អ្នកឃ្លាំមើលជំរុញឲ្យមានច្បាប់អនុញ្ញាតចុះឈ្មោះនិងបោះឆ្នោត​ពីក្រៅប្រទេស

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 5:23 PM | បោះឆ្នោត | 0 | 1586

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជាបាន​លើក​ឡើង​ថាចំនួន​អ្នក​ចុះ​ឈ្មោះ​ថ្មី​ ទាប​ជាងការ​រំពឹង​ទុក​របស់ ​គ.ជ.ប ​នោះ គឺបណ្តា​ល​មក​ពីពលរដ្ឋធ្វើការនៅក្រៅប្រទេសច្រើនហើយច្បាប់មិនអនុញ្ញាតិឲ្យមានការចុះនៅតាមស្ថានទូតក្នុងប្រទេសដែលពួកគេធ្វើការ។​

​ក្នុង​សេចក្តី​ប្រកាស​ពី​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី​របស់​គជប បាន​ឲ្យ​ដឹង​​ថាគិត​ត្រឹម​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០១៧ ពល​រដ្ឋ​ដែល​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជាង​៥០​ម៉ឺន​នាក់ ដែល​ប្រមាណ​ជា​៣០ភាគ​រយ​នៃ​ពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​ថ្មី​ជាង​១លាន៦សែន​នាក់។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ Comfrel លោក កន សាវាង្ស​ ថ្លែង​ថា​ ​ពល​រដ្ឋ​ដែល​ធ្វើ​ចំណាកស្រុកទៅ​ក្រៅ​ប្រទេស​ភាគ​ច្រើន​គឺ​មិន​បាន​ចុះ​ឈ្មោះ​នោះ​ទេ។ ការ​មិន​បាន​ចុះ​ឈ្មោះ​របស់​ពល​រដ្ឋ​នៅក្រៅ​ប្រទេស​នេះ​លោក កន សាវាង្ស​ លើក​ឡើង​ថា ដោយ​សា​រ​បញ្ហា​ផ្លូវ​ច្បាប់​ដែល​មិន​អនុញ្ញាត​ឲ្យ​ គ.ជ.ប អាចរៀប​ចំ​នីតិវិធី​ដើម្បីសម្រួល​ដល់​ពួកគេ​បាន។

លោក​ថា៖ «ទាក់​ទង​ទៅ​លើ​រឿង​ដែលធ្វើ​វិសោធនកម្ម​ច្បាប់​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​​ ជា​ពិសេស​គិត​គូរ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​លោកបាន​ធ្វើ​ចំណាក​ស្រុក​នៅ​ខាង​ក្រៅ​ហ្នឹង បូក​រួម​ជា​មួយ​ពេល​វេលា​ដែល​ គ.ជ.ប អាច​ពន្យា​ពេល​បន្ថែម​ហ្នឹង​គឺ​វា​អាច​ហើយ ដែល​អាច​បង្កើន​ពល​រដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​មាន​ឱកាស​សម្រាប់​ចុះ​ឈ្មោះ​បោះឆ្នោ​ត​បាន​ក៏​ប៉ុន្តែ​យើង​មើល​ឃើញ​ថា ករណី​នេះ​មក​ដល់​ថ្ងៃ​នេះ​គឺ​មិន​អាច​​ដោះស្រាយ​ចេញ ដោយ​សារ​ច្បាប់​មិន​បានបើក​ផ្លូវ​ឲ្យ​ស្ថាប័ន​ គ.ជ.ប សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ចុះ​ឈ្មោះ​ទេ»។

កាលពី​ខែ​សីហាកន្លងទៅ​សមាជិក​សភា​គណបក្សសង្គ្រោះ​ជាតិ​បាន​ដាក់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ ដើម្បី​បើ​កផ្លូវ​ឲ្យ​ពល​រដ្ឋ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​​​នៅ​ក្រៅ​ប្រទេ​សបាន​ តែ​សំណើ​នេះ​មិនទាន់​ត្រូវ​បាន​រដ្ឋសភាប្រជុំ​អនុម័ត​នៅ​ឡើយ​ទេ ខុ​សគ្នា​ពី​ច្បាប់​បោះឆ្នោត​៤ដែល​បាន​ស្នើ​ឡើង​ដោយ​​បក្សប្រជា​ជន​ត្រូវ​បាន​សភា​អនុម័ត​ និង​ចូល​ជា​ធរមាន​យ៉ាង​តក់ក្រហល់​។

អ្នក​នាំពាក្យគណបក្សប្រជា​ជន​​នៅក្នុង​សភាលោក​ ឈាង វុន ធ្លាប់​លើក​ឡើង​ប្រាប់​វី​អូ​ឌី​ថា​ច្បាប់​កម្ពុជា​មិន​បាន​ហាម​ឃាត់​ជន​ជាតិ​ខ្លួនដែល​រស់​នៅ​ក្រៅប្រទេស​មិន​ឲ្យចុះ​ឈ្មោះ ឬ​​​បោះ​ឆ្នោត​នោះ​ទេ តែ​ថា​អ្នក​ទាំង​នោះ​ត្រូវ​ចូល​មក​​ក្នុង​បោះឆ្នោត​នៅ​ក្នុង​ប្រទេស មិន​អាច​បោះឆ្នោត​នៅ​តាម​ស្ថានទូត​ក្រៅ​ប្រទេស​​​បាន​ទេ ដោយ​សារ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជា​ការ​បោះ​ឆ្នោត​តា​ម​តំបន់។

លោក​ថា៖ «រាស្ត្រ​របស់​យើង​គឺ​ជា​ប្រព័ន្ធ​សមាមាត្រ បោះឆ្នោតតាម​មណ្ឌល យើង​បោះឆ្នោ​ត​នៅ​បាត់​ដំបង​ យើង​មក​បោះឆ្នោត​បាត់​ដំបង។ ច្បាប់​បោះឆ្នោត​របស់​យើង​ហ្នឹង​អត់​មាន​មណ្ឌលនៅអាមេរិក មណ្ឌល​នៅ​បារាំង​អីណា! អត់​មាន​ផង។ តែ​យើ​ងត្រូវ​ធ្វើ​យ៉ាង​មិច ហ្នឹង​ហើយ​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​​មិច អញ្ចឹង​ហើយ​ទើប​យើង​ចង់​បាន​អាស័យ​ដ្ឋាន​មួយ​តាម​ផ្លូវ​ច្បាប់ អាស័យ​ដ្ឋាន​ក្នុង​ទឹក​ដី​កម្ពុជា។ មើល​ច្បាប់​ឲ្យ​មែន​ទែន! ហើយ​អាស័យ​ដ្ឋាន​គាត់​នៅ​ត្រង់​ណា​នៃ​កម្ពុជា គាត់​ទៅ​បោះឆ្នោត​នៅ​កន្លែង​ហ្នឹង​ចុះ​ឈ្មោះ​នៅ​កន្លែង​ហ្នឹង»។

ចំពោះ​ការ​លើក​ឡើង​នេះ​ត្រូវ​បានលោក​ កន សាវាង្ស ឆ្លើយ​តប​ថាជា​ការ​លើក​ឡើង​ដោយ​មិន​បាន​គិត​គូរ​ និង​គ្មាន​ចេតនាក្នុង​ការ​បង្កើត​ច្បាប់​នេះ​ច្រើន​ជាង។

លោក​ថា៖ «បើ​យើង​និយាយ​ពី​បច្ចេក​ទេសសម្រាប់​ស្រុកខ្មែរ​យើង មិន​មែន​ធ្វើ​មិន​បាន​ទេ។ សំខាន់​ចិត្ត​ខ្លួ​ន​ឯង​ទេ ចិត្ត​របស់​តំណាង​រាស្ត្រ​ទាំង​នោះ​ទេ ដែល​លោកចង់​ធ្វើ​ដែរ​ឬ​ក៏​អត់? ហើយ​តែ​លោក​អត់​ចង់​ធ្វើ​លោក​លើក​រឿង​ហ្នឹង​យក​មក​អាហ្នឹង​វា​មិន​ត្រឹមត្រូវ​ទេ។ លោក​ត្រូវ​ធ្វើ​ការ​សិក្សាសិន​កុំ​អាល​លើក​និយាយ​រឿង​បញ្ហា»។

ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅ​សល់​តែ​២​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​ការ​ចុះ​ឈ្មោះ​បោះឆ្នោតក្នុង​បញ្ជី​បោះឆ្នោត​ថ្មីត្រូវ​បាន​បញ្ចប់​ហើយ។

វី​អូ​ឌី​មិន​ទាន់​អាច​ទាក​ទង​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​លោក ហង្ស ពុទ្ធា បាន​នៅ​ឡើយ​ទេ​នៅព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ។

ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​​របស់​ក្រសួង​ការ​ងារប្រចាំ​ឆ្នាំ​២០១៦ ​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​​ពល​ករ​ខ្មែរ​ចំណាក​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​​នោះ​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ចំនូន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ជន​ជាតិ​ខ្មែរ​ដែល​ទៅ​រស់​នៅ​ក្រៅប្រទេស​ដែលពុំ​មែន​ជា​ពល​ករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required