អាមេរិកអបអរថ្ងៃ​៧​មករា ខណៈលោក ហ៊ុន សែន ចោទអាមេរិកថា បង្ក​សង្គ្រាម​នៅ​កម្ពុជា

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន លើក​ដៃ​គ្រវី​ទៅ​អ្នក​គាំ​ទ្រ​លោក​នៅ​ក្នុង​ពិធី​រំឭក​ខួប​ ៣៩​ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចូលរួមអបអរសាទរ​ចំពោះ​ថ្ងៃ៧មករា បើទោះបី​ជា​​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ចោទ​អាមេរិក​ថា ស្ថិត​នៅ​ពី​ក្រោយ​នៃ​ភ្លើង​សង្គ្រាម​ស៊ីវិល និង​ការ​ឈាន​ទៅ​រក​របបខ្មែរ​ក្រហម​ដែល​បាន​កាប់​សម្លាប់​ប្រជាជន​កម្ពុជា​ក៏​ដោយ។

ស្របពេលកម្ពុជាប្រារព្ធខួបទី ៣៩ នៃថ្ងៃ​ជ័យជម្នះ ៧ មករា កាលពីថ្ងៃអាទិត្យម្សិលមិញ​នេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​ថា អាមេរិក​ចង់​ចាំ​​ជីវិត​មនុស្ស ២​លាន​នាក់ បាន​បាត់​បង់​អំឡុង​សម័យ​ខ្មែរ​ក្រហម ហើយ​មនុស្ស​រាប់​លាន​នាក់​ទៀត បាន​ទទួល​រង​ភាព​ឈឺ​ចាប់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ ស្ថានទូត​អាមេរិក បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​រំដោះ​ពី​របប​​ខ្មែរ​ក្រហម​ដ៏​ឃោឃៅ​ ហើយ​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ដំណើរ​របស់​ខ្លួន ឆ្ពោះ​ទៅ​អនាគត​ដ៏​ភ្លឺ​ស្វាង និង​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម។

ស្ថានទូត​អាមេរិក​បាន​សរសេរ​ថា​៖ «យើង​ក៏​អបអរ​សាទរ​ចំពោះ​ភាព​ប៉ិន​ប្រសព្វ ភាព​ក្លាហាន និង​ភាព​អត់​ធ្មត់ ដែល​ប្រជា​ជន​កម្ពុជា​បាន​ងើប​ចេញ​ពី​សម័យ​ខ្មៅ​ងងឹត កសាង​ប្រទេស​របស់​ពួកគេ​ឡើង​វិញ និង​ឆ្ពោះ​ទៅ​រក​ដំណើការ​ផ្សះផ្សា​ជាតិ»។

ប៉ុន្តែ នៅ​ក្នុង​ពិធី​រំឭក​ខួប ៣៩​ឆ្នាំ​នៃ​ថ្ងៃ ៧ មករា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​បន្ទោស​ទៅ​លើ​អាមេរិក​ថា បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ឈាន​ទៅ​រក​ការ​កាប់​សម្លាប់​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ពួក​ខ្មែរ​ក្រហម​​បាន​ឡើង​កាន់​អំណាច​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ពួកគេ​ត្រូវ​បាន​ផ្ដួល​រំលំ​ទៅ​វិញ​នៅ​ដើម​ឆ្នាំ​១៩៧៩។

លោក ហ៊ុន សែន ថ្លែងថា៖ «យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្ដរាយរបស់ជាតិ ដែលបណ្ដាលមកពីភ្លើងសង្គ្រាមដ៏សន្ធោរសន្ធៅ ដែលបង្កឡើងដោយរដ្ឋប្រហាររបស់ពួក លន់ នល់ នៅថ្ងៃទី១៨ ខែមីនាឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកឃាតក ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានធ្វើឲ្យកម្ពុជា បន្ទាប់ពីត្រូវបំផ្លាញដោយសង្គ្រាមរួចហើយនោះ បានក្លាយជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវបំផុត និងជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន»។

មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ​របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend C. Zwartjes បាន​ប្រាប់​វីអូឌី​តាម​រយៈ​សារ​អេឡិចត្រូនិច​ថា លោកមិនមានអ្វីថ្មី​សម្រាប់ជាការឆ្លើយតបនោះទេ ដោយថា ស្ថានទូតអាមេរិកបានបញ្ជាក់រួចហើយ កាលពីពេលកន្លងទៅ។

ក្នុងសន្និសីទសារព័ត៌មានមួយ​កាលពីខែកញ្ញាឆ្នាំ​មុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt បានសម្ដែង​ការសោកស្ដាយ ដែលកម្ពុជាទទួលរងផលប៉ះពាល់នៃសង្គ្រាមយ៉ាងធ្ងន់ធ្ងរ។ លោកថា អាមេរិក បានផ្ដល់ប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក ដើម្បីកម្ចាត់មីន ដែលសេសសល់ពីសង្គ្រាមនៅកម្ពុជា ដោយថា ក្នុងនោះ អាមេរិក ក៏បានជួយដោះមីន ដែលទម្លាក់ដោយប្រទេសចិន អតីត​សហភាព​សូវៀត និងវៀតណាមផងដែរ។

ទំនាក់ទំនងកម្ពុជា-អាមេរិក ស្ថិត​ក្នុង​ភាព​តានតឹងនៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០១៧​កន្លង​មក​នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទសហរដ្ឋអាមេរិក​ថា នៅ​ពីក្រោយអតីតគណបក្សសង្គ្រោះជាតិ ក្នុងគោលបំណងផ្ដួលរំលំរដ្ឋាភិបាល ដូចកាលពីសម័យសាធារណៈរដ្ឋ លន់ នល់។ ប៉ុន្ដែ អាមេរិកបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​ចាត់​ទុក​ថា ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​ប្រាស់​ចាក​ពី​ការ​ពិត​ទាំង​ស្រុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ