លោក ហ៊ុន សែន នឹង​ជួបសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​នៅអាមេរិក​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ជួប​ជាមួយសំណេះសំណាល​ជាមួយ​​ប្រជា​ពលរដ្ឋខ្មែរ​ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នៅពេល​​លោក​ទៅ​បំពេញទស្សនកិច្ចនៅពាក់កណ្តាល​ខែ​​កុម្ភៈខាងមុខ​នេះ។

នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយនៅថ្ងៃចន្ទនេះ​ ក្រសួងការបរទេសកម្ពុជា​បានបញ្ជាក់ថា​លោក​ ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ចរយៈ​ពេល​ពីរថ្ងៃ គឺនៅថ្ងៃទី​១៥ដល់ថ្ងៃទី​១៦ខែកុម្ភៈ តាមការ​អញ្ជើញចូលរួម​របស់ប្រធានាធិបតីអាមេរិក​សម្រាប់ចូលរួម​កិច្ច​​ប្រជុំកំពូល​ពិសេសអាស៊ាន​អាមេរិក ដែលនឹងធ្វើឡើង​នៅ​រដ្ឋកា​លីហ្វរញ៉ា។​ គណៈប្រតិភូអមនាយករដ្ឋមន្រ្តី​មាន​លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ លោក​ អូន​ ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ លោក លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ​ និង​សមាជិករដ្ឋាភិបាល​ដទៃទៀត។​

បើតាមសេចក្តីប្រកាស​ព័ត៌មាន លោក ហ៊ុន សែន នឹង​ជួប​ជាមួយ​ប្រជា​ពលរដ្ឋខ្មែរ​រាប់រយនាក់​មកពីគ្រប់ទី​កន្លែង​នៅ​សហរដ្ឋអា​មេរិក។ សេចក្តីប្រកាស​ព័ត៌មានមិ​ន​បាន​បញ្ជាក់ថា​តើ​លោក ហ៊ុន សែន​ នឹង​ជួប​ទ្វេភាគីពិភាក្សា​ជាមួយ​លោកប្រធានាធិបតី អូបាម៉ា​​ឬ​យ៉ាងណា​នោះទេ។​

ចំណែក​ប្រជា​ពលរដ្ឋខ្មែរ​អាមេរិកកាំងមួយចំនួន​បាន​ប្រកាសជាថ្មី​ថា​ខ្លួន​នឹង​ធ្វើបាតុកម្មនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ចនៅសហ​រដ្ឋអាមេរិក​ បើទោះ​ជា​លោក សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ។​

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ចេញផ្សាយនៅថ្ងៃ​ចន្ទនេះ​ លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម មានប្រសានស៍ថា​ថ្មីៗនេះ មេដឹកនាំគណបក្ស​នយោបាយ​នានា​បាន​ វាយប្រហារ​និង​ចោទប្រកាន់គ្នាទៅវិញទៅមក​ក្នុងន័យ​បង្កឧបសគ្គ​ឬរារាំង​និង​បំបែក​ទំនុកចិត្ត​ពលរដ្ឋខ្មែរ​អាមេរិកាំង​កុំឲ្យ​ចូលរួមធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន។​ លោក​បញ្ជាក់​ថា៖ “ការធ្វើបាតុកម្ម​នឹង​ប្រព្រឹត្តទៅតាមការគ្រោង​ទុក​ដោយ​ពុំមានការអាក់ខានឡើយ ហើយ​សូមបញ្ជាក់​ថា​អង្គការ​យើងខ្ញុំ​ជាអង្គការ​ឯករាជ្យ​មិនពាក់ព័ន្ធ​គណបក្ស​នយោបាយណាមួយឡើយ”។​ បើតាមសេចក្តីថ្លែងការណ៍នោះ អ្នកចូលរួម​ធ្វើបាតុកម្ម​នឹង​ដាក់​ញត្តិស្តីពី​ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា​និង​ការចាប់ដាក់គុក​នូវក្រុមសកម្មជនប្រជាធិបតេយ្យ។

លោក ទូច វិបុល បាន​លើក​ឡើង​ថា​៖ “ប្រាកដណាស់ ជាង​៣០ឆ្នាំ​ ក្រោមការគ្រប់គ្រងរបស់​លោក ហ៊ុន សែន បានធ្វើ​ខ្លួន​ជាជនមិនគួរ​ឲ្យ​ទុកចិត្ត​បាន សម្រាប់​ពលរដ្ឋខ្មែរ។ លោក ហ៊ុន សែន ជា​ជនរងគ្រោះ​ថ្នាក់បំផុត​​ដល់សង្គមកម្ពុជា ជាពិ​សេស​ជាជនរងគ្រោះដល់សន្តិសុខ​ក្នុងតំបន់ASEANដែលយើង​ទាំងអស់គ្នា​មិនត្រូ​វការមេដឹកនាំ​រូបនេះ​ទៀតឡើយ”

កាលពីសប្តាហ៍មុន លោក សម រង្ស៊ី ដែលកំពុង​គេចពីការចាប់ខ្លួន បាន​ថ្លែង​ពីសហរដ្ឋអាមេរិក​​មកថាលោកមិនគាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នោះទេ ហើយ​លោក​ប្រកាស​មិនទទួល​ស្គាល់​សកម្មភាព​អ្នក​ដែល​នៅ​តែ​ចូល​រួម​​ធ្វើ​បាតុកម្មនេះ​។​ លោក​ថ្លែង​ថា​៖ “រឿងបាតុកម្ម​ គណបក្ស​សង្រ្គោះជាតិ​គឺ​សូម​ឲ្យ​បងប្អូន​ផ្អាក​ទាំងអស់ គម្រោងធ្វើបាតុកម្ម​នៅទីណា​ក៏ដោយ ពីព្រោះការធ្វើបាតុកម្មនេះ​ វាអត់​មានចំណេញ​អ្វី ខាត។ អ្វីដែល​យើង​ចង់បានជា​អាទិភាព​ ការបោះឆ្នោត​ ហើយ​យើង​ចូល​ក្នុងអន្ទ្រាក់គេហើយ​ បើយើងចូលធ្វើបាតុកម្ម គេមានលេស គេប្រើអំពើហិង្សា​ សភាពការណ៍តានតឹង វាកាន់តែកើនឡើង អាហ្នឹង​វាមិនដឹងជា​ទៅណា…”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ