រដ្ឋសភានឹង​ប្រជុំ​ពេញ​អង្គ ​​ករណី​លោក កឹម សុខា នៅ​ដើមសប្តាហ៍ក្រោយ​

រដ្ឋសភា (គឹម ហុង)

រដ្ឋសភាបានឲ្យដឹងថា ស្ថាប័ននេះនឹងប្រជុំពេញអង្គ នៅដើមសប្តាហ៍​ក្រោយ ពាក់ព័​ន្ធ​សំណុំរឿង​មេដឹក​នាំ​បក្ស​​ប្រឆំាងលោក កឹម សុខា​ ដែលតុលាការចោទប្រកាន់ថា ក្បត់ជាតិ ដូចការចោទ​របស់​លោក ហ៊ុន សែន។

​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី៧ ខែកញ្ញានេះ​ អ្នកនាំពាក្យ​រដ្ឋសភា​ មកពី​គណបក្ស​ប្រជាជនកម្ពុជា​ ​លោក ឈាង វុន បានថ្លែង​ថា បន្ទាប់ពីសភាទទួលបានរបាយការណ៍ពីក្រសួង​យុត្តិធម៌ពាក់ព័ន្ធ​នឹងការចោទ​ប្រកាន់​​​របស់តុលាការថា លោក កឹម សុខា ក្បត់ជាតិនោះ។ លោកថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​រដ្ឋសភាបន្ទាន់មួយ​ នៅ​ថ្ងៃ​ទី១១ ខែកញ្ញាខាងមុខ​ ដោយថា គួរតែ​ទុកឲ្យ​តុលាការ​​​​បន្ត​ចាត់​ការតាម​នីតិវិធីច្បាប់​​ ឬក៏​ផ្អាកនិតិវិធី​​​។​

លោកថ្លែងថា «យើងប្រជុំថ្ងៃចន្ទ សម្រេច​ថា តើយើងផ្អាកនីតិវិធីតុលាការពាក់ព័ន្ធរឿង​លោក កឹម សុខា ឬអត់​ ហើយយើងធ្វើ ការផ្អាកមិនផ្អាក អាស្រ័យទៅលើខ្លឹមសារដែលតុលាការផ្ញើមក​ ហើយនិងខ្លឹមសារ​ច្បាប់​ដែលយើងមាននៅក្នុង​ដៃ»

នៅពេលអ្នកសារព័ត៌មានព្យាយាម​សួរលោក ឈាង វុន ថា តើសភានឹង​ប្រជុំដក​អភ័យឯកសិទ្ធិលោក កឹម សុខា​បានដែរឬទេ មុន​នឹងបញ្ជូនទៅតុលាការកាត់ទោស​? លោក​ថា លោក កឹម សុខា ប្រព្រឹត្តបទល្មើសជាក់ស្តែង មិនបាច់ដកអភ័យឯកសិទ្ធិនោះទេ ដោយលោកថា យោងតាម​មាត្រា​១២នៃ​​លក្ខន្តិកៈ​តំណាង​​រាស្ត្រ និងមាត្រា៨០នៃរដ្ឋធម្មនុញ្ញ​។

VOD មិនអាច​សុំប្រតិកម្មភ្លាមៗ ពី​មន្ត្រីគណបក្សសង្គ្រោះជាតិបានទេ នៅថ្ងៃនេះ។

កាលពីថ្ងៃ៦កញ្ញា ម្សិលមិញ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ ថា មិនអាចទទួលបានទេ ចំពោះការចាប់ខ្លួន និងការចោទប្រកាន់ លោក កឹម សុខា ដោយថា មេបក្សប្រឆាំងរូបនោះ គឺជាអ្នកតំណាងរាស្រ្តដែលមាន​អភ័យឯកសិទ្ធិការពារ​ដោយមាត្រា៨០​នៃរដ្ឋ​ធម្ម​នុញ្ញ និងមាត្រា៧ នៃច្បាប់ស្តីពីលក្ខន្តិកៈ ចែងថា រាល់ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬឃុំ​បាន លុះត្រាតែរដ្ឋសភាប្រជុំអនុម័តតាមមតិភាគច្រើន គឺពីរភាគបី នៃចំនួនសមាជិកសភាទាំងមូល ដើម្បី​លើក​អភ័យឯកសិទ្ធិជាមុនសិន។

ករណីនេះ បក្សប្រឆំាងចាត់ទុកថា បក្សកាន់អំណាច​ប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ដើម្បី​ធ្វើទុក្ខបុកម្និញលើសកម្មជន រួមទាំងថ្នាក់ដឹកនាំរបស់ខ្លួន។

ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានច្រានចោលចំពោះការលើកឡើងថា បក្សកាន់អំណាចប្រើប្រាស់ជាឧបករណ៍នយោបាយ ដោយថា ការដែលតុលាការមានវិធាន ការ​លើ​មេបក្ស​ប្រឆាំង​នោះ គឺអនុវត្តតាមច្បាប់។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកាកាលពីយប់ថ្ងៃទី០២ ចូលដល់​ថ្ងៃទី០៣​ ខែកញ្ញានេះ។

ក្រោយពីចាប់ខ្លួនមេបក្សប្រឆំាង​លោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។ប៉ុន្តែប្រទេសកុំមុយនីស្តចិនបានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ