ទីបំផុតទៅ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយ៉ាំ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ នៅរសៀលថ្ងៃនេះ ដូចដែលបានគ្រោងទុក។
នៅទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញលោក តូនី តាន់ និងក្រុមមេដឹកនាំសិង្ហបុរីដទៃទៀត បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងប្រហែល ១រសៀលថ្ងៃនេះ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី០៤ ខែមករានេះថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃនៅកម្ពុជា មេដឹកនាំសិង្ហបុរីរូបនេះ គ្រោងចូលគាល់ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហមុនី មុននឹងលោកជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឯកសារកិច្ចព្រមព្រៀងចំនួន ២ ទាក់ទងនឹងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានក្រសួងការបរទេសកម្ពុជាប្រកាស គ្រោងនឹងចុះហត្ថលេខាអំឡុងដំណើរទស្សនកិច្ចនេះ៕