អាមេរិក ជប៉ុន និង​ឥណ្ឌា​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ជប៉ុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​កង​ទ័ព​ជើង​ទឹក​អាមេរិក Ronald Reagan បាន​ធ្វើ​សម​យុទ្ធ​យោធា ៣​ថ្ងៃ​ជាមួយ​នាវា​ពិឃាត​ជប៉ុន​មួយ​គ្រឿង និង​នាវា​ចម្បាំង​ឥណ្ឌា ២​គ្រឿង នៅ​សមុទ្រ​ជប៉ុន។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​បាន​ដក​ស្រង់​សម្ដី​កង​ទ័ព​ជើង​ទឹក​ជប៉ុន​នៅ​ថ្ងៃ​នេះ Reuters បាន​រាយការណ៍​បន្ត​ថា សម​យុទ្ធ​យោធា​នោះ មាន​ការ​ចូល​រួម​ពី​នាវា​កង​ទ័ព​ជើង​ទឹក ៥​គ្រឿង ហើយ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ប៉ុន្តែ Reuters បាន​កត់​សម្គាល់​ថា សម​យុទ្ធ​យោធា​រួម​គ្នា​នេះ បាន​កើត​ឡើង​ចំពេល​ដែល​មាន​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់ ជុំ​វិញ​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ហើយ​វា​ក៏​បាន​កើត​ឡើង​ចំ​ពេល​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទៅ​​កាន់​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​មេដឹកនាំ​អាមេរិក​នៅ​តំបន់​អាស៊ី​រយៈ​ពេល ១២​ថ្ងៃ​ផង​ដែរ។

កង​ទ័ព​ជើង​ទឹក​ជប៉ុន បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា សមយុទ្ធ​យោធា​នោះ បាន​ជួយ​កែ​លម្អ​ជំនាញ​ប្រយុទ្ធ និង​ពង្រីក​បន្ថែម​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ឥណ្ឌា៕

នាវា​ផ្ទុក​យន្ត​ហោះ Reagan ដែល​មាន​ទម្ងន់​ដល់​ទៅ ១​សែន​តោន​នោះ ត្រូវ​បាន​ដាក់​ឲ្យ​ឈរ​ជើង​នៅ​ជប៉ុន ដោយ​ផ្ទុក​យន្តហោះ​ចម្បាំង​ប្រហែល ៧០​គ្រឿង ហើយ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​នាវា​ចម្បាំង​ដ៏​មាន​អំណាច​បំផុត​របស់​កង​ទ័ព​ជើង​ទឹក​អាមេរិក នៅ​តំបន់​អាស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ