ព្រះ​សង្ឃ​មួយ​អង្គ​ដុត​ព្រះ​កាយ​ក្នុង​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង

ព្រះ​សង្ឃ​ពុទ្ធ​សាសនា​មួយ​អង្គ បាន​រង​របួស​ធ្ងន់​ធ្ងរ បន្ទាប់​ពី​ដុត​ព្រះ​កាយ​​ទាំង​រស់​ អំឡុង​មហា​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ។ ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​កូរ៉េ​ខាង​ត្បូង។

ព្រះ​សង្ឃ​ដែល​ស្ថិត​ក្នុង​ព្រះ​ជន្ម​ខ្ទង់ ៦០​ឆ្នាំ និង​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឈ្មោះ​នោះ បាន​ដុត​ព្រះ​កាយ​កាល​យប់​ថ្ងៃ​ម្សិល​មិញ នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល ជា​ទី​ដែល​មនុស្ស​រាប់​ម៉ឺន​នាក់ បាន​បន្ត​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​នៅ​​សប្ដាហ៍​ទី ១១ ដើម្បី​ទាម​ទារ​ឲ្យ​អ្នកស្រី ផាក ចុះ​ចេញ​ពី​តំណែង។

ព្រះ​សង្ឃ​អង្គ​នោះ បាន​បន្សល់​ទុក​នូវ​កំណត់ហេតុ​មួយ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ប្រធានាធិបតី​រូប​នេះ ដែលកំពុង​រុំ​ព័ទ្ធ​ទៅដោយ​រឿង​អាស្រូវ​ពុក​រលួយ។

អ្នកស្រី ផាក ត្រូវ​បាន​សភា​បោះ​ឆ្នោត​ដក​អំណាច​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ប្រើ​ប្រាស់​ឥទ្ធិពល ដែល​ជំរុញ​ឲ្យ​មាន​កំហឹង​ពី​មហាជន និងផ្ទុះ​ការ​តវ៉ា​នៅ​ទូទាំង​ប្រទេស។

បើ​តាម​យ៉ុនហាប់ ព្រះ​សង្ឃ​អង្គ​នោះ ក៏​បាន​ចោទ​អ្នកស្រី ផាក ថា​ជា​ “ជន​ក្បត់​ជាតិ” ចំពោះ​ការ​ចុះ​ហត្ថលេខា​ជាមួយ​ជប៉ុន ដើម្បី​ដោះ​ស្រាយ​សំណង​សម្រាប់​ស្ត្រី​កូរ៉េ ដែល​ត្រូវ​បាន​ទាហាន​ជប៉ុន​ចាប់​យក​ទៅ​រំលោភ នៅ​អំឡុង​សង្គ្រាម​លោក​លើក​ទី២៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ