វិភាគ៖ អ្វីនៅពីក្រោយការបំផ្ទុះគ្រាប់បែកដៃជាបន្តបន្ទាប់មកនេះ?

នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានគ្រាប់បែកដៃមួយគ្រាប់ ត្រូវបានគេបំផ្ទុះនៅលើផ្លូវមួយ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ បង្កឲ្យអ្នកធ្វើដំណើរ៤នាក់រងរបួសស្រាល។

នៅយប់ថ្ងៃដដែលនោះគ្រាន់ម៉ោងខុសគ្នា ក៏មានករណីផ្ទុះគ្រាប់បែកនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរខេត្តកំពង់ចាម ប៉ុន្តែមិនមានមនុស្សរបួសនោះទេ។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។

ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកទាំងពីរករណីផ្ទួនៗគ្នានេះកើតឡើងស្របពេលតុលាការគ្រោងបើកសវនាការលើសំនុំរឿងដ៏ចម្រូងចម្រាសរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

លោក កឹម សុខា ត្រូវសាលាដំបូងរាជធានីភ្នំពេញបង្គ្រាប់ឲ្យចូលខ្លួននៅតុលាការថ្ងៃទី៩ខែកញ្ញាទាំងមានអភ័យឯកសិទ្ធិសភា។ ករណីនេះតំណាងរាស្ត្របក្សប្រឆាំងចោទថា តុលាការបានចាត់ការលើមេបក្សរបស់ខ្លួន រំលោភសិទ្ធិតំណាងរាស្ត្រដែលធានាដោយរដ្ឋធម្មនុញ្ញ។

ជាងនេះទៅទៀត គណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រនៅតាមបណ្តាខេត្តនានាវិលចូលរាជធានី ដែលថា វាសនាលោក កឹម សុខា បានពឹងផ្អែកលើអ្នកគាំទ្រ។

តើការបំផ្ទុះគ្រាប់បែកដៃលើផ្លូវសាធារណៈនោះជារឿងនយោបាយឬជារឿងជម្លោះបុគ្គល?

អ្នកវិភាគនយោបាយនិងអ្នកតាមដានសង្គមបង្ហាញការយល់ឃើញខុសៗចំពោះគ្នាករណីនេះ។

សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា បើតាមវីដេអូឃ្លីបដែលគេបង្ហោះតាមប្រព័ន្ធបណ្តាញសង្គម លោកថាគ្រាប់បែកដៃដែលគេទម្លាក់ឲ្យផ្ទុះនោះ លោកថាបានធ្លាក់នៅកណ្តាលផ្លូវ អ្នកបំផ្ទុះហាក់មិនបានសំដៅបង្កឲ្យគ្រោះថ្នាក់បុគ្គលណាមួយទេ ចំណែកអ្នករងរបួសអាចជាការចៃដន្យ ពេលពួកគេធ្វើដំណើរមកដល់ចំនុចដែលគ្រាប់បែកចាប់ផ្តើមផ្ទុះ។

លោក ឯម សុវណ្ណារ៉ា វិភាគថា ការបំផ្ទុះគ្រាប់បែកនេះអាចជាហេតុផលនយោបាយច្រើនជាង ដោយលោកថា អាជ្ញាធរអាចនឹងយកហេតុផលផ្ទុះគ្រាប់បែកនេះទៅទប់ស្កាត់ប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរចូលមករាជធានីភ្នំពេញតាមការអំពាវនាវរបស់បក្សប្រឆាំង ដោយអាជ្ញាធរយកលែសនេះថាជាការពង្រឹងសន្តិសុខ និងការពារសណ្តាប់ធ្លាប់សង្គម។

បើតាមលោក ឯម សុវណ្ណារ៉ា ហេតុផលនៃការពង្រឹងសន្តិសុខនេះអាចបង្វែរទិសទៅទប់ស្កាត់អ្នកដែលតវ៉ាប្រឆាំងនឹងការសម្រេចរបស់តុលាការដែលកាត់ទោសលោក កឹម សុខា។

លោកបន្តថា៖ «ការផ្ទុះគ្រាប់បែកហ្នឹង អ្នកនយោបាយគេអាចទប់ស្កាត់អាចរារាំងបាន យកហេតុផលផ្ទុះ យកហេតុផលចលាចល យកហេតុផលពិបាកផ្សេងៗពិបាកគ្រប់គ្រងហ្នឹង គេអាចផ្អាកសកម្មភាពឬមានវិធានការទប់ស្កាត់។ យើងមើលបញ្ហាមួយកាលពីថ្ងៃចន្ទ ទប់ស្កាត់បិទផ្លូវបិទ[មិនឲ្យបក្សប្រឆាំងហែញត្តិ]។ យើងឃើញយន្តការរបស់អាជ្ញាធរក្រុង គេមានវិធានការមួយទៀត ប្តេជ្ញាចិត្តហើយឃើញកងកម្លាំងអីចេញទប់ស្កាត់ ពាក់ព័ន្ធសេរីភាពបញ្ចេញមតិ សម្តែងនូវឆន្ទៈទស្សននយោបាយរបស់ប្រជាពលរដ្ឋ»។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានសម្រេចស្នាក់នៅក្នុងស្នាក់ការគណបក្សចាប់ពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៦មក រហូតពេលនេះ ក្រោយពីកម្លាំងសមត្ថកិច្ចឆ្មក់ចាប់ខ្លួនមិនបានសម្រេចនៅលើមហាវិថីមួយក្នុងរាជធានីភ្នំពេញ។

ការបន្តស្នាក់នៅក្នុងស្នាក់ការនេះ លោក កឹម សុខា បានខកខានចុះជួបសកម្មជននិងអ្នកគាំទ្រនៅតាមបណ្តាខេត្តនានា ពន្យល់ពីគោលនយោបាយស្វែងរកប្រជាប្រិយភាព។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់ទៀតគឺលោក សូ ចន្ថា លើកឡើងថា ការបំផ្ទុះគ្រាប់បែកនោះលោកថាអាចជាសារគំរាមមួយទៀតទៅបក្សប្រឆាំង ដែលលោកថាស្ថានការណ៍តានតឹងផ្នែកនយោបាយនេះអាចនឹងឈានទៅចាប់ខ្លួន លោក កឹម សុខា ក៏អាចថាបាន ដែលលោកថាជាយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចចង់ឲ្យបក្សប្រឆាំងមួយនេះចុះខ្សោយ។

លោកយល់ឃើញថា៖ «ការវិវត្តនយោបាយចុងក្រោយនេះ ខ្ញុំមើលទៅរដ្ឋាភិបាលហាក់ដូចជាត្រៀមកម្លាំងឬក៏ត្រៀមខ្លួនចាប់ខ្លួនលោក កឹម សុខា ហ្នឹងច្រើនជាងមុន។ យើងមើលការប្រើប្រាស់[កងកម្លាំង]ទាំងជើងទឹក ជើងគោកនិងជើងអាកាស ហើយនិងការបង្កើតនូវវោហាសាសន៍នយោបាយផ្សេងៗទៀតក្នុងន័យគំរាមកំហែង មិនត្រឹមតែលោក កឹម សុខា ទេ ប៉ុន្តែអាចគំរាមកំហែងដល់សកម្មជនដទៃទៀត កុំឲ្យហ៊ានចូលរួមប្រជុំនិងហ៊ានការពារលោក កឹម សុខា នៅថ្ងៃហ្នឹង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថាការបំផ្ទុះគ្រាប់បែកមុនពេលសវនាការលោក កឹម សុខា លោកថាជារឿងកើតឡើងដដែលៗ ឲ្យតែដំណើការបោះឆ្នោតជិតចូលមកដល់ ដែលលោកថាដើម្បីបំភិតបំភ័យពលរដ្ឋ។

លោក ប៊ួ បញ្ញា វិភាគថាព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនិងការចល័តទ័ពពេលថ្មីៗនេះ លោកថាជារូបភាពគំរាមកំហែងដល់ដំណើការបោះឆ្នោត ដែលលោកថាបានបំភិតបំភ័យពលរដ្ឋឲ្យគិតពីសុវត្ថិភាពផ្ទាល់ខ្លួនជាងចំណាយពេលទៅទៅចុះឈ្មោះបោះឆ្នោត សម្រាប់ត្រៀមជ្រើសរើសមេដឹកនាំនៅពេលខាងមុខ។

លោកវិភាគថា៖ «ខ្ញុំមើលទៅនេះជាការរៀបចំឆាកល្ខោនមួយធ្វើឲ្យសង្គមយើងមើលទៅវាអសន្តិសុខ ធ្វើឲ្យពលរដ្ឋបារម្ភ បង្វែរការគិតរបស់ពលរដ្ឋពីការបោះឆ្នោត ឈប់ចាប់អារម្មណ៍ទៅលើជនជាតិវៀតណាមទៅចុះឈ្មោះបោះឆ្នោត ធ្វើម៉េចឲ្យគិតពីសុវត្ថិភាព សន្តិសុខសង្គមវិញ ជាជាងគិតទៅលើអាបញ្ហាទាំងអស់ហ្នឹង»។

បើតាមអ្នកវិភាគ គណបក្សប្រជាជនកម្ពុជាអាចនឹងជំរុញឲ្យមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដើម្បីបង្ហាញមតិជាតិនិងអន្តរជាតិថា ខ្លួនកំពុងពង្រឹងការអនុវត្តច្បាប់ បើទោះបីរងការរិះគន់ថាបក្សកាន់អំណាចមួយនេះកំពុងយកតុលាការធ្វើជាឧបករណ៍នយោបាយក៏ដោយ។

ប៉ុន្តែអ្នកវិភាគព្រមានថា បើចាប់ខ្លួន លោក កឹម សុខា អាចនឹងធ្វើឲ្យពលរដ្ឋដែលគាំទ្រកម្រើកការតវ៉ា ពេលនោះសម្ពាធពីអន្តរជាតិនឹងកើនឡើង ហើយចុងបញ្ចប់អាចមានការចរចានយោបាយឈានទៅបញ្ចប់វិវាទដែលអូសបន្លាយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ