វិភាគ៖ ចំណុចវិជ្ជមាននិងអវិជ្ជមាននៃការបន្តធ្វើពហិការបស់គណបក្សប្រឆាំង

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

មិនដូចការរំពឹងទុករបស់មជ្ឈដ្ឋានមួយចំនួននោះឡើយ គឺគណបក្សប្រឆាំងនៅតែបន្តធ្វើពហិកាមិនចូលប្រជុំសភាដដែល បើទោះជាអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងមកថ្មីៗ ស្ថានការណ៍នយោបាយបានស្ងប់ស្ងាត់ក្រោយពីលោក ហ៊ុន សែន ប្រកាស “បទឈប់បាញ់” ក៏ដោយ។

តាមគម្រោងគណបក្សសង្រ្គោះជាតិ ថានឹងចូលប្រជុំសភាពេញអង្គនៅថ្ងៃសុក្រនេះ ខណៈសភាចូលកងវិញ។ប៉ុន្តែជាក់ស្តែងគណបក្សប្រឆាំងនេះបានមិនចូលប្រជុំនោះទេ បើទោះជាកាលពីសប្តាហ៍មុនតំណាងគណៈកម្មការជំនាញចំនួន៥រូបនៃគណបក្សសង្រ្គោះជាតិបានចូលប្រជុំគណៈកម្មាធិការអន្រ្តៃយ៍រដ្ឋសភារួចហើយក៏ដោយ។

មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសពីក្រៅប្រទេសកាលពីយប់ថ្ងៃព្រហស្បតិ៍ថា គណបក្សប្រឆាំងនេះអាចចូលសភាវិញដើម្បីសភាស្របច្បាប់បានលុះត្រាតែរដ្ឋាភិបាលព្រមដោះលែងអ្នកជាប់ឃុំក្រោមហេតុផលនយោបាយទាំងអស់។

អ្នកជាប់ឃុំទាំងអស់២៥រូប ក្នុងនោះមានតំណាងរាស្ត្រនិងសកម្មជនគណបក្សសង្រ្គោះជាតិសរុប១៨រូប មន្រ្តីសិទ្ធិមនុស្សអាដហុក៤ មន្រ្តី គ.ជ.ប លោក នី ចរិយា អ្នកស្រី ទេព វន្នី សកម្មជនបឹងកក់ និងយុវជន គង់ រៃយ៉ា ដែលរដ្ឋាភិបាលចោទថាប៉ុនប៉ងធ្វើបដិវត្តពណ៌។

ចំណែកប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ បានប្រកាសក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រនេះថា មូលហេតុដែលគណបក្សនេះប្តូរជំហរមិនចូលប្រជុំសភានេះ ដោយសារខ្លាចមានគេវាយដំតំណាងរាស្ត្រដូចកាលពីខែតុលាឆ្នាំមុនទៀត។ លោកថា មានប្រភពគួរឲ្យទុកចិត្តបានប្រាប់គណបក្សសង្រ្គោះជាតិថា អាចមានគេវាយដំតំណាងរាស្ត្របក្សប្រឆាំងទៀត ខណៈពលរដ្ឋខ្មែរនៅអូស្ត្រាលីធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៧តុលា ពេលលោកទៅទស្សនកិច្ចទីនោះចំខួប១០០ថ្ងៃលោក កែម ឡី។

តើការបន្តធ្វើពហិការបស់បក្សប្រឆាំងមិនចូលប្រជុំសភានេះមានចំណុចវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះ?

លោក សូ ចន្ថា អ្នកវិភាគនយោបាយយល់ថា ការដែលគណបក្សសង្រ្គោះជាតិមិនចូលប្រជុំសភានេះ ដោយសារតែមើលទៅមិនមានសញ្ញាចរចាដែលនាំឲ្យមានការដោះលែងអ្នកជាប់ឃុំនយោបាយ។ លោកវិភាគថា ការមិនចូលប្រជុំសភានេះធ្វើគណបក្សប្រឆាំងបាត់ឱកាសកោះហៅរដ្ឋមន្រ្តីណាដែលអសកម្មមកស្តីបន្ទោសនិងបាត់ឱកាសចូលរួមធ្វើច្បាប់នានា។ ប៉ុន្តែលោក សូ ចន្ថា លើកឡើងថាការមិនចូលសភានេះក៏ធ្វើគណបក្សប្រឆាំងចំណេញផងដែរ។ លោកវិភាគថា៖ “ចំណេញផែ្នកនយោបាយទៅលើបក្សប្រឆាំង គឺបក្សប្រឆាំងចង់រក្សានូវតម្លៃនៃការគាំទ្ររក្សាគោលជំហររឹងមាំរបស់ខ្លួនដើម្បីបង្ហាញទៅអ្នកគាំទ្រនិងប្រជាពលរដ្ឋខែ្មរទូទៅថា បក្សប្រឆាំងមិនមែនជាបក្សខ្សោយដូចដែលបក្សប្រជាជនអះអាងថាចូលឬមិនចូលមិនមានបញ្ហាអីនោះទេ។ ចឹងខ្ញុំគិតថាត្រូវរក្សាកម្លាំងនូវការគាំទ្របក្សប្រឆាំងច្រើនជាងផលចំណេញ“។

ទាក់ទងនឹងការបារម្ភថាមានការវាយដំលើតំណាងរាស្ត្របក្សប្រឆាំងនៅពេលគណបក្សនេះចូលសភានោះ លោក សូ ចន្ថា យល់ថាបញ្ហានេះដូចជាមិនអាចកើតឡើងទៀតទេ ព្រោះថាគណបក្សកាន់អំណាចខាតបង់ច្រើនចំពោះករណីកន្លងមក។

លោកកត់សំគាល់ថា៖ “ចំណុចនេះហើយដែលធើ្វឲ្យបក្សកាន់អំណាចហាក់ដូចជាមិនមានអីចំណេញ ការបង្កើតឲ្យមានបាតុកម្មវៃអ្នកតំណាងរាស្រ្តឬក៏ការកាត់កី្ដឲ្យអ្នកដែលវៃអ្នកតំណាងរាស្រ្តជាប់ទោសមានរយ:ពេលខ្លី ផ្ទុយទៅវិញបក្សដែលកាន់អំណាចកាន់តែខាតបង់នូវពេលបង្កើតព្រឹតិ្តការណ៍បែបនេះ ដែលយើងហៅថាជានយោបាយឡុងចុង នយោបាយមិនចំណេញ“។

កាលពីខែតុលាឆ្នាំ២០១៥ ក្រុមបាតុករដែលគាំទ្ររដ្ឋាភិបាលធ្វើបាតុកម្មទាមទារដកលោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មនោះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក ហ៊ុន សែន បានប្រកាសពីប្រទេសបារាំង។ ប៉ុន្តែបាតុកម្មបែបតក់ក្រហល់នោះបានរាលដាលទៅជាកុប្បកម្ម ពោលមានការវាយដំតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិពីររូបឲ្យរបួសធ្ងន់ធ្ងរ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកតាមដានស្ថានការណ៍នយោបាយផងដែរនោះ លោកបណ្ឌិត មាស នី យល់ថា ការលើកហេតុផលរបស់បក្សប្រឆាំងថា មិនហ៊ានចូលប្រជុំសភាព្រោះខ្លាចមានការវាយដំទៀតនោះ លោកថា សមហេតុផលដែរព្រោះកន្លងមករឿងដែលមិនគួរកើតបែរជាកើតឡើងបាន។

លោកបន្តថា៖ “ក៏ប៉ុន្តែបើសិនជាគ្រាន់តែគណបក្សសង្រ្គាះជាតិប្រកាសថាមិនទៅចូលរួមប្រជុំហើយដោយសារតែខ្លាចមានបញ្ហដូចកាលមុនទៀត ហាក់ដូចជាវាខ្លីពេក។ ប្រសិនបើគាត់ប្រកាសបែបហ្នឹង ប៉ុន្តែប្រហែលជាគណបក្សសង្គ្រាះជាតិគួរតែមានការសើ្នសុំមួយពីរដ្ឋាភិបាល ថាតើរដ្ឋាភិបាលអាចមានវិធានការការពារបញ្ហហ្នឹង[វាយដំ]កុំឲ្យកើតមាន ហើយសង្រ្គាះជាតិនឹងត្រូវប្រកាសឲ្យច្បាស់មួយថាអី្វមួយកើតឡើងនៅអូស្រ្តាលីមិនជាប់ពាក់ព័ន្ធនិងសង្រ្គាះជាតិទេជាសិទិ្ធរបស់ខែ្មរនៅអូស្រ្តាលី“។

ខណៈគណបក្សប្រឆាំងមិនចូលប្រជុំសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ “ពេលនេះកំពុងប្រជុំរដ្ឋសភាដែលជាដំណើការធម្មតានៃអង្គនីតិប្បញ្ញត្តិ។ ដោយរបៀបវារៈច្រើនថ្ងៃនេះ ច្បាស់ជាបាយថ្ងៃត្រង់នៅរដ្ឋសភាទៀតហើយ ហើយការប្រជុំច្បាស់ជាអូសបន្លាយរហូតដល់ពេលល្ងាច។ ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែល ព្រោះមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះទេ”។

លោកបណ្ឌិត មាស នី ប្រៀបធៀបដំណើរការរដ្ឋសភាដែលមិនមានវត្តមានគណបក្សប្រឆាំងនេះទៅនឹងរទេះគោដែលទឹមតែគោម្ខាង។ លោកប្រៀបធៀបថា៖ “ហើយបើសិនជាធើ្វបែបហ្នឹងគោនោះយូរឆាប់វាគង់តែងាប់ទេ។ វាហត់នោះបើសិនជាអូសតែមួយដូចគោក្របីវាមិអីទេ ប៉ុន្តែរទេះយើងធើ្វនឹមសម្រាប់អូសគោពីរប៉ុនែ្តគោមានតែមួយថៃ្ងណាមួយគោហ្នឹងវានឹងងាប់ដោយសារទាក់កជាមួយនឹងនឹមវាដើរអត់ត្រង់ផ្លូវវាចេះតែទៅតែឯងចឹង។ និយាយឲ្យដល់ដូចឡានបែកកង់”។

បើតាមលោក មាស នី ស្ថានការណ៍នយោបាយនៅកម្ពុជាទំនងមិនល្អប្រសើឡើងវិញបានទេ បើអ្នកនយោបាយនៅតែឆ្លងឆ្លើយគ្នាបែបនេះ។ លោកថាស្ថានការណ៍នេះអាចឡើងកម្តៅវិញឬនៅត្រឹងមួយរយៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ