បញ្ញាវន្តរិះគន់ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​​ ធី សុវណ្ណថា បើក​សាកលវិទ្យាល័យ

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 6:20 PM | ការអប់រំនយោបាយបច្ចេកវិទ្យា | 0 | 51908 កញ្ញា ធី សុវណ្ណថា (ប្រភពពីហ្វេសប៊ុក)

បណ្ឌិត និង បញ្ញាវន្តមួយចំនួននៅកម្ពុជាបានរិះគន់ទៅនឹងការផ្តល់អាជ្ញាប័ណ្ណរបស់ក្រសួងអប់រំទៅឲ្យកញ្ញា ធី សុវណ្ណថា បើកសាកលវិទ្យាល័យដោយថាការផ្តល់នេះកំពុងតែធ្វើឲ្យប៉ះពាល់ដល់វិស័យអប់រំ។

អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន បានបញ្ជាក់ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយថ្ងៃទី៧ ខែតុលានេះថា ក្រសួងអប់រំបានផ្តល់អាជ្ញាប័ណ្ណឲ្យកញ្ញា ធី សុវណ្ណថា កាលពីដើមខែតុលានេះដើម្បីឲ្យកញ្ញាបើកសាកលវិទ្យាល័យរបស់ខ្លួន។

ទាក់ទងទៅនឹងការផ្តល់អាជ្ញាប័ណ្ណនេះត្រូវបានក្រុមបញ្ញាវន្តក្នុងស្រុកមួយចំនួនរិះគន់និងខ្លះគាំទ្រ។

អតីតប្រធានសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជាលោក ម៉ៅ ពិសេស យល់ថាការផ្តល់អាជ្ញាប័ណ្ណរបស់ក្រសួងអប់រំទៅឲ្យកញ្ញា ធី សុវណ្ណថា នេះជាការមើលស្រាលទៅដល់វិស័យអប់រំរបស់ជាតិ។ លោកអះអាងបែបនេះ ខណៈដែលក្រសួងអប់រំកំពុងតែកែលម្អមុខមាត់នៃវិស័យនេះ តែបែរជាអនុញ្ញាត្តិឲ្យសិស្សដែលមិនទាន់បញ្ចប់ថ្នាក់ទី១២ អាចទទួលអាជ្ញាប័ណ្ណបង្កើតសាកលវិទ្យាល័យបាន។

លោកថា៖ “ហើយក៏៏ត្រូវតែមើកប្រវត្តិក៏ដូចជា  Credibility របស់អ្នកដែលស្នើរសុំបើកហ្នឹង ។ ជួនកាល បើគាត់មិនមានសមត្ថភាព មិនមានកម្រិតនៃការអប់រំមួយ ដែលគាត់រៀនមិនទាន់ទៅដល់ថ្នាក់ឧត្តមសិក្សាផង។ ហើយគាត់ចង់បើកដល់ថ្នាក់ឧត្តមសិក្សា វាគឹជារឿងមួយដែលមើលស្រាលវិស័យអប់រំរបស់ជាតិទាំងមូលតែម្តង។ ចំពោះខ្ញុំ ជាប្រជាពលរដ្ឋ ខ្ញុំអំពាវនាវដល់រដ្ឋាភិបាលពិនិត្យពិច័យឲ្យមែនទែនក្នុងរឿងហ្នឹង។ …បើខ្ញុំជានិស្សិត ខ្ញុំត្រូវរើសសាកលវិទ្យាល័យនោះ ខ្ញុំត្រូវតែមើលទៅលើស្ថាបនិករបស់សាកលវិទ្យាល័យហ្នឹងផងដែរ ”

លោក ម៉ៅ ពិសេស យល់ថាការអនុញ្ញាត្តិឲ្យកញ្ញា ធី សុវណ្ណថា អាចបង្កើតសាកលវិទ្យាល័យបាននេះកើតឡើងពីចេតនានយោបាយច្រើនជាង។

អ្នកស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍន៍ លោក ប៉ា ច័ន្ទរឿន ថាលោកមានការភ្ញាក់ផ្អើលនិងហួសចិត្តទៅលើរដ្ឋាភិបាលដែលបានអនុញ្ញាត្តិឲ្យកញ្ញា ធី សុវណ្ណថា បើកសាកលវិទ្យាល័យនេះ។ លោកយល់ថា ការអនុញ្ញាត្តិនេះ វាកំពុងហាក់បានបង្ហាញថាកិច្ចការនយោបាយកំពុងជៀតចូលទៅក្នុងវិស័យអប់រំ ដែលលោកថា ការបើកនេះគឺក្នុងគោលបំណងអ្វីមួយផ្សេងទៀតនៅពីក្រោយរឿងនេះ។

លោកថា៖ “សព្ធថ្ងៃគាត់គឺជាសកម្មជននយោបាយម្នាក់ មិនថាគាត់នៅក្នុងគណបក្សប្រជាជន ឬក៏អត់ទេ។ ប៉ុន្តែ គាត់បានប្រកាសខ្លួនគាត់ថា គាត់ឈប់គាំទ្រគណបក្សសង្គ្រោះជាតិ។ …ខ្ញុំមើលឃើញថា បើសិនជាគេអាចបើកជាសកលវិទ្យាល័យ ឃើញថាមានការគៀងគទៅឲ្យយុវជនទៅរៀន ដើម្បីជាកម្លាំងបើសិនជាអាចធ្វើនៅក្នុងពេលអនាគតទៅនៅក្នុងកម្លាំងណាមួយ ដូចអ្វីដែលកញ្ញា ធី សុវណ្ណថា ធ្លាប់ប្រកាសថានឹងគៀងគរយកយុវជន មួយម៉ឺនពីរម៉ឺននាក់ដើម្បី ឬក៏មួយលានដើម្បីមកធ្វើបាតុកម្មទប់ទលនឹងគណបក្សសង្គ្រោះជាតិ ឬក៏ក្រុមណាមួយអីអញ្ចឹង ” ។

សាកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈលោកបណ្ឌិត សុខ ទូច ថាប្រជាជនគ្រប់រូបគឺអាចបើកសាកលវិទ្យាល័យបាន តែត្រូវទាមទារលក្ខខណ្ឌចាំបាច់ចំនួន៣មានដូចជាម្ចាស់ហ៊ុន ក្រុមប្រឹក្សាភិបាល និងបណ្ឌិតវិទ្យាសាស្ត្រ។ តែមុខតំណែងជាងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យនោះ គឺត្រូវទាមទារលក្ខខណ្ឌសញ្ញាបត្រដែលចាំបាច់។

លោកថា៖ “…បើគាត់ដើរតួរជានាយកសាលាអត់បានទេ ព្រោះអត់មានសញ្ញាបត្រ។ តែសញ្ញាបត្រគាត់បើកមត្តេយ្យបាន មិនអាចមកបើកសាកលវិទ្យាល័យបានទេមិនមាននរណាដែលបើកមិនបាន យើងមិនបន្ទោសថាតែ ធី សុវណ្ណថា ទេ។ សាលាបើកហើយ បិទទៅវិញក៏៏ច្រើនដែរ មិនសំខាន់ទេ មួយក៏នាងចង់ចាប់យុវជន “

លោកបន្ថែមថា៖ “យើងនិយាយពីបុណ្យបាបវិញ កាលណាអ្នកណាបាបអីច្រើនគេ ធ្វើបុណ្យរឿងហ្នឹងហើយ ដូចថានាងប្រលងធ្លាក់បាក់ឌុបអញ្ចឹង នាងចង់ថាមូលហេតុអី ដែលនាងធ្លាក់បាក់ឌុប ប្រហែលជាមកពីមានចំណុចត្រង់ណានាងចង់កំណែទម្រងវិស័យអប់រំ ព្រោះយើងនិយាយគេអត់កើតទាល់តែបើកសាលាខ្លួនឯងបង្ហាញថាគុណភាពវានៅត្រូវណា ប្រហែលជានាងចង់ធ្វើចឹងក៏មិនដឹង ”។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាលោកបណ្ឌិត ហេង វ៉ាន់ដា ដែលជាសាកលវិទ្យាធិការវិទ្យាស្ថានវ៉ាន់ដាគណនេយ្យផងដែរនោះ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា នេះជាសិទ្ធិរបស់ ធី សុវណ្ណថា ក្នុងការបើកសាកលវិទ្យាល័យ ដោយលោកថាការអនុញ្ញាត្តិនេះអាចមកពីក្រសួងអប់រំឃើញមានលក្ខណៈអ្វីដែលអនុញ្ញាត្តិឲ្យបានតែលោកថា ធី សុវណ្ណថា មិនអាចឈរជានាយកសាកលវិទ្យាល័យបានទេ តែអាចកាន់ក្នុងតំណែងណាមួយក្នុងក្រុមប្រឹក្សាភិបាលនៃសាលានោះ។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៤ ដែលជាឆ្នាំនៃការធ្វើកំណែទម្រង់វិស័យអប់រំរបស់រដ្ឋមន្ត្រី លោក ហង្ស ជួនណារ៉ុន បានសម្រេចមិនផ្តល់អាជ្ញាប័ណ្ណឲ្យបើកសាកលវិទ្យាល័យដែលទាក់ទងការបើកបង្រៀនថ្នាក់វិទ្យាសាស្ត្រសង្គមបន្ថែមទៀតទេ តែអាចអនុញ្ញាត្តិឲ្យបើកសម្រាប់មុខវិជ្ជាជំនាញបច្ចេកទេស។

កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេស្គាល់ច្រើនក្រោយពេលបោះឆ្នោតឆ្នាំ២០១៣ ដែលពេលនោះនាងបានចូលរួមយ៉ាងសកម្មជាមួយគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែទំនាក់ទំនងរវាងនាង និងគណបក្សប្រឆាំងនេះ បានប្រែជារកាំរកូសជាបន្តបន្ទាប់ ហើយនៅដើមឆ្នាំ២០១៦នេះ នាងបានប្តឹងប្រធានស្តីទីបក្សសង្គ្រោះជាតិលោក កឹម សុខា ពីបទបរិហាក្តេរិ៍ដោយទាមទារសំណងជំងឺចិត្ត១លានដុល្លារក្រោយពីបែកធ្លាយខ្សែអាត់សំឡេងដែលគេថាជាសំឡេងសន្ទនាគ្នារវាងលោក កឹម សុខា និងស្រីកំណាន់។

ក្រោយពីរបត់នយោបាយរបស់ ធី សុវណ្ណថា ហាក់បីដូចជាងាកមកកាន់គណបក្សកាន់អំណាច អង្គការរបស់នាងត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ និងបើកដំណើរការ។ កាលពីខែកក្កដាកន្លងទៅនេះ នាងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសើថាបានជួយការពារព្រៃឈើកម្ពុជា និងនៅពេលថ្មីៗនេះទៀតនាងត្រូវបានរដ្ឋាភិបាលបំពាក់គ្រឿងឥស្សរិយយសដោយថាមានស្នាដៃក្នុងការចូលរួមថែរក្សា និងអភិរក្សបរិស្ថានធម្មជាតិនៅក្នុងប្រទេសកម្ពុជា៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required