មេឃុំមួយនៅកំពង់ឆ្នាំងឲ្យពលរដ្ឋសុំក្រសួងមហាផ្ទៃដើម្បីជួបជុំប្រារព្ធសិទ្ធិលំនៅដ្ឋាន

រូបភាពពី ហ្វេសប៊ុក លោក អ៊ុំ សុធី ប្រជាសហគមន៍ខេត្តកំពង់ឆ្នាំង

មេឃុំមួយនៅក្នុងខេត្តកំពង់ឆ្នាំងមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជួបជុំគ្នាដើម្បីប្រារព្ធកម្មវិធីសិទ្ធិលំនៅដ្ឋាន ដោយថាការ​ប្រមូលផ្ដុំត្រូវតែមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។

មេឃុំតាជេសបានចេញលិខិតមួយចុះថ្ងៃទី ០៧ ខែ តុលា មិនអនុញ្ញាតឲ្យ​គណៈកម្មការ​រៀប​ចំកម្មវិធី​សិទ្ធិ​លំនៅ​ដ្ឋាន នៅស្ថិតក្នុងភូមិឡពាង ឃុំ តាជេស ស្រុក កំពង់ត្រឡាចឡើយ។ តាមគម្រោងសហគមន៍រៀបចំកម្មវិធីនៅថ្ងៃស្អែក នេះ។​

ក្នុងលិខិតដដែលបញ្ជាក់ថាការមិនអនុញ្ញាតឲ្យរៀបចំកម្មវិធីនេះដោយសារឯកសារលិខិតជូនដំណឹងមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ដែលថា ការធ្វើអាចមានចលាចល ​និង ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវតែមានការ​អនុញ្ញាតពីក្រសួងមហាផ្ទៃ។

បើ​តាម​ការ​ឲ្យដឹង​ពី​គណៈកម្មការមួយរូបក្នុងចំណោម៥រូប អ្នកស្រី អ៊ុំ សូ​ភី​ ចាត់ទុកថា​ការមិនអនុញ្ញាតឲ្យពួកគាត់​​ជួប​ជុំនេះ គឺជាការរំលោភ និងបំបិទសិទ្ធិរបស់ពួកគេ ក្នុងការសំដែងមតិ ពីការបាត់​បង់ដី និង ផ្ទះ ដោយសារក្រុមហ៊ុន​ KDC ឈូសឆាយ​យក​ដោយ​គ្មាន​សំណង​​រយៈពេលជិត ១០ ឆ្នាំមកហើយ។

អ្នកស្រី អ៊ុំ សូ​ភី បន្ថែមថាការប្រារព្ធនូវកម្មវិធីសិទ្ធិលំនៅដ្ឋាននេះគឺធ្វើនៅនឹងកន្លែងក្នុងសហគមន៍ឡពាង មិន​មាន​ការហែរក្បួនធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់សាធារណៈទេ។អ្នកស្រីថាទោះបីជាមានការហាមឃាត់ពីអាជ្ញាធរក៏ពួកគេដែលមានគ្នាជាង ៤០០ នាក់ ប្រកាន់​ជំហរក្នុងការធ្វើកម្មវិធីនេះ ដើម្បីទាមទារនូវសិទ្ធិលំនៅដ្នាន។

គួរបញ្ជាក់​ថា​ ប្រជាពលរដ្ឋសហគមន៍ឡពាង មាន​ជម្លោះ​ដីធ្លី​នេះ​ជាមួយ​ក្រុមហ៊ុន​KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ​តាំងពី​ឆ្នាំ​២០០៨មក ដោយពួកគេអះអាងថាក្រុមហ៊ុនបាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយដី​ផ្ទះ និង​ចម្ការ​របស់​ពួកគេដោយគ្មានសំណង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ