ការ​ស្ទង់​មតិ​បង្ហាញ​ថា ទំនុក​ចិត្ត​លើ​​លោក ត្រាំ បាន​ធ្លាក់​ចុះ​ទាប​បំផុត​ក្រោយ​ដឹកនាំ​បាន​៩​ខែ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិក​ដល់​ទៅ ៦៥​ភាគរយ​ បាន​និយាយ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រេច​ការងារ​បាន​តិច​តួច​ប៉ុណ្ណោះ នៅ​ក្នុង​អំឡុង​ពេល​កាន់​អំណាច​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ ABC ដែល​បាន​មើល​ឃើញ​របាយការណ៍​ស្ទង់មតិ​មួយ​នៅ​ថ្ងៃ​នេះ។

ផ្ទុយ​ទៅ​វិញ អ្នក​ឆ្លើយ​តបតែ ៣៧​ភាគរយ​ប៉ុណ្ណោះ យល់​ស្រប​ទៅ​នឹង​ប្រសិទ្ធភាព​ការងារ​របស់​លោក ត្រាំ ដែល​នេះ​គឺ​ជា​តួលេខ​ទាប​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក បើ​ធៀប​នឹង​ប្រធានាធិបតី​ដទៃ​ទៀត​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៦​មក បន្ទាប់​ពី​លោក ត្រាំ បាន​ឡើង​កាន់​តំណែង​បាន​រយៈ​ពេល ៩​ខែ​ដំបូង។

ការ​ស្ទង់​មតិ​នោះ បាន​រក​ឃើញ​ទៀត​ថា អ្នក​ឆ្លើយ​តប​ដល់​ទៅ ៥៥​ភាគរយ និយាយ​ថា លោក ត្រាំ នឹង​មិន​ធ្វើ​តាម​ការ​សន្យា​ដែល​លោក​បាន​ប្ដេជ្ញា​នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះ​ទេ ដែល​តួលេខ​នេះ​បង្ហាញ​នូវ​ការ​កើន​ឡើង​ពី​អត្រា ៤១​ភាគរយ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពីខែ​មេសាកន្លង​មក ពោល​គឺ ១០០​ថ្ងៃ​ក្រោយ​លោក ត្រាំ ឡើង​កាន់​តំណែង។

ការ​ស្ទង់មតិ​ក៏​បាន​ចោទ​សួរ​ផង​ដែរ​ថា តើ​លោក ត្រាំ ជា​មេដឹកនាំ​ខ្លាំង​ម្នាក់​ឬ​ទេ។ ជា​ការ​ឆ្លើយ​តប ពលរដ្ឋ ៤០​ភាគរយ​ប៉ុណ្ណោះ​យល់​ស្រប ប៉ុន្តែ តួលេខ​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ពី​ចំនួន ៥៣​ភាគរយ នៅ​ក្នុង​ការ​ស្ទង់មតិ​កាល​ពី​ខែ​មេសា​កន្លង​មក។

លោក ត្រាំ បាន​ឡើង​ដឹកនាំ​អាមេរិក​បន្ត​ពី​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​លោកឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ