កូរ៉េ​ខាង​ត្បូង​ដាក់​ពង្រាយ​ជើង​ទម្រ​នៃ​ខែល​ការពារ​មីស៊ីល ចំ​ពេល​ប៉ះ​ទង្គិច​ជាមួយ​បាតុករ

ក្រុម​បាតុករ​បាន​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​ប៉ូលិស​រាប់​ពាន់​នាក់ នៅ​ឯ​ភូមិ​មួយ​របស់​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ក្រុង​សេអ៊ូល បាន​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​គ្រាប់​មីស៊ីល ៤​គ្រឿង នៃ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​របស់​អាមេរិក ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ឥត​ឈប់​ឈរ​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជើង​ទម្រ​ទាំង​នោះ នឹង​ត្រូវ​បាន​ដំឡើង​នៅ​លើ​អតីត​ទីលាន​វាយ​កូន​ហ្កូល នៅ​ជិត​ទីក្រុង Seongju មាន​ចម្ងាយ​ប្រហែល ២១៧​គីឡូ​ម៉ែត្រ ភាគ​ខាង​ត្បូង​ទីក្រុង​សេអ៊ូល។ ជើង​ទម្រ ២​គ្រឿង និង​រ៉ាដា​ដ៏​ខ្លាំង​មួយ​គ្រឿង ត្រូវ​បាន​ដាក់​បញ្ឈរ​រួច​រាល់​ហើយ​នៅ​លើ​ទីតាំង​នោះ ជា​ផ្នែក​មួយ​​នៃ​ប្រព័ន្ធ​​ការ​ពារ​ដែន​អាកាស​របស់​អាមេរិក ហៅ​កាត់​ថា THAAD។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ ប៉ូលិស​កូរ៉េ​ខាង​ត្បូង​ប្រហែល ៨​ពាន់​នាក់ បាន​ឈរ​ជើង​នៅ​ក្នុង​ភូមិ Soseong-ri នៅ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ទីលាន​វាយ​កូន​ហ្គោល​នោះ ដើម្បី​ទម្លាយ​របាំង​របស់​អ្នក​ភូមិ​ប្រហែល ៣០០​នាក់ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ជំទាស់​នឹង​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​នោះ។

ក្នុង​ការ​ប៉ះ​ទង្គិច​នោះ បាតុករ​ប្រហែល ៣៨​នាក់ បាន​រង​របួស ក្នុង​នោះ ២១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ តែ​មិន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ