ពលរដ្ឋ​ម៉ិកស៊ិក​រាប់​ពាន់​នាក់​ចេញ​តវ៉ា​ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​ប្រេង

ពលរដ្ឋ​ម៉ិកស៊ិក​​ដែល​ខឹង​សម្បារ​ចំពោះ​ការ​ឡើង​ថ្លៃ​ប្រេង​សាំង​យ៉ាង​ខ្ពស់​នោះ នៅ​ថ្ងៃ​នេះ បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ម៉ិកស៊ិក ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បាតុកម្ម​នានា បានផ្ទុះ​ឡើង និង​បាន​លួច​ឆក់​ប្លន់​ហាង​លក់​ទំនិញ​រាប់​រយ​កន្លែង មុន​នឹង​ឈាន​ទៅចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters រដ្ឋាភិបាល​ម៉ិកស៊ិក​បាន​ដំឡើង​តម្លៃ​ប្រេង​​ពី ១៤ ទៅ ២០​ភាគរយ​នៅ​ដើម​ខែ​នេះ ដោយ​បាន​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ម៉ិកស៊ិក ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​កំណើន​អតិផរណា​រួច​ទៅ​ហើយនោះ។

Reuters បន្ត​ថា កំណើនតម្លៃ​ប្រេង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សេរីភាពតូបនីយកម្ម​ខាង​តម្លៃ​របស់​ប្រធានាធិបតី​ម៉ិកស៊ិក លោក ប៉េណា នីតូ ដែល​បាន​សន្យា​អនុវត្ត​នៅ​ឆ្នាំ។ ប៉ុន្តែ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជាច្រើន​របស់​រដ្ឋាភិបាល ដើម្បី​កែ​សម្រួល​តម្លៃ​ប្រេង​នេះ មិន​ត្រូវ​បាន​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ឡើយ។

អាជ្ញាធរ​ម៉ិកស៊ិក បាន​រាយការណ៍​អំពី​ការចាប់​ខ្លួន​មនុស្ស​ជាង ១៥០០​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ចាប់​តាំង​ពី​បាតុកម្ម​បាន​ផ្ទុះ​ឡើង នៅ​ពេល​តម្លៃ​ប្រេង​ចាប់​ផ្ដើម​ឡើង​ថ្លៃ​​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា​នេះ។ អាជ្ញាធរ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា ហាង​ទំនិញ​ជាង ៤០០​កន្លែង នៅ​កណ្ដាល​ទីក្រុង​ម៉ិកស៊ិក ត្រូវ​បាន​គេ​ឆក់​ប្លន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ