តុលាការផ្តន្ទាទោសមេដឹកនាំរណសិរ្យរំដោះជាតិខ្មែរនិងគូកនចន្លោះពី៥ទៅ៩ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសមេដឹកនាំរណសិរ្យរំដោះជាតិខ្មែរនិងគូកនជិត១០ឆ្នាំពាក់ព័ន្ធនឹងសំណុំរឿងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាកាលពីខែតុលា ឆ្នាំ២០១៤។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក សាន សុផាត នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទចំនួន១១នាក់ ឲ្យជាប់ពន្ធនាគារពី៥ឆ្នាំទៅ៩ឆ្នាំ ក្រោមបទចោទ រួមគំនិតក្បត់ និងសមគំនិត ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន។ ក្នុងចំណោមអ្នកទាំង១១នាក់នោះ មានប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ដែលកំពុងនិរទេសខ្លួននៅប្រទេសដាណឺម៉ាក់ ជាប់ពន្ធនាគារ៩ឆ្នាំ ពីបទសមគំនិត។

លោក សាន សុផាត បានប្រាប់ទៅជនជាប់ចោទទំាងអស់ថា បើមិនពេញចិត្តនឹងសាលាក្រមនេះ លោកថា ពួកគេមានសិទ្ធិប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តាមនីតិវិធីច្បាប់ ពោលមិនឲ្យលើសពី១ខែចាប់ពីថ្ងៃប្រកាសសាលក្រមនេះនោះទេ។

ភ្លាមៗក្រោយពីប្រកាសសាលក្រមនៅព្រឹកនេះ អ្នកសារព័ត៌មានបានសួរទៅជនជាប់ចោទទំាងនោះថា តើពួកគេពេញចិត្តនឹងសាលក្រមនេះដែរឬទេ?

ជនជាប់ចោទម្នាក់ក្នុងចំណោម១១នាក់ លោក ឡាក់ លីហេង ឆ្លើយប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងនេះជារឿងនយោបាយ ត្រូវតែដោះស្រាយតាមនយោបាយ។

លោកថា៖ «តុលាការបានផ្តន្ទាទោសខ្ញុំ៦ឆ្នាំ រឿងតុលាការជារឿងតុលាការ ពួកខ្ញុំជាអ្នកនយោបាយ ដោះស្រាយមានតែផ្លូវនយោបាយទេ មានតែសម្តេចទេ ដែលអាចដោះស្រាយពួកខ្ញុំបាន ហើយខ្ញុំបានផ្ញើលិខិតជូនសម្តេចរួចហើយ»។

កន្លងទៅប្រធានចលនារណសិរ្យរំដោះជាតិខ្មែរ លោក សម សេរី បានរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមាន៥ជំពូកនិង៥២មាត្រា ដោយគ្រោងនឹងបង្កើតរដ្ឋាភិបាលខ្មែរនិរទេសមួយ។ ក្រោយមកលោក សម សេរី បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក ដោយអំពាវនាវឱ្យប្រជាជនខ្មែរ នៅក្រៅប្រទេសទាំងអស់ ចូលរួមជាមួយរដ្ឋាភិបាលនិរទេសរបស់ខ្លួនផងដែរ។ ករណីនេះ ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា រួមគំនិតក្បត់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយត្រូវបានសមត្ថកិច្ចកម្ពុជាប្រកាសចាប់ខ្លួនរហូតដល់បច្ចុប្បន្ននេះ។

ក្រោយមកទៀត លោក សម សេរី ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត និងគូកនទាំង១០នាក់ទៀតពីបទរួមគំនិតក្បត់ ខណៈជនជាប់ចោទទំាង១០នាក់នោះ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ អំឡុងពេលពួកគេបានចូលរួមធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដោយមានការដុតទង់ជាតិវៀតណាម ការបាចត្រាក់ ក្នុងគោលបំណងអំពាវនាវឲ្យមានការផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ