ការសម្រេចចិត្តផ្នែកនយោបាយ បានក្តោបទៅជាមួយកត្តាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកោសិកាសង្គម ប៉ុន្តែ បើការសម្រេចចិត្តផ្នែកនយោបាយខុស វានឹងជំរុញឲ្យប្រទេសជាតិ ជួបគ្រោះមហន្តរាយ។
របត់នយោបាយនៅពេលនេះ ត្រូវបានអ្នកតាមដានព្យាករថា កំពុងឈានទៅរកការបែកបាក់ជាតិ ដោយពួកគេថា ដោយសារតែ ចំណាត់ការរបស់រដ្ឋាភិបាល បង្កការគំរាមកំហែងសកម្មភាពអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ការបន្តឃុំខ្លួនលោក កឹម សុខា និងការរំលាយគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសជាដើម។
ប៉ុន្តែ នាយករដ្ឋមន្ត្រីកម្ពុជា និងជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងពិធីរំឭកខួប ៣៩ឆ្នាំនៃថ្ងៃជ័យជម្នះ ៧ មករា បានថ្លែងថា ចំណាត់ការកន្លងទៅ ជាការជោគជ័យរបស់បក្សកាន់អំណាច ដែលលោកថា បានរំលាយអង្គការចាត់តាំងបដិវត្តន៍ពណ៌ និងហាក់ឆ្លើយតបទៅនឹងសម្ពាធពីខាងក្រៅថា គ្មានបរទេសណាអាចមករារាំងដល់ការកំណត់ទិសដៅកម្ពុជាបានទេ។
បើទោះជា លោក ហ៊ុន សែន ថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែ ជាង ៤ខែមកនេះ គេសង្កេតឃើញ ទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសភាពអឺរ៉ុប បានឡើងកម្តៅឥតឈប់ ក្រោយពីប្រទេសទាំងនោះ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយថា បើបក្សកាន់អំណាច របស់កម្ពុជា មិនដោះលែង លោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដែលបានរំលាយទៅហើយនោះ អាចចូលរួមប្រកួតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨នេះបាននោះ។
ប៉ុន្តែ លោក ហ៊ុន សែន ធ្លាប់ផ្ញើសារជាមួយសម្តីធ្ងន់ៗតបទៅការដាក់សម្ពាធនេះវិញថា «ខ្មោចដែលស្លាប់ទៅហើយ កុំសង្ឃឹមថារស់វិញឲ្យសោះ»។
សំនួរសួរថា តើនរណាជាអ្នកទទួលផលពីជម្លោះនយោបាយនៅកម្ពុជា ?
នាយកប្រតិបត្តមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា ទំនិញនាំចេញរបស់កម្ពុជាក្នុងវិស័យកាត់ដេរ និងកសិកម្មជាង ៧០ភាគរយ ទៅលក់នៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបតាមរយៈប្រព័ន្ធអនុគ្រោះពន្ធ។ លោក ទំហំពាណិជ្ជកម្មនេះ បានបង្កើនសេដ្ឋកិច្ចជាតិ និងបង្កើតទីផ្សារការងារនៅក្នុងស្រុកដល់កម្មករជិត ១លាននាក់ផងដែរ។
លោក មឿន តុលា វិភាគថា បើបក្សកាន់អំណាចប្រកាន់ជំហរតឹងរឹង មិនស្វែងរកដំណោះស្រាយនយោបាយតាមការជំរុញយន្តការប្រជាធិបតេយ្យរបស់ប្រទេសលោកសេរីទេ លោកថា កម្មកររាប់ម៉ឺននាក់នឹងប្រឈមនឹងអត់ការងារធ្វើ ពីការបាត់បង់ទីផ្សារនៅអាមេរិក និងអឺរ៉ុបនេះដោយប្រយោល។
លោកថា៖ «បញ្ហារបស់យើង គឺបញ្ហាសេដ្ឋកិច្ចនឹងធ្លាក់ចុះ។ កាលណាសេដ្ឋកិច្ចធ្លាក់ចុះ មានផលប៉ះពាល់ដល់ការងាររបស់ពលរដ្ឋយើងជាង ១លាននាក់ និងអាចប៉ះពាល់ដល់ប្រាក់ខែមន្ត្រីរាជការអីទៀត។ អាហ្នឹង គឺជាចំណុចមួយដែលមេដឹកនាំយើងគួរតែគិត ជាពិសេសបើយើងប្រយោជន៍ជាតិជាធំ កុំយកប្រយោជន៍បក្ស ក្រុមគ្រួសារជាធំ ដាក់ប្រយោជន៍ជាតិជាធំវិញ គួរតែពិចារណាដោះស្រាយហ្នឹង ព្រោះឥឡូវហ្នឹង វាអត់ទាន់ហួសពេលទេ គេអត់ទាន់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅឡើយទេ»។
ប៉ុន្តែ លោក មឿន តុលា វិភាគថា សហគមន៍អន្តរជាតិទំនងជាមិនបណ្តោយឲ្យអ្នកនយោបាយមួយក្រុម ធ្វើព្យុះភ្លៀងនោះទេ ដោយថា ជាង ២៥ឆ្នាំមកនេះ ពួកគេបានចំណាយលុយច្រើនលានដុល្លារ ជំរុញយន្តការប្រជាធិបតេយ្យនៅកម្ពុជា តាមររយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងនានាស្តីពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។
លោកថា៖ «ខ្ញុំជឿថា មូលនិធិដែលគេជួយមករដ្ឋាភិបាលក្នុងការកសាងប្រព័ន្ធបោះឆ្នោត កសាងប្រព័ន្ធប្រជាធិបតេយ្យ អភិវឌ្ឍន៍ភូមិឃុំអីហ្នឹង។ អញ្ចឹង គេចំណាយលុយរាប់លានរាប់កោដិដុល្លារ ហើយរាប់ឆ្នាំមកហើយ ហើយខ្ញុំជឿថា ប្រទេសទាំងហ្នឹង គេនឹងច្បាស់ជាមិនបណ្តោយឲ្យរដ្ឋាភិបាលកម្ពុជាបំផ្លាញឫសគល់ប្រជាធិបតេយ្យតែមួយថ្ងៃពីរថ្ងៃហ្នឹងទេ»។
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO កាលពីខែមករាដើមឆ្នាំនេះ បានបង្ហាញថា វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង បានចូលរួមចំណែកដល់ទៅ ១១ភាគរយ ទៅក្នុងទំហំសេដ្ឋកិច្ចកម្ពុជាទាំងមូល។
ផលិតផលសម្លៀកបំពាក់ និងស្បែកជើង មានទំហំដល់ទៅ ៨០ភាគរយនៃទំនិញកម្ពុជាទាំងមូល ដែលត្រូវបាននាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត សហភាពអឺរ៉ុប គឺជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ពោលគឺស្មើនឹង ៤៣ភាគរយ ខណៈដែលសហរដ្ឋអាមេរិកឈរនៅលំដាប់ទី២ ឬស្មើនឹង ២៩ភាគរយ នៃទីផ្សារផលិតផលកាត់ដេររបស់កម្ពុជាទាំងមូល។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់ថា បើអ្នកនយោបាយខ្មែរនៅតែឈ្លោះគ្នា ដើម្បីតែការពារអំណាចរបស់បក្ខពួកតែរៀងៗខ្លួន ហើយភ្លេចគិតពីប្រយោជន៍ជាតិតាមរយៈនៃការជំរុញរបស់ម្ចាស់ជំនួយ លោកវិភាគថា ផលលំបាកនឹងធ្លាក់ទៅលើប្រជាពលរដ្ឋា ចំណែកផលចំណេញបានទៅលើប្រទេសជិតខាង។
លោកថា៖ «អ្នកដែលខាតបង់ គឺកម្ពុជាយើង ព្រោះយើងកំពុងតែស្ថិតនៅក្នុងឱកាសពង្រឹងសេដ្ឋកិច្ចរបស់យើង ជាពិសេសពេលដែលយើងហក់ចូលទៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុបបានយ៉ាងទូលំទូលាយ។ ប៉ុន្តែ ប្រសិនជាទីផ្សារទាំងអស់នោះ វាមានផលប៉ះពាល់ អញ្ចឹង ជាធម្មតាម ទេប្រទេសទាំងអស់ហ្នឹង គេត្រូវតែរកដៃគូផ្សេងទៀតហើយ អាចទៅប្រទេសជិតខាង»។
បើទោះបីជាប្រទេសលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គំរាមដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាក៏ដោយ ប៉ុន្តែមហាអំណាចកុម្មុយនីស្តិចិន បានប្រកាសគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល។
ប៉ុន្តែ អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី វិភាគថា បើទោះបីបក្សកាន់អំណាចមានមហាអំណាចចិននៅពីក្រោយក៏ដោយ ប៉ុន្តែ លោកថា ដង្ហើមសេដ្ឋកិច្ចពេលនេះ រដ្ឋាភិបាលមិនហក់ទៅឱបចិន ហើយដោះដៃពីលោកសេរីបាននៅឡើយទេ។
លោកថា៖ «ចិនជាអ្នកវិនិយោគ ប៉ុន្តែ អ្នកដែលទិញមិនមែនចិនទេ។ ចិនមិនមែនមកផលិតនៅស្រុកខ្មែរ ហើយដឹកយកទៅលក់នៅស្រុកចិនទេ។ គេដឹកទៅលក់នៅប្រទេសអ្នកមានដទៃទៀត ដូចជា នៅបច្ចិមប្រទេស[ប្រទេសសេរី]។ យើងឃើញថា ខ្មែរយើងគ្រាន់តែវិស័យកាត់ដេរមួយ យើងរកចំណូលពន្ធបានចង់ ៦០០ ទៅ ៧០០លានដុល្លារក្នុង១ឆ្នាំ។ អញ្ចឹង បើសិនជាមានការរអាក់រអួល ឬដាក់ទណ្ឌកម្មស្អីមួយនោះ យើងត្រូវខាតហើយ ខាត ១ឆ្នាំជិត ១ពាន់លានដុល្លាររៀងរាល់ឆ្នាំ ហើយដើម្បីសង្គ្រោះវិបត្តិថវិកាហ្នឹងបាន មានតែបង្កើនការហូតពន្ធនៅក្នុងស្រុក កាលណាយើងហូតពន្ធនៅក្នុងស្រុកច្រើន វាប៉ះអារម្មណ៍ពលរដ្ឋហើយ»។
របាយការណ៍ក្រសួងពាណិជ្ជកម្ម ចេញផ្សាយអំឡុងខែធ្នូឆ្នាំមុន បង្ហាញថា នៅឆ្នាំ២០១៦ កម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប។
របាយការណ៍ដដែលបង្ហាញទៀតថា ទំហំនៃការនាំចេញតាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម នៅឆ្នាំ២០១៧ បានកើនឡើងពីតម្លៃជាង ៨ពាន់ លានដុល្លារនៅឆ្នាំ២០១៦ ដល់ជាង ៩ពាន់លានដុល្លារនៅឆ្នាំ២០១៧ ជាមួយសន្ទុះកំណើនជាង ១៩ភាគរយ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ពន្យល់ថា បើអ្នកនយោបាយខ្មែរប្រកួតគ្នាយកស្លាប់រស់ ដូចពីអតីតកាល លោកថា ប្រទេសជាតិនឹងជួបគ្រោះមហត្តរាយ ហើយថា អ្នកចំណេញពីជម្លោះផ្ទៃក្នុងរបស់កម្ពុជា គឺប្រទេសជិតខាង ដែលលោកថា តាមប្រវត្តិសាសន៍ ពេលខ្មែរឈ្លោះគ្នា ប្រទេសថៃ និងវៀតណាម បានចំណេញទាំងសេដ្ឋកិច្ច ចំណេញទាំងរំកិលព្រំដែន៕