លោក ហ៊ុន សែន ​ប្រកាសយកលោក​ កឹម សុខា ជាដៃគូសន្ទនាពីបញ្ហារបស់ប្រទេសជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះបានប្រកាសនៅក្នុងសភាថា លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដែលទើបទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនោះ គឺជាដៃគូសន្ទនារបស់លោកសម្រាប់កិច្ចការងារប្រទេសជាតិហើយត្រូវទាក់ទងគ្នាទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃពុធនេះ ក៏មានវត្តមានលោក កឹម សុខា ចូលរួមដែរ បន្ទាប់លោកស្នាក់នៅក្នុងស្នាក់ការគណបក្សសង្គ្រោះជាតិជាង៦ខែមកនេះ ដើម្បីគេចចេញពីការចាប់ខ្លួន។ លោក ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំថា លោកគាំទ្រការតែងតាំងលោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅក្នុងសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី។ លោកថា ការតែងតាំងស្របតាមនីតិវិធី កុំឲ្យមានក្រុមណាមួយបកស្រាយច្រឡំ។

លោក ហ៊ុន សែន បញ្ជាក់ថា ចាប់ពីពេលនេះ កឹម សុខា ក្លាយជាដៃគូសន្ទនាជាមួយលោកពីបញ្ហាប្រទេសជាតិ៖ “ឥឡូវឯកឧត្តមក្លាយជាដៃគូសន្ទនាជាមួយសម្តេចក្រឡាហោម ស ខេង ក្នុងឋានៈជាប្រធានក្រុមតំណាងរាស្ត្រ  ហើយជាដៃគូរបស់ខ្ញុំក្នុងឋានៈជាដៃគូពិភាក្សាពីបញ្ហប្រទេសជាតិ ដែលត្រូវទំនាក់ទំនងជាមួយនាយរដ្ឋមន្ត្រី“។

ទោះយ៉ាងណាកន្លងទៅ ពេលដែលលោក សម រង្ស៊ី នៅមានតួនាទីជាប្រធានក្រុមមតិភាគតិចនៅក្នុងសភានោះ លោក ហ៊ុន សែន និងលោក សម រង្ស៊ី ធ្លាប់បរិភោគអាហារជាលក្ខណៈគ្រួសារជាមួយគ្នា។ លោក ហ៊ុន សែន ក៏ធ្លាប់ប្រាប់លោក សម រង្ស៊ី ថាធ្វើការជាមួយលោក សម រង្ស៊ី ងាយស្រួលជាងធ្វើការជាមួយ លោក កឹម សុខា។

ក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់វាយប្រហារលើចំណងមិត្តភាពរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ផងដែរគឺលោកហៅថា ជាព្យុះក្នុងក្អមគឺអាចនឹងមានការប្រេះឆាក្នុងរយៈពេលខ្លីណាមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ