​លោក អូបាម៉ា និយាយ​ពី​សារៈ​សំខាន់​នៃ​សាមគ្គីភាព​ក្នុង​សារ​ចាក​ចេញ​របស់​លោក

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅ​ថ្ងៃ​នេះ បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សាមគ្គីភាព​របស់​ពលរដ្ឋ​ធម្មតាសម្រាប់​ការ​ផ្លាស់​ប្ដូរ នៅ​ក្នុង​សារមួយដែល​លោក អូបាម៉ា គ្រោង​នឹង​ថ្លែង​នៅ​ទីក្រុង​ឈីកាហ្កូ នៅ​សប្ដាហ៍​ក្រោយ សម្រាប់​ការចាកចេញ​ពី​សេតវិមាន​របស់​លោក នេះ​ដោយ​យោង​តាម​អត្ថបទ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រធានាធិបតី​ផុតអាណត្តិ​ជាច្រើន​រូប​របស់​អាមេរិក សុទ្ធ​តែ​បាន​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ចាក​ចេញ​ពី​តំណែង ដែល​ទម្លាប់​នេះ​មាន​តាំង​ពី​ឆ្នាំ​១៧៩៦ ជំនាន់​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ លោក ហ្សក វ៉ាស៊ីងតោន មក​ម៉្លេះ។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្ដាហ៍​ផ្សាយ​តាម​​វិទ្យុ​នោះ លោក អូបាម៉ា ថ្លែង​ថា នៅ​ក្នុង​អាជីព​របស់​លោក លោកជឿ​ជាក់​ថា នៅ​ពេល​មនុស្ស​សាមញ្ញ​ចេះ​ចូល​រួម និង​រួម​សាមគ្គី​គ្នា​ រឿង​រ៉ាវ​នានា​បាន​ផ្លាស់​ប្ដូរ​កាន់​តែ​ប្រសើរ។

លោក អូបាម៉ា បាន​និយាយ​ថា លោក​ជ្រើសរើស​ថ្លែង​សុន្ទរកថា​ចាកចេញ​ពី​តំណែង​នៅ​ទីក្រុង​ឈីកាហ្កូ នោះមិនមែន​ដោយសារ​តែ​ទីក្រុង​នោះ​​ជា​កន្លែង​ដែល​លោក​ជួប​ភរិយា​របស់​លោក និង​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​នោះ​ទេ ប៉ុន្តែ នោះ​ក៏​ព្រោះ​តែ​ទីនោះ គឺ​ជា​កន្លែង​ដែល​លោក​ចាប់​ផ្ដើម​បម្រើការងារ​សាធារណៈ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ