អាមេរិកបកស្រាយករណីចោទថាកាត់ជំនួយសំអាតមីនមិនប្រាប់មូលហេតុ

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 5:56 PM | អភិបាលកិច្ចល្អ | 0 | 2919 ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt

ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបកស្រាយថា កម្មវិធីសហការកម្ពុជា-អាមេរិក​បោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺចប់គម្រោងនៅត្រឹមខែធ្នូឆ្នាំ២០១៧ ដែលនេះ​ជាការឆ្លើយតបនឹងមន្ត្រីកម្ពុជាចោទថា កាត់ផ្តាច់ជំនួយដោយមិនបានប្រាប់មូលហេតុ។​

កាលពីម្សិលមិញ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) លោក​ ហេង រតនា សរសេរនៅលើហ្វេសប៊ុករបស់លោកថា សហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយ​មនុស្សធម៌សម្រាប់បោសសម្អាតអាវុធមិនទាន់ផ្ទុះដែលទម្លាក់ដោយអាមេរិក​កាលពីសម័យសង្គ្រាម ហើយថាការកាត់ផ្តាច់ជំនួយនោះ​​មិនប្រាប់មូលហេតុទេ​។​

នៅថ្ងៃអង្គារនេះអ្នកនាំពាក្យ​ស្ថានទូតអាមេរិក​ប្រចាំកម្ពុជាលោក​ David Josar បានឆ្លើយតបសំនួររបស់វីអូឌីតាមសារអេឡិចត្រូនិចថា គម្រោងសម្អាតមីនរបស់អាមេរិក​ដែលសហការជាមួយកម្ពុជាបច្ចុប្បន្ន​នឹងចប់ត្រឹមខែធ្នូឆ្នាំ២០១៧។​ ប៉ុន្តែលោកបន្តថា អាមេរិកនៅតែបន្តជួយកម្ពុជាតាមរយៈការបង្កើតកម្មវិធី​ឲ្យកម្ពុជាប្រកួតប្រជែងយកមូលនីធិ ដើម្បីបន្ត​សម្អាតមីននៅកម្ពុជា។​

លោកឆ្លើយថា៖ «កម្មវិធីរបស់យើងបច្ចុប្បន្ននឹងបញ្ចប់ត្រឹមខែធ្នូឆ្នាំ២០១៧នេះ​ ហើយយើងរៀបចំកម្មវិធីមួយ​ ដើម្បីឲ្យកម្ពុជា​ចូលរួមប្រកួតប្រជែងយកមូលនីធិ​បន្តគម្រោង​»។

អ្នកនាំពាក្យស្ថានទូតអាមេរិករូបនេះឲ្យដឹងទៀតថា គម្រោងសុំមូលនីធិនេះ នឹងមានការពិគ្រោះជាមួយរដ្ឋាភិបាលកម្ពុជា ហើយនឹងប្រកាសនៅក្នុងខែនេះ។​

លោក ហេង រតនា លើកឡើងកាលពីម្សិលមិញថា កិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អាមេរិកនេះបាននិងកំពុងទទួលលទ្ធផលនិងប្រសិទ្ធភាពយ៉ាងល្អប្រសើរ។

លោកថា «ខ្ញុំមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់ជំនួយយ៉ាងតល់ក្រហល់នេះ​ ជាពិសេសទន្ទឹមពេលដែលកម្ពុជាកំពុងរុករកឃើញនិងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសំណល់អាវុធគីមីរបស់អាមេរិក​ ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូវ»។

របាយការណ៍របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថា រហូតដល់បច្ចុប្បន្ននេះ អាមេរិក​ចំណាយលុយ១៣១លានដុល្លារដើម្បីបោសសម្អាតកាកសំណល់​អាវុធយុទ្ធភ័ណ្ឌដែលទម្លាក់​នៅកម្ពុជា៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required