រដ្ឋ​មន្ត្រី​ព័ត៌មាន៖ ការ​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត​គឺ​ធ្វើ​តាម​ច្បាប់

រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៧ សីហា (ប្រភពរូបភាពពីហ្វេសប៊ុក CCI)

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បកស្រាយពីការដែលហាមមិនឲ្យអ្នកសារព័ត៌មាន ផ្សាយនៅអំឡុងពេលដំណើរការបោះឆ្នោតមិនបានបញ្ចប់ ដោយថាជាការយោងទៅតាមច្បាប់ស្តីពីការបោះឆ្នោត។

កាលពីថ្ងៃទី៣០ សីហា កន្លងទៅ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងសិក្ខាសិលាស្តីពីនីតិវិធី និងច្បាប់បោះឆ្នោត ដោយលោកបានស្នើឲ្យបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ផ្អាកការផ្សាយព័ត៌មានពីព្រឹត្តិការណ៍នានាជុំវិញការបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដោយរង់ចាំរហូតដល់ការបិទហិបឆ្នោតទើបអនុញ្ញាតឲ្យផ្សាយ ដោយថាកុំឲ្យមានការភ័ន្តច្រលំចំពោះការបោះឆ្នោតពីសារធារណជន។

ជាថ្មីម្តងទៀត នៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ បញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិទទួលព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថាការណែនាំរបស់លោកកាលពីពេលកន្លងទៅគឺយោងទៅតាមច្បាប់បោះឆ្នោតថ្មី ដែលបានព្រមព្រៀងគ្នារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ។

លោកមានប្រសាសន៍ថា៖ អ្នកដែលរិះគន់នោះគាត់អត់បានមើលច្បាប់បោះឆ្នោតផង ច្បាប់បោះឆ្នោតតើហ្នឹង។ ច្បាប់បោះឆ្នោតជាការសម្រេចរបស់គណបក្សជាប់ឆ្នោតធំៗទាំងពីរដែលបានធ្វើតើ! អ្នករិះគន់គាត់អត់បានមើលច្បាប់ផង ខ្ញុំមាននិយាយខ្លួនខ្ញុំឯណា?”។

លោក ខៀវ កាញារីទ្ធ បានបន្ថែមថា ការហាមនេះគឺមានឥទ្ធិពលទៅលើវិទ្យុនិងទូរទស្សន៍ ប៉ុន្តែលោកថាចំពោះការផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកគឺមិនអាចហាមឃាត់បានទេ ហើយការហាមមិនឲ្យផ្សាយនេះគឺចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។

អ្នកនាំពាក្យកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ច្បាប់បោះឆ្នោតថ្មីគឺចង់ឲ្យមានការស្ងប់ស្ងាត់សម្រាប់ថ្ងៃបោះឆ្នោត ដោយលោកអះអាងថា ច្បាប់បានរៀបចំឲ្យគណបក្សមានការឃោសនារួចហើយ ហើយការធ្វើបែបនេះគឺដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានទៅជាការឃោសនាបក្ស ក៏ប៉ុន្តែលោកថាគណកម្មាធិការជាតិមួយនេះមិនទាន់បានចែងលំអិតអំពីករណីនេះនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ នៅក្នុងច្បាប់បោះឆ្នោតថ្មីគឺចង់ឲ្យមានការស្ងប់ស្ងាត់ដោយមិនមាការផ្សព្វផ្សាយទេ។ ប៉ុន្តែអ្វីដែល .. កំពុងតែធ្វើគឺគ.. អត់ទាន់បានចែងពីនីតិវិធីនៃការបោះឆ្នោតហ្នឹងនៅឡើយទេ ពីមុនមកក៏អញ្ចឹងដែរគឺមិនឲ្យមាការផ្សព្វផ្សាយពីម៉ោង៧ដល់ម៉ោង៣ទេ  … ពេលខាងមុខយើងហ្នឹងពិចារណាទៅលើរឿងហ្នឹង (នីតិវិធីនៃការបោះឆ្នោតបន្ថែមទៀត។ អ្វីដែលរដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងក៏ជាអ្វីដែល .. យកមកពិចារណាដែរ

នាយកប្រតិបត្តិអង្គការឃ្លាំងមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថាខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មាននៅក្នុងដំណើរការបោះឆ្នោត ហើយថាច្បាប់ស្តីពីការបោះឆ្នោតមិនបានអនុញ្ញាតឲ្យក្រសួងព័ត៌មានត្រួតត្រាការផ្សាយព័ត៌មាននៅថ្ងៃបោះឆ្នោតនោះទេ។

លោកមានប្រសាសន៍ថា៖ វាអត់មានៗ មាត្រាណាដែលឲ្យរដ្ឋមន្ត្រីធ្វើរឿងហ្នឹង  (បញ្ហាមិនឲ្យមានការផ្សព្វផ្សាយពីការបោះឆ្នោតណា។ គេឲ្យតែការងា .. ហើយសំខាន់ នៅពេលដែលថ្ងៃមួយថ្ងៃ បោះឆ្នោតមួយថ្ងៃ (មុនបោះឆ្នោតមួយថ្ងៃនិងថ្ងៃបោះឆ្នោត)ដែលគេមិនឲ្យមានការឃោសនា។ ប៉ុន្តែមិនមែនមានន័យថាប្រជាជនគ្នាសិទ្ធិទទួលបានព័ត៌មានទេ។ ហើយអ្នកសារព័ត៌មានត្រូវតែផ្តល់ព័ត៌មានអំពីរឿងបោះឆ្នោតទៅប្រជាពលរដ្ឋ តែសកម្មភាពឃោសនាគេមិនឲ្យមាននៅពេលដែល ថ្ងៃហើយនិងថ្ងៃបោះ

អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា បានមានប្រសាសន៍ថា អ្នកសារព័ត៌មានមានសិទ្ធិក្នុងការផ្សព្វផ្សាយពីព័ត៌មានដែលប្រមូលបាន ប៉ុន្តែលោកថា រាល់ការផ្សព្វផ្សាយត្រូវមានប្រភពច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិធ្វើនៅ ខែកក្កដា ឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ