អាមេរិក​ជំរុញ​​ទណ្ឌកម្ម​ផ្នែក​ដឹក​ជញ្ជូន​ប្រេង​លើ​កូរ៉េ​ខាង​ជើង​សំដៅ​លើ​លោក គីម ជុងអ៊ុន

​បាន​ស្នើ​ទៅ​អង្កការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ ឲ្យ​ដាក់​ទណ្ឌកម្ម​ផ្នែក​ដឹក​ជញ្ជូន​ប្រេង​លើ​កូរ៉េ​ខាង​ជើង និង​បង្កក់​ទ្រព្យ​សម្បត្តិ​មេដឹកនាំ​ លោក គីម ជុងអ៊ុន។ នេះ​ដោយ​យោង​តាម​​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បាន​ផ្សាយ​បន្ត​ថា នេះ​គឺ​ជា​បញ្ហា​ចម្បង​មួយ​របស់​អាមេរិក ដែល​ប្រឈម​មុខ​នឹង​ប្រទេស​រុស្ស៊ី និង​ចិន ជុំ​វិញ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុង​ព្យុងយ៉ាង បន្ទាប់​ពី​កូរ៉េ​ខាង​ជើងបាន​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី​៦ និង​ធំ​បំផុត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

​ឯកសារ​ព្រាង​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល AFP ទទួល​បាន​នោះ បាន​ទាម​ទារ​មិន​ត្រឹម​តែ​ហាម​ឃាត់​ការ​ផ្គត់​ផ្គង់​ប្រេង និង​ឧស្ម័ន​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​បាន​ទាមទារ​ឲ្យ​បញ្ឈប់​ការ​នាំ​ចេញ​ក្រណាត់ និង​ការ​ចំណាយ​ប្រាក់​ទៅ​ដល់​បុគ្គលិក​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ផង​ដែរ ដើម្បី​កាត់​ផ្ដាច់​ប្រាក់​ចំណូល​របប​លោក គីម ជុងអ៊ុន។

ជា​យូរ​មកហើយ ប្រទេស​ចិន​តែង​តែ​ស្ទាក់​ស្ទើ​ក្នុង​ការ​ចាត់​វិធានការ​ដែល​អាច​ជំរុញ​ឲ្យ​មាន​អស្ថេរភាព ឬ​ការ​ភៀស​ខ្លួន​មនុស្ស​នៅ​តាម​ព្រំដែន​របស់​ខ្លួន ហើយ​ប្រទេស​រុស្ស៊ី​វិញ តែង​តែ​ជំទាស់​នឹង​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​វិបត្តិ​មនុស្ស​ធម៌​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង។

នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សមភាគី​ចិន លោក ស៊ី ជិនពីង នោះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អះ​អាង​ថា ការ​ប្រើ​ប្រាស់​យោធា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង មិន​មែន​ជា​«ជម្រើស​ដំបូង»​របស់​លោក​ទេ ហើយ​លោក​ជំរុញ​ឲ្យ​មាន​ជម្រើស​ផ្នែក​កាទូត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ