អតីតសមាជិកគណៈកម្មការបុណ្យលោក កែម ឡី សុំតុលាការតម្កល់រឿងទុកអត់ចាត់ការ

នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា

អតីតសមាជិករៀបចំបុណ្យសព លោក កែម ឡី មួយ រូបសុំឲ្យតុលាការតម្កល់រឿងទុកអត់ចាត់ការ ដោយថាខ្លួនមិនមានកំហុសដូចការចោទប្រកាន់របស់ដើមបណ្តឹងនោះទេ។

​សាលា​ដំបូង​រាជធានីភ្នំពេញ​បានកោះហៅអតីតគណៈកម្មការបុណ្យ លោក កែម ឡី ចំនួន៣អង្គ/នាក់ រួមមាន​ព្រះ​តេជ​គុណ​ ប៊ុត ប៊ុនតិញ លោក​ ប៉ា ងួនទៀង និង​លោក មឿន តុលា ឲ្យឆ្លើយបំភ្លឺនៅថ្ងៃទី៧ និង៨វិច្ឆិកា តាមបណ្តឹងរបស់ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក ពេជ្រ ស្រស់ ដែលប្តឹងពាក់ព័ន្ធនិងបច្ច័យបុណ្យសពលោក កែម ឡី។

នាយកប្រតិបតិ្តអង្គការ សង់ត្រាល់ និង​ជាអតីតសមាជិក​គណៈកម្មការ​បុណ្យសព លោក កែម ឡី ម្នាក់គឺ លោក មឿន តុលា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីឆ្លើយបំភ្លឺនៅតុលាការថ្ងៃនេះថា រូបលោក​មិន​បាន​កិបកេង​ប្រាក់​បុណ្យ​សព លោក ​​កែម​ ឡី​ ដូច​ការ​ចោទប្រកាន់​របស់​លោក​ ពេជ្រ​ ស្រស់​ នោះទេ ហើយលោកសុំឲ្យតុលាការតម្កល់រឿងទុកអត់ចាត់ការ។

លោកបន្ថែមថា «ខ្ញុំបានបញ្ជាក់ទៅតុលាការហើយថា គណៈកម្មការបុណ្យហ្នឹង មិនមានពាក់ព័ន្ធ នឹងការគ្រប់គ្រងចាត់ចែងថវិកាទេ គឺក្រុមគ្រួសារទេ ជាអ្នកគ្រប់គ្រងចាត់ចែងថវិកាទាំងអស់ហ្នឹង គណៈកម្មការជួយតែបច្ចេកទេស និងបដិសណ្ឋារកិច្ចទេ»។

វិអូឌីមិនអាចសុំការឆ្លើយតបបានទេពីព្រះរាជអាជ្ញារង លោក គុជ គឹមឡុង ដែលកាន់សុំនុំរឿងនេះ ប៉ុន្តែបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមសារអេឡិចត្រូនិចតេឡេក្រាមថា អយ្យការអមសាលាដំបូងនឹងបន្តចំណាត់ការតាមនីតិវិធី។

មន្ត្រីស៊ើបផ្នែក​អង្កេតជាន់ខ្ពស់នៅសមាគមអាដហុកលោក សឹង សែនករុណា ដែលចុះឃ្លាំមើលករណីនេះមានប្រសាសន៍ថា ការប្តឹងគណៈកម្មការបុណ្យ លោក កែម ឡី ទៅតុលាការនោះវាជារឿងចំណែក ដោយថា ប្រសិនបើគណៈកម្មការទាំងនោះកិបកេងបច្ច័យបុណ្យមែននោះ វាគួរតែគ្រួសារជាអ្នកប្តឹង មិនគួរមនុស្សទីបីមកប្តឹងជំនួសបែននេះទេ។

លោក សឹង សែនករុណា ដាក់ការសង្ស័យលើករណីនេះថា ដើមបណ្តឹងអាចមានចេតនាចង់បានផលប្រយោជន៍អ្វីមួយ និងអាចជាប់ពាក់ព័ន្ធរឿងនយោបាយ។

លោកបន្ថែមថា «បណ្តឹងរបៀបនេះសម្រាប់ខ្ញុំធ្វើការផ្នែកច្បាប់អត់ឃើញទេ វាជាបណ្តឹងទី១ដែលយើងទើបឃើញចំពោះចំណាត់ការបែបនេះ ព្រោះជាទូទៅយើងឃើញថា មានតែអ្នកពាក់ព័ន្ធផលប្រយោជន៍ ឬក្រុមគ្រួសាររបស់ពួកគាត់តែម្តង តែផ្ទុយទៅវិញក្នុងរឿងនេះ ក្រុមគ្រួសារបែរជាមិនប្តឹងក្នុងរឿងនេះទេ ព្រមទាំងទទួលស្គាល់គណៈកម្មការ ឲ្យតម្លៃទៅ លើគណៈកម្មការហ្នឹងទៀត បែរជាមានភាគីផ្សេងអ្នកទីបីទៅប្តឹងជំនួសវិញនេះដែលយើងគិតថាវាប្លែកមិនដែលជួប»។

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអតីតគណៈកម្មការបុណ្យលោក កែម ឡី ទាំង៣អង្គ/នាក់នោះជាលើកទី២ហើយឲ្យចូល​ទៅឆ្លើយ​បំភ្លឺនៅ​តុលាការ។ នៅថ្ងៃនេះលោក​មឿន តុលា ចូលបំភ្លឺ ​ លោកប៉ា ងួនទៀង សុំពន្យារពេលចំ​ណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវចូលឆ្លើយបំភ្លឺនៅថ្ងៃស្អែកនេះ។

អតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ធ្លាប់លើកឡើងថា គណៈកម្មការបុណ្យ បានត្រឹមតែជួយផ្នែកបច្ចេកទេស និងសកម្មភាពទូរទៅ មិនមាន​តួនា​ទី​កាន់លុយបុណ្យនោះទេ ហើយថា ​រាល់​បច្ច័យទាំងអស់ត្រូវកាន់កាប់ដោយម្ចាស់ដើមបុណ្យ និងបញ្ចូលផ្ទាល់ទៅកាន់​គណនេយ្យ​ធនាគារ​របស់​ភរិយា នៃសពលោក កែម ឡី។

អតីតសមាជិកនៃគណៈកម្មការ ក៏ធ្លាប់បានច្រានចោលការចោទលើ​​ភាព​មិនច្បាស់លាស់នៃបណ្តឹង ហើយថា ការប្តឹងនេះគឺរឿងនយោបាយច្រើនជាង​។

គួររំលឹកថា លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែ​រ​ស្ដុបបូកគោ រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះ អាជ្ញាធរបាន​ចាប់ខ្លួន​បុរស​តែម្នាក់​​ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ម្នាក់ប៉ុណ្ណោះមកដាក់ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ