បណ្តាញកសិករថាសេចក្ដីព្រាងច្បាប់ថ្មីបើកផ្លូវឲ្យក្រុមហ៊ុនរំលោ​ភយកដីពួកគេ

តំណាងកសិករមកពីបណ្តាខេត្តនានាទូទាំងប្រទេស ស្នើរដ្ឋាភិបាលឲ្យលុបចោលសេចក្តីព្រាងច្បាប់ស្តីពី​ដីកសិកម្ម ដោ​យពួកគេថាច្បាប់នោះ ហាក់មានចេតនាបើកផ្លូវឲ្យក្រុមហ៊ុនធំៗ រំលោ​ភយកដី​កម្មសិ​ទ្ធិស្របច្បាប់របស់ពួកគេ។​

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញ​ តំណាងកសិករមកពីខេត្តតាកែវ លោក ញ៉ិល ភាព លើកឡើងថា ពួកគាត់នឹងត្រូវបាត់បង់សិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួន​ដោយ សារ សិទ្ធិកសិករដែលជាម្ចាស់ដីត្រូវរដ្ឋាភិបាលដកហូត។ លោកបន្តថា សេចក្ដីព្រាង ច្បាប់ស្ដីពីដីកសិកម្មនេះ ហាក់មានចេតនាបើកផ្លូវឲ្យក្រុមហ៊ុន និងអ្នកមាន​អំណាចរំលោ​ភយកដី​កម្មសិ​ទ្ធិ​ពួ​ក​គេដោយ​ស្រ​បច្បាប់ទៀតផង។

លោកថា៖ «បើអនុវត្ត នឹងបង្កផលប៉ះពាល់ដល់ប្រជាកសិករយ៉ាងខ្លាំង ចឹងយើងចាំបាច់អីបង្កើត ច្បាប់នេះបង្កើនបន្ទុកបន្ថែមមកលើកសិករក្រីក្រអ្នកដែលមានសិទ្ធិមានអំណាចទទួលផល ចំណេញភាគច្រើនជានាយទុន និងអ្នកមានអំណាច»។

លោក ញ៉ិល ភាព ​បន្តថា​ ពួកគាត់មិនត្រឹមតែបាត់បង់សិទ្ធិជាម្ចាស់ដីនោះទេ ច្បាប់នេះក៏បានដាក់ពិន័យជាប្រាក់ ១០ទៅ២០លានរៀល មកលើពួកគាត់ ប្រសិនបើពួកគាត់ធ្វើឲ្យដីនោះខូសគុណភាពជាដើម។

តំណាងកសិករម្នាក់ទៀតមកពីខេត្តស្វាយរៀង អ្នកស្រី យស សុភ័ណ្ឌ បានលើកឡើងដែរថា សេចក្ដីព្រាងច្បាប់នេះ ផ្ដល់ឱកាសលើសលប់ដល់វិស័យឯកជន។ អ្នកស្រីស្នើឲ្យរដ្ឋាភិបាលលុបចោលសេចក្ដីព្រាងច្បាប់ដីកសិកម្មនេះវិញ ដោយសារច្បាប់នេះបង្កផលប៉ះពាល់ដល់ពួកគាត់ជាកសិករ។

អ្នកស្រីថា៖ «ជាជំហររួមមួយរបស់កសិករ មានទៅពិគ្រោះយោបល់៥ភូមិភាគ មាន២៤ខេត្តរាជធានី ពួកគាត់សូមឲ្យទម្លាក់​ចោលទាំងនៅសេចក្ដីព្រាងច្បាប់នេះ គឺពួកគាត់មិនអាចទទួលយកបានទេ»។

បើតាមតំណាងកសិករលើកឡើងថា សេចក្ដីព្រាងច្បាប់ដីកសិកម្មបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងក្រសួងកសិកម្មនៅឡើយ។

ពាក់ព័ន្ធរឿងនឹងនេះវីអូឌីមិនអាចសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក ឡោ រស្មី បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

អ្នកគាំទ្របច្ចេកទេសបណ្ដាញពហុវិស័យ លោក ហេង សុជាតិ ដែលតាមដានចំពោះរឿងនេះ មានប្រសាសន៍ថា  ប្រសិនបើច្បាប់ដីកសិកម្មត្រូវបានរដ្ឋាភិបាលដាក់ឲ្យអនុវត្ត នៅពេលខាងមុខកសិករដែលជាម្ចាស់ដីនឹងបាត់បង់ដីរបស់ខ្លួនទាំងស្រុង។

លោកថា៖ «អនាគតប្រហែលជានឹងបាត់បង់កម្មសិទ្ធិ ប្រាកដជាមានឈ្នួញណាម៉ៅការធ្វើកសិកម្មខ្នាតធំដោយឡែកក្នុងតំបន់ផលិតកម្មកសិកម្ម ដល់ចឹងកសិកម្មខ្នាតតូចដែលផលិតកសិកម្មខ្នាតតូច សម្រាប់បំពេញតម្រូវក្នុងគ្រួសារ គឺកាន់តែបោះបង់ចោលកាន់តែច្រើនទៅៗ អាហ្នឹងហើយនឹងធ្វើសន្តិសុខស្បៀងប្រទេសកម្ពុជាយើងនឹងកាន់ប្រឈមខ្លាំងទៅ»។

ទោះយ៉ាងណាក៏ដោយ តំណាងកសិករអះអាងថា ប្រសិនរដ្ឋាភិបាលមិនលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីដីកសិកម្មនោះទេ កសិករនឹងប្រឈមនូវការបាត់បង់ដី ឬក្លាយជាកម្មករលើដីខ្លួនឯង សម្រាប់ជនជាតិដើមភាគតិចវិញ ក៏ត្រូវប្រឈមនឹងការបាត់បង់សិទ្ធិប្រពៃណី និងអធិបតេយ្យភាព ខណៈច្បាប់នេះបានរឹតត្បិតសិទ្ធិកម្មករឬ កសិករ ក្នុងការគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ដីកសិកម្មរបស់ខ្លួនទៅតាមតម្រូវការចាំបាច់នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ