វ៉ាន់ ចាន់វ៉េត ខ្ទាំឆ្អឹងជំនី ក្រោមដៃថៃថ្ងៃសែនចិន​

ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង​កីឡាករ វ៉ាន់ ចាន់វ៉េត ជាមួយ​កីឡាករ​ថៃ ផា យ៉ាក់ឡេក (រូបភាព៖ សុខ ឆាយ)

កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។

ការប្រកួតមួយនេះត្រូវគេកត់សម្គាល់ថា មានអ្នកទស្សនាកកកុញមិនចាញ់ថ្ងៃប្រកួតអន្តរជាតិសព្វដងនោះទេ បើទោះជាព្រឹកថ្ងៃប្រកួតនោះគឺថ្ងៃដែលពលរដ្ឋសែស្រឡាយចិនរាប់ម៉ឺននាក់មមាញឹកនឹងការសែនព្រែនឆ្លងឆ្នាំថ្មីតាមប្រពៃណីជនជាតិចិន។ ការប្រកួតរបស់ វ៉ាន់ ចាន់វ៉េត ជាមួយនឹងកីឡាករថៃគឺជាគូប្រកួតដែលមានអ្នកទស្សនាជក់ចិត្តជាងគេ ដោយសារតែការប្រកួតគូនេះគឺកីឡាករថៃគ្រាន់តែបើកឆាកភ្លាមក៏បញ្ចេញថ្វីដៃធ្វើឲ្យកីឡាករកម្ពុជាទ្រោមខ្លួនតែម្ដង។ កីឡាករ ផា យ៉ាក់ឡេក (Pha Yaklek) ដែលជាភាគីខាងថៃត្រូវគេកត់សម្គាល់ថាល្អជើង និងកណ្ដាប់ដៃហួសពីការស្មាន ដោយអាចនិយាយបានថា ទោះជា វ៉ាន់ ចាន់វ៉េត ស្ទុះចូលច្រកណាក៏គេចមិនផុតនោះដែរ។

នេះជាលើកទី១ដែលកីឡាករកម្ពុជារូបនេះត្រូវប្រកួតជាមួយបរទេស ហើយចូលមិនចុះជាមួយនឹងដៃគូ។ យ៉ាងណាក៏ដោយ ជើងខ្លាំងរូបនេះមិនបានចុះចាញ់នោះទេ គឺនៅតែប្រឹងស្ទុះចូល ទើបធ្វើការប្រកួតទាំងមូលពោរពេញដោយការចាប់អារម្មណ៍ ជាពិសេសក្នុងចំណោមអ្នកទស្សនាដោយផ្ទាល់។ យ៉ាងហោចជាងពាក់កណ្ដាលត្រូវគេឃើញស្រែកហ៊ោកញ្ជ្រៀវផង និងមានអ្នកស្រែកបន្ទរវ៉ូងវ៉ាងផង នៅពេលកីឡាករកម្ពុជា និងថៃកាន់តែឡើងកម្ដៅដាក់គ្នា។ ក្នុងទឹកទី២ កីឡាករថៃ ផា យ៉ាឡេក បានប្រើរន្ទះជើងដ៏រហ័សរបស់ខ្លួនទាត់ត្រូវឆ្អឹងជំនីរបស់កីឡាករកម្ពុជាឡើងជាំក្រហម ដែលបង្ខំឲ្យកីឡាករកម្ពុជាឆេះកំហឹងហើយប្រឹងលោតកញ្ជ្រោលតតាំង។ ប៉ុន្តែជំហានតស៊ូរបស់ វ៉ាន់ ចាន់វ៉េត ទទួលបានផ្លែផ្កាតិចណាស់ដោយសារតែកីឡាករថៃគូនេះ កណ្ដាប់ដៃក៏ខ្លាំង ហើយបើនិយាយពីកម្លាំងទាត់ធ្វេងស្ដាំ គឺមិនមានមួយជើងណាមួយដែលមិនធ្វើឲ្យក្រហមឆ្អឹងជំនីរបស់កីឡាករកម្ពុជានោះទេ។

ក្នុងទឹកទី៣ និងទី៤ កីឡាករ វ៉ាន់ ចាន់វ៉េត កាន់តែបង្ហាញការតស៊ូ ហើយក៏ជាលទ្ធផលដែលធ្វើឲ្យឆ្អឹងជំនីរបស់គេឡើងក្រហមច្រាលស្ទើរសព្វកន្លែងនោះដែរ ដោយសំឡេងទាត់របស់កីឡាករថៃត្រូវគេឮមិនចាញ់សំឡេងគេយកដំបងគោះតុនោះទេ ហើយក៏មានការកោតសរសើរមិនតិចដែរ ដែលកីឡាករកម្ពុជាគូនេះនៅតែរុលដើរចូល បើទោះជាត្រូវកីឡាករថៃទាត់ឡើងខ្ទាំឆ្អឹងជំនី ជាពិសេសគឺផ្នែកខាងឆ្វេងមានសភាពជាំក្រហមយ៉ាងខ្លាំង។

​កីឡាករ វ៉ាន់ ចាន់វ៉េត ចាញ់​​កីឡាករ​ថៃ ផា យ៉ាក់ឡេក ដោយ​ពិន្ទុ (រូបភាព៖ សុខ ឆាយ)
​កីឡាករ វ៉ាន់ ចាន់វ៉េត ចាញ់​​កីឡាករ​ថៃ ផា យ៉ាក់ឡេក ដោយ​ពិន្ទុ (រូបភាព៖ សុខ ឆាយ)

វ៉ាន់ ចាន់វ៉េត បានក្លាយជាអ្នកចាញ់កីឡាករថៃទាំងអស់ចិត្ត បន្ទាប់ពីពេញ៥ទឹកគេបានប្រើអស់សមត្ថភាព ហើយបានបន្សល់នូវស្ថានភាពឡើងជាំឆ្អឹងជំនីឆ្វេងស្ដាំពេលចុះពីរេញ។ នេះជាការប្រកួតមួយដែលគេកត់សម្គាល់ថា កីឡាករកម្ពុជាពិតជាបានបង្ហាញឲ្យឃើញនូវភាពស្វាហាប់យ៉ាងខ្លាំង ទោះជាបានដឹងថាគូប្រកួតរបស់ខ្លួនខ្លាំងក្លាទៅហើយ ក៏នៅតែប្រឹងពុះពារមិនចុះចាញ់មុនចប់ទឹកទី៥ ឬគ្រាន់តែកំដរកីឡាករថៃឲ្យដល់ទឹកទី៥។ ក្រុមគ្រូពេទ្យបានអះអាងថា សភាពឆ្អឹងជំនីរបស់ វ៉ាន់ ចាន់វ៉េត  ពិតជាត្រូវខ្ទាំខ្លាំង និងអាចសម្រាកព្យាបាលមិនតិចថ្ងៃនោះទេ ដោយសារតែកម្លាំងទាត់ដ៏ខ្លាំងៗ និងចំគោលដៅរបស់ ផា យ៉ាកឡេក។ ប៉ុន្តែកីឡាកររូបនេះ ក៏បានបន្សល់នូវទិដ្ឋភាពតស៊ូធ្វើឲ្យមហាជនលើកមេដាយសរសើរនោះដែរ បន្ទាប់ពីការប្រកួតត្រូវបញ្ចប់។

ការប្រកួតគូនេះបើផ្អែកលើប្រវត្តិឡើងរេញ កីឡាករ វ៉ាន់ ចាន់វ៉េត ធ្លាប់ប្រកួតបាន៨៨លើក ឈ្នះ៦៣លើក ចាញ់១៥លើក និងស្មើ៣លើក ឯកីឡាករថៃ ទើបតែប្រកួតបាន៦៧លើក ឈ្នះ៥៧លើក និងចាញ់១០លើក ប៉ុណ្ណោះ។ យ៉ាងណាក៏ ដោយគេមើលឃើញថាកីឡាករថៃល្អជាងគ្រប់ស្នៀត ជាពិសេសទាត់តែម្ដងគឺកម្លាំងទាត់មួយជើងៗរបស់គេមិនខុសពីកាន់ដំបងទម្ងន់១០គីឡូសំពងទៅលើឆ្អឹងជំនីរបស់វ៉ាន់ ចាន់វ៉េត នោះឡើយ។ កីឡាករហែរហមកីឡាករកម្ពុជារូបនេះចុះពីរេញបានលើកឡើងជាច្រើនពីការភ័យបារម្ភដែលបង្កពីសភាពខ្ទាំឆ្អឹងជំនីរបស់ វ៉ាន់ ចាន់វ៉េត នៅ ក្រោយពេលប្រកួត។

ងាកទៅកាន់ការប្រកួតគូអន្តរជាតិមួយគូទៀត កីឡាករ ព្រំ សំណាង បានក្លាយជាឈ្នះពិន្ទុកីឡាករថៃឈ្មោះ ឃូបា (Khuo Ba)  យ៉ាងធូរ ដោយសារកីឡាករថៃរូបនេះ ហាក់មិនសូវច្បាស់ស្នៀតណាមួយដូចកីឡាករ ផា យ៉ាក់ឡេក ខាងលើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ