អាជ្ញាធរជាតិអប្សរាច្រានចោលការចោទថាមន្ដ្រីរបស់ខ្លួនកាប់ដើមក្រញូងនៅតំបន់អង្គរ

ដើមក្រញូងមួយដើមដែលមានអាយុកាលរាប់រយឆ្នាំនៅតំបន់អង្គរត្រូវបានគេលួចកាប់ កាល​ពី​កន្ល​ងទៅ

អាជ្ញាធរជាតិអប្សរាបានបដិសេធចំពោះការចោទថា មន្ដ្រីរបស់ខ្លួនជាអ្នកកាប់បំផ្លាញដើមក្រញូងមួយដើមដែលមានអាយុកាលរាប់រយឆ្នាំនៅតំបន់អង្គរ កាលពីថ្ងៃទី៥ ខែវិច្ឆិកានេះ ដោយអះអាងថាមានជនខិលខូចជាអ្នកលួចកាប់។

កាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១៦នេះ ដើមឈើក្រញូងទំហំមុខកាត់៨តឹក ស្ថិតនៅតំបន់ប្រាសាទអង្គរធំ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានកាប់រំលំ ហើយពលរដ្ឋនៅតំបន់នោះបានចោទថាក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរាជាអ្នកប្រព្រឹត្តបទល្មើសនេះ។

អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប លោក ស៊ឹម ឈីវឈានពិសិដ្ឋ ប្រាប់VODនៅព្រឹកថ្ងៃចន្ទនេះថា តាមការបំភ្លឺពីពលរដ្ឋនៅតំបន់នោះអះអាងថា ដើមឈើប្រណិតនេះ គឺមន្ដ្រីអាជ្ញាធរជាតិអប្សរាប្រមាណ៥នាក់ ដឹកនាំដោយប្រធានផ្នែការិយាល័យបរិស្ថាននៃអគ្គនាយកដ្ឋានគ្រប់ព្រៃឈើ លោក ចេវ ផល ជាអ្នកកាប់។ លោកបន្ដតាមសំដីពលរដ្ឋថា ក្រុមមន្ដ្រីទាំងនោះបានប្រើរណាយន្ដពីរគ្រឿងនិងប្រេងសាំងពីរកាដុង ដើម្បីផ្ដួលដើមឈើនោះ។ ប៉ុន្ដែលោកថា មន្ទីរបរិស្ថានមិនទាន់មានវិធានការនៅឡើយទេ ដោយលោកថាមន្ទីរនឹងរៀបចំឯកសារប្ដឹងទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ស្ដីពីការពារបរិស្ថាន។ លោកបន្ដថា៖ “អ្នកកាប់ហ្នឹងតាមការរាយការណ័ពីប្រជាពលរដ្ឋនៅក្បែរហ្នឹងនៅភូមិនគរក្រៅហ្នឹងណា គេថាក្រុមខាងអប្សរា ប៉ុន្ដែមែនមិនមែនខ្ញុំអត់ដឹងទេ នេះជាប្រសាសន៍របស់គាត់ដែលខ្ញុំចុះទៅសាកសួរបំភ្លឺព័ត៌មានពីគាត់ជាមួយខាងប៉េអឹមក្រុងមិញហ្នឹង តាមច្បាប់បរិស្ថានទោសធ្ងន់គឺទោសឧក្រិដ្ឋកាប់បំផ្លាញព្រៃឈើ“។

ប៉ុន្ដែករណីនេះប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានបដិសេធការចោទប្រកាន់នេះ។ លោកបន្ដថា ដើមឈើប្រណិតនេះត្រូវបានជនមិនស្គាល់មុខលួចកាប់បំផ្លាញ កាលពីល្ងាចទី៤ ខែវិច្ឆិកា អស់ទំហំមុខកាត់៤តឹក នៅសល់មុខ២តឹក ទើបមន្ដ្រីអាជ្ញាធរជាតិអប្សរាសម្រេចកាត់ផ្ដាច់បន្ថែម ដោយបារម្ភខ្លាចដើមឈើនោះដួលរលំបង្កគ្រោះថ្នាក់ដល់មនុស្សជាយថាហេតុ ប៉ុន្ដែលោកមិនបានជូនដំណឹងដល់ពលរដ្ឋជាមុនឡើយ។ លោកថា ការបាត់បង់ដើមឈើដ៏កម្រនេះ ទុកឲ្យនគរបាលយុត្ដិធម៌ជាអ្នកចាត់វិធានការទៅលើជនខិលខូច។ លោកបន្ដថា៖ “វាចឹងអត់មានថាធ្វើឡើងដើម្បីទៅកាត់អាហ្ចឹងយកទៅលក់ដូរដើម្បីផលចំណេញអត់មានទេ អាហ្នឹងដើម្បីបញ្ជៀសពីគ្រោះថ្នាក់ ម៉្យាងយើងដឹងស្រាប់ហើយ វានៅសល់តែពីរតឹកហ្នឹងទុកម៉េច បាក់បាត់បង់ជីវិតមនុស្ស បាត់បង់ទ្រព្យសម្បត្ដិហ្នឹង ខឹងអាជ្ញាធរជាតិអប្សរាទៀតឡូវហើយ“។

ទោះជាយ៉ាងណា កញ្ញា ខាន់ យ៉ង់ ជាបុគ្គលិកធនាគារមួយរូប រស់នៅភូមិក្បែដើមឈើនោះឲ្យដឹងថា កញ្ញាក៏ដូចជាពលរដ្ឋនៅភូមិនគរក្រៅ យល់ឃើញថាការអះអាងរបស់អាជ្ញាធរជាតិអប្សរានេះ គ្រាន់ជាល្បិចស្វាស៊ីបាយលាបមាត់ពពែប៉ុណ្ណោះ ដោយថានៅតំបន់នោះគ្មានជនខិលខូចណាម្នាក់ហ៊ានលួចកាប់បំផ្លាញដើមឈើនៅតំបន់អង្គរបានឡើយ ព្រោះមានអ្នកជំនាញគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាយាមកាមយ៉ាងតឹងតែងបំផុត។ កញ្ញាសម្ដែងការសោកស្ដាយ ដើមឈើដែលមានតម្លៃដ៏មហាសាលមួយដើមនោះ ដោយទទួចឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការស្វែងរកចាប់ជនខិលខូចផ្ដន្ទាទោសតាមច្បាប់ និងរក្សាទុកដើមឈើដ៏មានតម្លៃនេះនៅកន្លែងសុវត្ថិភាព។ កញ្ញាបន្ដថា៖ “ខ្ញុំឃើញមានតាំងពីដើម អត់មានអ្នកហ៊ានលួចកាប់ដើមឈើនៅតំបន់អង្គរទេ មិនថាដើមធំទេ សូម្បីដើមតូច ក៏អត់ហ៊ានកាប់ដែរ ព្រោះអប្សរាគាត់តាមឈឹបៗម៉ង។ មានតែគេមានគោលបំណង គេទៅកាប់។ មតិយោបល់នៅក្នុងភូមិ គាត់គិតថាគ្មានជនខិលខូចមកពីណាទេ និយាយទៅគាត់ដាក់សង្ស័យទៅលើអប្សរាហ្នឹងម៉ង ចឹងបានគាត់អត់ឲ្យអប្សរាដឹកទៅ“។

VOD ព្យាយាមទាក់ទងអភិបាលរងខេត្ដសៀមរាបទទួលបន្ទុកបរិស្ថាន លោក គឹម ឆៃហៀង ដើម្បីសាកសួរករណីនេះដែរ ប៉ុន្ដែលោកចុចផ្ដាច់ទូរសព្ទ។

បើតាមមេភូមិនគរក្រៅ សង្កាត់គោកចក លោក មិ រិទ្ធ ឲ្យដឹងថា កាលពីឆ្នាំ២០១២ ដើមក្រញូងមានអាយុកាលរាប់រយឆ្នាំមួយដើមនេះ ត្រូវបានគេលួចកាប់ម្ដងដែរ ប៉ុន្ដែមិនបានសម្រេច។

ប៉ុន្តែឥឡូវនេះអាជ្ញាធរជាតិអប្សរាបានផ្ដួលដើមឈើនោះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ហើយប្រជាពលរដ្ឋបានតវ៉ា មិនឲ្យដឹកចេញពីតំបន់នោះទេ ដោយទាមទារឲ្យទុកនៅកន្លែងដដែល ដើម្បីទុកជាកេរិ៍្តដំណែល ប៉ុន្ដែសមត្ថកិច្ចបរិស្ថានបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើនៅស្រុកបន្ទាយស្រីទៅវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ