្សារសម្ដែងកុនអោយខ្លាំង។

អ្នកនាងរំពឹងថាខ្សែរឿង «Super Mom» ហ្នឹងជារឿងទី១បើកពង្រីកទីផ្សារសម្ដែងកុនរបស់ខ្លួន ជាពិសេសពេលការងារសម្ដែងរឿងកាន់តែមានអ្នកក្រោយមកដណ្ដើម។ អ្នកនាងប្រកាន់ជំហរសម្ដែងគ្រប់តួ មិនថាតួតូចតួធំនោះទេឬថតច្រើនថ្ងៃតិចថ្ងៃនោះទេ ដោយសូម្បីតែតម្លៃក៏មិនមានការកំហិតនោះដែរ ដែលអ្នកនាងបញ្ជាក់ថាអោយចរចាត្រូវគឺអត់បញ្ហា។

អ្នកនាងប្រកាសសម្ដែងរឿងក្នុងរដូវវស្សានេះ ដោយនៅតែអះអាងថាក្រោយចប់ថតរឿង «Super Mom» នឹងបន្តមានរឿងបន្ថែមទៀតដែលកំពុងមានការទាក់ទង ដើម្បីទប់ការអត់រោងចេញកាត់សក់ផង និងដើម្បីស្រង់ដើមរឿងចំណាយលើការមើលជំងឺរបស់ស្វាមីនាពេលកន្លងមកនោះផង។

លោក អ៊ិន សុភិន ផលិតករមហាហង្សបានអះអាងថា ក្នុងរឿង «Super Mom» លោកជ្រើសអ្នកនាង កាតុ មកសម្ដែង គឺដោយសារតែហេតុផលអ្នកនាងបាត់មុខយូរពីការថតកុននេះឯង។ លោកថារឿងនេះនឹងបញ្ចប់ការថតក្នុងពេលដ៏ខ្លី ដោយការប្រកាសបញ្ចាំងតាមរោងក៏នឹងចំអំឡុងបុណ្យអុំទូកឬចុងឆ្នាំខាងមុខ។

លោកថា សុខ ច័ន្ទធីតា នឹងទទួលបានការសម្ដែងថតរឿងក្នុងពេលបន្តបន្ទាប់ទៀតរបស់ផលិតកម្មមហាហង្ស បន្ទាប់ពីអ្នកនាងប្រកាសទទួលកុនជាថ្មីលើកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ