រកឃើញជ័យលាភី​លេខ​​​១ មហោស្រព​​ភាពយន្ត​​​​​ចតុមុខ

លោក​ នាង កាវិច ជ័យលាភី​លេខ​​​១ មហោស្រព​​ភាពយន្ត​​​​​ចតុមុខ (វង្ស សុម៉ាលីន)

ការប្រកួតផលិតភាពយន្តខ្នាតខ្លីប្រចាំឆ្នាំដែលមានឈ្មោះថា «មហោស្រពភាពយន្តខ្នាតខ្លីចតុមុខប្រចាំឆ្នាំ២០១៦» ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃ៦ ខែវិច្ឆិកា បន្ទាប់ពីធ្វើការប្រកួតប្រជែងពេញរយៈពេល៣ថ្ងៃ។ បេក្ខជនឈ្មោះ នាង កាវិច ម្ចាស់ភាពយន្តខ្នាតខ្លីរឿង «លាហើយភ្នំពេញ» គឺជាអ្នកទទួលបានជ័យលាភីលេខ១ សម្រាប់ព្រឹត្តិការណ៍នេះ។

លោក នាង កាវិច គឺជាបេក្ខជនតែម្នាក់ក្នុងចំណោមបេក្ខជន-បេក្ខនារីជាតិនិងអន្តរជាតិ រស់នៅប្រទេសកម្ពុជាសរុបជាង៣០រូប ដែលបានផលិតរឿងអប់រំខ្នាតខ្លី ចូលមកប្រកួតប្រជែងនៅក្នុងកម្មវិធី។ ខ្សែរឿងដែលទទួលបានចំណាត់ថ្នាក់លេខ១នេះ ត្រូវបានលោក នាង កាវិច អះអាងថាចំណាយពេលថតអស់ជាង២ថ្ងៃ តែបានចំណាយពេលច្រើនគួរសមជាមួយនឹងការកាត់តនិងដាក់បញ្ចូលបទភ្លេង ដើម្បីឲ្យក្លាយជាភាពយន្តស្ដង់ដារ។

លោកថារឿងនេះមានរយៈពេល៨នាទី ដោយខ្លឹមសារសំខាន់និយាយពីស្នេហាមួយរវាងបុរសជនជាតិខ្មែរនិងនារីស្រស់ស្អាតជាជនជាតិបារាំង ដែលបានកសាងអនុស្សាវរីយ៍ជាច្រើននៅលើប្រទេសកម្ពុជា។ អ្នកទាំងពីរត្រូវបានបែកគ្នា ដោយសារតែហេតុផលកាតព្វកិច្ចនិងមានប្រទេសកំណើតខុសគ្នា ដោយការចាកចេញរបស់នារីបារាំង គឺនាងបានបន្សល់នូវពាក្យថា «លាហើយភ្នំពេញ»។

ម្ចាស់ជ័យលាភីរូបនេះនិយាយថា នេះជារឿងប្រភេទអប់រំទី១ ដែលលោកបានផលិតចូលរួមប្រកួតប្រជែងនៅក្នុងមហោស្រពភាពយន្តចតុមុខ ដើម្បីធ្វើការស្ទាបស្ទង់ស្នាដៃប្រចាំឆ្នាំ២០១៦។ លោកមិននឹកស្មានថារឿងនេះនឹងបានទទួលពានជារឿងល្អបំផុតក្នុងការប្រកួតប្រជែងនោះទេ ដោយសារតែរឿងខ្នាតខ្លីប្រភេទអប់រំរបស់អ្នកនិពន្ធផ្សេងទៀត ក៏មានចំណុចឥតខ្ចោះមិនខុសគ្នា។ លោកមិនដឹងថា អ្វីខ្លះជាដើមចមនាំឲ្យរឿងរបស់ខ្លួនទទួលបានចំណាត់ជ័យលាភីនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញចំណុចខ្លាំង គឺរឿងរបស់លោកមានរយៈពេលខ្លី តែមានចំណុចអប់រំខ្ពស់ បង្ហាញពីការសម្ដែងដាក់អារម្មណ៍របស់ល្អរបស់មនុស្ស២នាក់មុនពេលបែកគ្នា និងជារឿងដែលលោកចេញថតដោយការប្រយ័ត្នប្រយែងទាំងប្លង់និងគុណភាពផលិត។

លោកថាមុនពេលបោះជំហានចូលការប្រលងស្នាដៃនេះ  លោកបានបម្រើការផ្នែកកាត់តវីដេអូនិងជានិពន្ធរឿងកុនបានមួយរយៈផងដែរ ទើបទទួលបានបទពិសោធន៍ច្រើនក្នុងផលិតរឿងខ្លីប្រកួតប្រជែង។ លោកថាមហោស្រពចតុមុខ គឺជាវេទិកាបញ្ចេញស្នាដៃរបស់យុវវ័យ ដែលលោកចាប់អារម្មណ៍ថា មានអ្នកផលិតកុនវ័យក្មេងជាច្រើនបានក្លាយជាអ្នកផលិតកុនអាជីព ដោយសារតែការប្រកួតប្រជែងនេះ។ ក្រោយជាប់ចំណាត់ថ្នាក់លោកមានគម្រោងចូលប្រឡូកការងារជាអ្នកផលិតកុន តែមិនទាន់ដឹងថានឹងបានទទួលជោគជ័យឬក៏យ៉ាងណានោះទេ ដោយសារតែលោកគ្រាន់តែជាផលិតករក្មេងខ្ចី ហើយមិនទាន់ត្រូវបានផលិតកម្មធំៗទទួលស្គាល់។ យ៉ាងណាមិញ លោកចាត់ទុកថាជ័យលាភីដែលទើបទទួលពីមហោស្រពភាពយន្តចតុមុខនៅក្នុងឆ្នាំនេះ នឹងទម្លុះភាពទ័លច្រកដែលបាំងមិនអោយលោកទទួលបានការងារពីផលិតកម្មកុនធំៗ អោយមានឱកាស។

លោក ហ៊ូ រ៉េមី ប្រធានមហោស្រពភាពយន្តខ្លីចតុមុខលើកទី៥ បានអះអាងថា ភាពយន្តខ្នាតខ្លីប្រចាំឆ្នាំនេះ មានអ្នកដាក់ពាក្យចំនួន៣៣នាក់ស្មើនឹង៣៣រឿង ដោយមិនទាន់គិតចូលភាពយន្តដែលបានដាក់បង្ហាញជាសាធារណៈ តែមិនធ្វើការប្រកួតនោះផង។ យ៉ាងណាមិញ ឆ្លងតាមការផ្ដល់ពិន្ទុនិងការវិនិច្ឆ័យនូវលក្ខណៈបច្ចេកទេស ក៏ដូចជាខ្លឹមសារ គឺមានតែរឿង៨ប៉ុណ្ណោះដែលបានទៅដល់វគ្គផ្ដាច់ព្រ័ត្រ។

លោក ហ៊ូ រ៉េមី ថាភាពយន្តដែលត្រូវបានអនុញ្ញាតិឲ្យចូលប្រកួតគឺលុះត្រាជាភាពយន្តផលិតថ្មី ហើយមិនចម្លងសាច់រឿងចេញពីស្នាដៃណាមួយ។ ក្នុងនោះប្រធានបទគឺចែកជា២ប្រភេទ គឺប្រធានបទសេរីនិងប្រធានបទនិយាយពីចំណាកស្រុកឬការប្រឆាំងការជួញដូរមនុស្ស។ ក្នុងចំណោមខ្សែរឿងដែលចូលប្រកួត លោកថាខ្សែរឿង «លាហើយភ្នំពេញ» របស់លោក នាង កាវិច ជាភាពយន្តខ្នាតខ្លីដែលត្រូវបានកំណត់ថាជាប់ជ័យលាភីប្រចាំឆ្នាំ ដោយសារតែផ្ទៃរឿងមានគំនិតបង្កើតថ្មីជាច្រើន ដែលលោកយល់ថាគឺជាវិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យផលិតកុននៅកម្ពុជា។

លោកថាខ្សែរឿងមួយនេះ មានតួអង្គតែ២ប៉ុណ្ណោះ គឺបុរសខ្មែរម្នាក់និងនារីជាជនជាតិបារាំងម្នាក់ ប៉ុន្តែបើនិយាយពីខ្លឹមសាររឿង គឺបង្កប់នូវចំណុចអប់រំច្រើននិងមានគុណភាពជាភាពយន្តស្ទើរពេញខ្នាត។ លោកថា នេះជាការប្រកួតភាពខ្នាតខ្លីលើកទី៥ ដោយភាពយន្តដែលទទួលចំណាត់ថ្នាក់ គឺមានគុណភាពស្របតាមការចង់បានរបស់អ្នកជំនាញខុសពីការប្រកួតមុនៗ។ ព្រឹត្តិការណ៍នេះ លោកថានឹងបន្តជួយបំផុសអោយក្រុមផលិតករក្មេងៗកាន់តែបង្កើនស្នាដៃបន្ថែមទៀតសម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីបណ្ដុះផលិតករវ័យក្មេងនៅកម្ពុជាអោយមានសមត្ថភាពនៅក្នុងវិស័យផលិតភាពយន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ