ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global របស់ប្រទេសហូឡង់ ដែលទទួលបានសិទ្ធិប្រើប្រាស់ស្លាកយីហោ Nokia នៅលើទូរស័ព្ទនោះ នៅថ្ងៃនេះ បានប្រកាសបង្ហាញទូរស័ព្ទស្មាតហ្វូនដំបូងរបស់ខ្លួនជាមួយតម្លៃជាង ២៤០ដុល្លារ ដោយកំណត់យកទីផ្សារប្រទេសចិន។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការចេញទូរស័ព្ទថ្មីនេះ គូសបញ្ជាក់ឲ្យឃើញពីទូរស័ព្ទថ្មីដំបូងគេដែលបានភ្ជាប់ស្លាកយីហោដ៏ល្បីល្បាញចាប់តាំងពីឆ្នាំ២០១៤មក នៅពេលក្រុមហ៊ុន Nokia សម្រេចលក់សិទ្ធិទាំងមូលឲ្យក្រុមហ៊ុន Microsoft។
ក្រុមហ៊ុន HMD បានប្រកាសថា ទូរស័ព្ទថ្មី Nokia 6 នេះ ដំណើរការនៅប្រព័ន្ធ Android ហើយផលិតឡើងដោយក្រុមហ៊ុន Foxconn។ ទូរស័ព្ទនេះ នឹងត្រូវដាក់លក់លើទីផ្សារប្រទេសចិន តាមរយៈក្រុមហ៊ុន JD.com ដែលជាអ្នកលក់រាយនៅលើអនឡាញ។
Nokia ធ្លាប់គ្រប់គ្រងតំណែងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតនៅលើពិភពលោកប៉ុន្តែ បានបាត់បង់តំណែងនេះទៅក្រុមហ៊ុនដទៃវិញ ហើយបន្ទាប់មកងាកទៅប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft ក្រោមពាណិជ្ជសញ្ញា Lumia។
ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន Microsoft បន្តលក់ទូរស័ព្ទថោកៗក្រោមស្លាកយីហោ Nokia និងទូរស័ព្ទស្មាតហ្វូនម៉ូឌែល Lumia ជាស្លាកយីហោផ្ទាល់ខ្លួន ប៉ុន្តែ កាលពីឆ្នាំមុន ក្រុមហ៊ុននេះ បានបោះបង់ចោលជំនួញនេះស្ទើរតែទាំងស្រុង។
ក្រុមហ៊ុន HMD បានទិញសិទ្ធិបន្តកាលពីខែធ្នូកន្លងមក និងបានសិទ្ធិផលិតទូរស័ព្ទ និងកុំព្យូទ័របន្ទះក្រោមស្លាកយីហោ Nokia ឡើងវិញរយៈពេល ១ទសវត្សរ៍៕