ឈុន បញ្ញា ​​​​​លើកពាន​ជើង​ឯកនិង​ជាប់តំណែង​មិនដែលចាញ់

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦​ ម៉ោង 10:33 AM | កំសាន្ដកីឡា | 0 | 3110 ឈុន បញ្ញា ​​​​​លើកពាន​ជើង​ឯក (សុខ ឆាយ)

ខណៈដែលកីឡាករ ឌុម កែវដា បានក្លាយជាម្ចាស់ខ្សែក្រវាត់អន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃសៅរ៍ កីឡាករ ឈុន បញ្ញា ឯណោះវិញក៏បានទទួលតំណែងជាម្ចាស់ពានជើងឯកផងដែរនៅប៉ុស្ដិ៍លេខ៥ ក្នុងប្រភេទទម្ងន់៥៤កីឡូក្រាម កាលពីថ្ងៃអាទិត្យទី៦ ខែវិច្ឆិកា។ នេះជាការប្រកួតចាញ់ធ្លាក់ៗ ដែលមានកីឡាកររហូតដល់៣២រូបចូលប្រកួត ដោយកីឡាករម្ចាស់ពាន ត្រូវបានកំណត់ថាមិនដែលចាញ់ទាល់តែសោះ សម្រាប់ព្រឹត្តិការណ៍នេះទាំងមូល។

លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំប៉ុស្ដិ៍លេខ៥ បានអះអាងថា នេះជាការប្រកួតដណ្ដើមជើងឯកវ័យក្មេងដែលស្ថាប័នរបស់លោកបានរៀបចំឡើងច្រើនខែមកហើយ ដោយមានកីឡាករមកពីគ្រប់បណ្ដាក្លឹបនៅទូទាំងប្រទេសរហូតដល់៣២រូបប៉ះគ្នាលើរេញ។ លោកថារូបមន្តក្នុងការប្រកួត គឺកីឡាករទាំង៣២រូប ចាប់គូប្រកួតគ្នា ដោយបើកឆាកជម្រុះយក១៦នាក់នៅវគ្គទី១ ជម្រុះយកតែ៨នាក់នៅវគ្គទី២ និងជម្រុះយក៤នាក់ចុងក្រោយដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ដល់លេខ៤។

កីឡាករដែលបានឈានឡើងសម្រាប់ព្រឹត្តិការណ៍នេះ លោកថាត្រូវតែឈ្នះជាប់រហូត ដោយផ្អែកតាមរូបមន្តអ្នកធ្លាក់ហាលអាវនិងគ្មានការប្រកួតសន្សំពិន្ទុ ឬប្រកួតត្រលប់ចុះត្រលប់ឡើង។ លោកនិយាយថា នេះជាការប្រកួតចាញ់ធ្លាក់ៗ ដែលមានន័យថាលុះត្រាតែឈ្នះទើបបានប្រកួតបន្ត ហើយសម្រាប់អ្នកចាញ់គឺត្រូវហាលអាវ។ លោកនិយាយថា នេះជាព្រឹត្តិការណ៍ជើងឯកដែលមានតែប៉ុស្ដិ៍លេខ៥បានធ្វើ ដោយសមាសភាពអ្នកចូលប្រកួតមានការសម្រាំងរហូតដល់៣២រូប ហើយតម្រូវអោយពួកគេប្រកួតគ្នាចាញ់ធ្លាក់ៗ។ ផ្អែកតាមរូបមន្តលោកថាអ្នកជាប់ម្ចាស់ពានជើងឯក គឺជាកីឡាករតែម្នាក់គត់ ដែលមិនធ្លាប់ចាញ់នៅក្នុងព្រឹត្តិការណ៍នេះ និងជាកីឡាករដែលបានឈានឡើង បន្ទាប់ពីគ្មានកីឡាករណាម្នាក់ទៅរួច។ ការប្រកួតនេះ ប៉ុស្ដិ៍លេខ៥កំណត់អោយវាយគ្នាតែ៣ទឹកប៉ុណ្ណោះ ប៉ុន្តែអត់មានគូណាមិនប្រឹងមិនវាយនោះទេ ដោយសារតែរូបមន្តដែលបានតម្រូវ លោកថាមិនមានអ្នកលាក់គំនួច។

លោកនិយាយថា៖ «ខ្ញុំធ្វើព្រឹត្តិការណ៍ហ្នឹង៣-៤ដងហើយនៅប៉ុស្ដិ៍លេខ៥ ហើយជាលទ្ធផល យើងឃើញកីឡាករដែលមានឈ្មោះប្រកួតអត់ភ័យរឿងលក់ឬប្រកួតមិនអស់ដៃអីទេ ព្រោះតែបើអ្នកឯងលក់ អ្នកឯងចាញ់ ហើយមានមកប្រកួតណា អ៊ីចឹងហើយទើបព្រឹត្តិការណ៍នេះគឺម្នាក់ៗទម្រាំតែបានឡើងមកត្រឹមចំណាត់ថ្នាក់លេខ៤អីជាដើម ក៏ប្រឹងណាស់ដែរ»។

លោកថាអ្នកជាប់ចំណាត់ថ្នាក់៤រូបចុងក្រោយ សុទ្ធតែជាកីឡាករវ័យក្មេង ទើបលោករំពឹងថា ពួកគេនឹងក្លាយជាធនធានកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។ លោកមានគម្រោងរំលេចស្នាដៃរបស់ម្ចាស់ពាននិងអ្នកជាប់ជ័យលាភីដែលទើបប្រកាសឡើង នៅលើសង្វៀនអោយបានច្រើន ដោយនឹងតម្រូវអោយពួកគេប្រកួតជាលក្ខណៈអន្តរជាតិនិងដណ្ដើមពានជាដើមក្នុងពេលខាងមុខ ដើម្បីអោយពួកគេល្បីឈ្មោះដូចអ្នកមុនៗ។

លោក សេង កដិកា បញ្ជាក់ថា ចំណាត់ថ្នាក់ជើងឯកលេខ១បានទៅលើកីឡាករ ឈុន បញ្ញា មកពីក្លឹបរ៉ាហាប់កីឡា បន្ទាប់ពីគេវាយឈ្នះកីឡាករ លីន វិបុល មកពីក្លឹបបូរីរាជសីហ៍មានរិទ្ធិ កាលពីយប់ថ្ងៃទី៦ វិច្ឆិកា។ ការប្រកួតគូនេះ លោកថាស្វិតស្វាញ ដោយសារតែភាគីទាំងពីរសុទ្ធតែមិនធ្លាប់ចាញ់ដូចគ្នានៅក្នុងព្រឹត្តិការណ៍ ហើយសុទ្ធតែចង់ដណ្ដើមយកជើងឯក។ ពួកគេមានចំណុចខ្លាំងរាងខ្លួន ដោយថ្វីដៃសម្រាប់ការប្រកួត ក៏ល្អមិនខុសគ្នាណាស់ណានោះដែរ។

យ៉ាងណាមិញលោកថា អ្នកឈ្នះមិនអាចមាន២បានទេ ទើបកីឡាករ ឈុន បញ្ញា បានក្លាយជាម្ចាស់ពាន ហើយត្រូវបានកំណត់ថាជាកីឡាករតែម្នាក់ដែលគ្មានប្រវត្តិចាញ់ក្នុងចំណោម៣២រូប ដែលឡើងប្រកួតគ្នានៅលើសង្វៀន។ ព្រឹត្តិការណ៍នេះលោកថាអ្នករៀបចំកម្មវិធីមានតម្រូវការតែចំណាត់ថ្នាក់លេខ១ និងលេខ២ប៉ុណ្ណោះ ទើបចំណាត់ថ្នាក់លេខ៣ និងលេខ៤ ទទួលបានថវិកាតិចដាច់ឆ្ងាយ បើធៀបនឹងចំណាត់ថ្នាក់លេខ១ដែលបាន៤ ០០០ដុល្លារ និងលេខ២ ដែលបាន២ ០០០ដុល្លារអាមេរិក។

កីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ២ គឺ លីន វិបុល ចំណាត់ថ្នាក់លេខ៣ កីឡាករ ស្រៀង ទិតធិ មកពីក្លឹបសម្បត្តិគុណខ្មែរ និងកីឡាករ ឃាឃ វណ្ណារ៉ា មកពីក្លឹបរាជសីហ៍ខេត្តរតនៈគិរី ទទួលបានចំណាត់ថ្នាក់លេខ៤៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required