មន្រ្តីបក្សប្រឆាំង៖ មេឃុំ ស៊ាង ចែត នឹងត្រូវដោះលែងល្ងាចនេះ ​

មេឃុំរបស់គណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ចាម លោក ស៊ាង ចែត

មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ឡុង រី បានសរសេរលើគណនីហ្វ៊េសប៊ុករបស់លោកនៅរសៀលនេះថា មេឃុំបក្សប្រឆាំងមួយរូប ដែលរងការចោទពីបទសូកប៉ាន់សាក្សី នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ខណៈដែលមានជំនួបពិសេសមួយរវាងលោក កឹម សុខ លោក ស ខេង និងលោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាកាលពីព្រឹកម៉ិញ។

លោកសរសេរថា៖ «សេចក្តីជូនដំណឹង ( បន្ទាន់) ០៧ /១២ /២០១៦ រសៀលសូមគោរពអញ្ចើញ ឯកឧត្តម លោកជំទាវ លោក លោកស្រីនាងកញ្ញា ជាសមាជិកក្រុមការងារនិងទ្រទ្រង់ គណៈកម្មាធិការប្រតិបត្តិខេត្ត និងសកម្មជន ដែលមានទីលំនៅ ភ្នំពេញ ឬមានលទ្ធភាព មកភ្នំពេញបានភ្លាម សូមអញ្ជើញមកជួបជុំគ្នានៅស្នាក់ការកណ្តាលណបក្សជាបន្ទាន់នៅវេលា ម៉ោង៣រសៀល ថ្ងៃទី៧ធ្នូឆ្នាំ២០១៦ ដើម្បីទទួល លោកមេឃុំ ស៊ាង ចែត ដែលត្រូវបានដោះលែង ឲ្យមានសេរីភាពនៅល្ងាចនេះ»។

មេធាវីការពារក្តីលោក ស៊ាង ចែត គឺលោក ហែម សុជាតិ ក៏បានអះអាងប្រាប់វីអូឌីថា កូនក្តីលោកអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ដោយលោកថា បើមិននៅថ្ងៃនេះ ក៏ក្នុងសបា្តហ៍នេះដែរ។

លោកបន្ថែមថា ការចាប់និងដោះលែងកូនក្តីលោកនេះ គឺពាក់ព័ន្ធនឹងរឿងនយោបាយ។

រដ្ឋមន្រ្តីក្រសួងក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិសេសរវាង លោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាការជួបគ្នារវាងថ្នាក់ដឹកនាំមេបក្សទាំងពីរនៅព្រឹកម៉ិញនេះ គឺនិយាយគ្នាពាក់ព័ន្ធនឹងរឿងលោកមេឃុំ ស៊ាង ចែត រួមទាំងមន្ត្រីសិទ្ធិមនុស្សនិងលោក នី ចរិយា ផងដែរ។

លោកមានប្រសាសន៍ថា៖ «ដោះលែងនេះដូចមានករណីមេឃុំ ស៊ាង ចែត តែខ្ញុំអត់បានជជែករឿងនេះទេ ឯកឧត្តម កឹម សុខា ជជែកជាមួយសម្តេចតេជោ ហើយបើតាមខ្ញុំដឹងប្រហែលជាមុនដំណាច់ខែ១២នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្ស ហើយនិងអគ្គលេខាធិការរង គ.ជ.ប»។

កាលពីថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេឃុំគណបក្ស សម រង្ស៊ី នៅខេត្តកំពង់ចាម លោក ស៊ាង ចែត ចំនូន៥ឆ្នាំ ក្នុងសំណុំរឿងសូកប៉ាន់សាក្សីពាក់ព័ន្ធអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។

មេឃុំរបស់គណបក្ស សម រង្ស៊ី ក្នុងខេត្តកំពង់ចាម លោក ស៊ាង ចែត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ដែលធ្វើឡើងទៅតាមចម្លើយនៅក្នុងលិខិតចំហរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលបានចោទលោកមេឃុំរូបនេះថា បានបញ្ចុះបញ្ចូលលួងលោមឲ្យនាងនិយាយកុហកសមត្ថកិច្ច អំពីរឿងទំនាក់ទំនងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា ដោយសន្យាថានឹងជួយឲ្យនាងបានទៅរស់នៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ