សហគមន៍​ខ្មែរ​នៅ​ក្រៅប្រទេសបាតុកម្មប្រឆំាងវត្តមានលោក ហ៊ុន ម៉ាណែត​

សហគមន៍​ខ្មែរ​នៅ​ក្រៅប្រទេសបាតុកម្មប្រឆំាងវត្តមានលោក ហ៊ុន ម៉ាណែត​

សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) នៃប្រទេសអូស្ត្រាលីរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនច្បងលោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ ដោយថាពួកគេមិនពេញចិត្តនឹងលោក ហ៊ុន ម៉ាណែត ដែលទៅរៀបចំពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅទីក្រុងនោះ ចំពេលដែលពួកគេកំពុងរៀបចំពិធីបុណ្យខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី។

សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន គ្រោងធ្វើពិធីបុណ្យខួប១០០ថ្ងៃ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី៩ ខែតុលាខាងមុខនេះ ខណៈលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនៈកិច្ចនៅទីក្រុងនោះ ហើយក្រុមគណបក្សប្រជាជនកម្ពុជា ត្រៀមរៀបចំពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីនៃគណបក្សនេះ នៅថ្ងៃទី៧ ខែតុលា ពោលមុនពីរថ្ងៃនៃគម្រោងធ្វើបុណ្យខួប១០០ថ្ងៃឲ្យលោកបណ្ឌិត កែម ឡី។

ក្រុមអ្នកតវ៉ាបាននាំគា្នលើកបដានិងស្រែកទាមទារឲ្យលោក ហ៊ុន ម៉ាណែត ត្រឡប់មកប្រទេសកម្ពុជាវិញ ហើយពួកគេក៏បានស្រែកដោយចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកនៅពីក្រោយនៃការសម្លាប់លោកបណ្ទិត កែម ឡី ផងដែរ។

តំណាងរាស្ត្រមានដើមកំណើតខ្មែរប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី លោក ហុង លីម ដែលចូលរួមដឹកនាំបាតុកម្មនោះបានថ្លែងថាការដែលលោក ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងស្វាគមន៍សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជានេះបានធ្វើឲ្យខាតបង់លុយរដ្ឋអស់រាប់ម៉ឺនដុល្លារ។

លោកបន្ថែមថា៖ “ហ៊ុន ម៉ាណែត ត្រឡប់ទៅវិញទៅ! CPP ឃាតករ!យើងថាមានលុយប្រហែល១៤ម៉ឺន[ញុំាបាយ]មួយពេលនេះ ដែលគេយកមកបំផ្លាញ យើងគិតថាបើលុយទាំងអស់នេះយកទៅជួយជាតិ ជួយអ្នកក្រ អ្នករហេមរហាមដែលយើងឃើញមិនចេះ ចប់មិនចេះហើយនឹងមានប្រយោជន៍ជាង“។

យ៉ាងណាក៏ដោយលោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនលោកចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីថា លោកមិនចាប់អារម្មណ៍នឹងការធ្វើបាតុកម្មប្រឆំាងវត្តមានលោកនោះទេ ដោយស្នើឲ្យក្រុមបាតុករធ្វើបាតុកម្មគោរពតាមច្បាប់ប្រទេសនោះ៖ “ការបញ្ចេញមតិរបស់បងប្អូនទៅទីនេះមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេ កុំឲ្យតែធ្វើអ្វីលើសព្រំដែននៃច្បាប់ (ច្បាប់ប្រទេសអូស្ត្រាលី) ហើយប៉ះពាល់ទៅដល់លើសពីព្រំដែននៃអំពើអហិង្សា ហើយក្នុងការចូលរួមក្នុងកម្មវិធីក៏ជាសិទ្ធិរបស់ខ្ញុំ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅទីនោះដែរ យើងគោរពគ្នាទៅវិញទៅមក“។

ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសតែងតែធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំកម្ពុជានៅពេលពួកគេទៅក្រៅប្រទេសដូចជា កាលពីឆ្នាំ២០១៥ ពលរដ្ឋខ្មែរនៅអាមេរិកនិងបារាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយថាការដឹកនាំប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ