រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត៤ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោត

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា រយៈពេល៦ថ្ងៃ នៃការចុះឈ្មោះបោះឆ្នោត គឺមានពលរដ្ឋជិត៤ម៉ឺននាក់ បានទៅចុះឈ្មោះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៦ ខែកញ្ញា អ្នកដែលមកចុះឈ្មោះថ្មីបាន៣៧ ៥៨៧នាក់។ លោកបន្តថា អ្នកដែលមកចុះឈ្មោះថ្មីនេះ គឺភាគច្រើនជាយុវជនទើបគ្រប់អាយុ និងពលរដ្ឋ ដែលកន្លងមកមិនបានចុះឈ្មោះបោះឆ្នោត ចំណែកពលករចំណាកស្រុក លោកមិនទាន់ដឹងច្បាស់ថាមានប៉ុន្មាននៅឡើយ ដោយថាមើលពេលរដូវភ្ជុំបិណ្ឌ។

លោកអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងក្នុងស្រុក និងនៅក្រៅប្រទេស ដែលមិនទាន់បានមកចុះឈ្មោះបោះឆ្នោតនោះ ឲ្យបានគ្រប់ៗគ្នា ដើម្បីមាន​សិទ្ធិបោះឆ្នោត ជ្រើស​រើស​​មេដឹកនាំដែលខ្លួនពេញចិត្ត។

លោកថា «អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្យាយាមអញ្ចើញទៅចុះឈ្មោះបោះឆ្នោត សម្រាប់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ គិតមកដល់ថ្ងៃបោះឆ្នោត ហើយនិងអ្នកដែលដែលអត់បានចុះឈ្មោះ ក៏សូមអញ្ចើញមកទៅធ្វើការចុះឈ្មោះបោះឆ្នោត ហើយសម្រាប់អ្នកដែលទើបផ្លាស់ទីលំនៅទៅដល់ឃុំសង្កាត់ថ្មី ក៏ត្រូវធ្វើការចុះឈ្មោះបោះឆ្នោត ដើម្បីជៀសវាងបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន»។

បើតាមសេចក្ដីប្រកាសអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មី​ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ គឺ​ចាប់ផ្ដើមពី​ថ្ងៃ​​​​ទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។ ​

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា (គ.ជ.ប) ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុនិង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ​មាន​ចំនួន​សរុប​ជាង១,៤​លាន​នាក់។ អ្នក​ទាំង​នោះ ភាគ​ច្រើន​ជា​ពលករ​ចំណាក​ស្រុក ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ